ផ្លែអំពិលទុំ មិនត្រឹមអាចយកទៅប្រើប្រាស់បានច្រើនមុខទេ ថែមទាំងជាផ្លែឈើជំរុញដល់សុខភាពទៀតផង។ វាមានរសជាតិជូរអែម អាចហូបដោយផ្ទាល់ ឬ ធ្វើជាភេសជ្ជៈអំពិលទុំក៏បាន។  គេក៏ច្រើនយកវាធ្វើជាទឹកគ្រឿងជ្រលក់ជាមួយនឹងម្ហូបផ្សេងៗ ជាពិសេសត្រីអាំងតែម្តង និងជាគ្រឿងផ្សំម្ហូបសម្លមួយចំនួនទៀតផងដែរ។

អ្នកដឹងទេផ្លែអំពិលក៏ជាប្រភពនៃសារធាតុចិញ្ចឹមយ៉ាងច្រើនសំបូរបែបដែរ រាប់តាំងពី វីតាមីន សារធាតុរ៉ែ សារធាតុប្រឆាំងជាតិពុល និងសារធាតុសរសៃជាដើម។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពមួយចំនួនទទួលបានពីផ្លែអំពិលទុំ៖

១. ប្រឆាំងបញ្ហាហើមរលាកនៃកោសិកា

ការហើមរលាក ជាការឆ្លើយតបនៃប្រព័ន្ធភាពសុំាតាមរយៈកោសិកាឈាមស និង សារធាតុគីមីពិសេសមួយចំនួនទប់ទល់ប្រឆាំងនឹងមេរោគ ឬកត្តាខាងក្រៅផ្សេងៗ ដែលអាចបង្កហានិភ័យដល់សុខភាពនៃរាងកាយ។ ការហើមរលាកជាប្រភពឬសគល់នៃជំងឺរុំារ៉ៃជាច្រើនដូចជា ជំងឺវង្វេងវង្វាន់ ជំងឺហឺត ជំងឺមហារីកជាដើម។

របបអាហារសំបូរសារធាតុប្រឆាំងជាតិពុល Antioxidant និងសារធាតុ Polyphenol ត្រូវបានគេសិក្សារកឃើញថា ពួកវាបានចូលរួមចំណែកដល់ការកាត់បន្ថយបញ្ហាហើមរលាកនៃកោសិការុំារ៉ៃយ៉ាងសកម្ម។ ហេតុនេះយើងអាចទទួលសារធាតុទាំងពីរនេះពីផ្លែអំពិលទុំបាន។

រូបតំណាង

២. ប្រឆាំងនឹងមេរោគ

ផ្លែអំពិលទុំមានផ្ទុកសារធាតុប្រឆាំងមេរោគមួយចំនួន ដែលបានចូលរួមចំណែកកំចាត់ និងកាត់បន្ថយការបង្ករោគនៃពពួកមេរោគដូចជាបាក់តេរី និង វីរុស។

ការសិក្សាដែលបានបោះពុម្ពផ្សាយក្នុង Internation Journal of Molecular Sciences បានឲ្យដឹងថា សារធាតុពិសេសម៉្យាងនៃផ្លែអំពិលបានបង្ហាញសកម្មភាពប្រឆាំងនិងកំចាត់ពពួកបាក់តេរីនៃប្រព័ន្ធរំលាយអាហារដូចជា E.Coliដែលបង្កជំងឺរលាកដំបៅក្រពះ និង Salmonella ដែលបង្កជំងឺរាគមួលរុំារ៉ៃ។ 

រូបតំណាង

៣. ល្អសម្រាប់សុខភាពនៃបេះដូង

ជំងឺបេះដូង បាននិងកំពុងក្លាយជាបញ្ហាសុខភាពដែលមានអត្រានៃអ្នកជំងឺ១នាក់រៀងរាល់១នាទី ទូទាំងពិភពលោក។

ការស្រាវជា្រវមួយចំនួនបានរកឃើញថា ផ្លែអំពិលមានអត្ថប្រយោជន៍សម្រាប់សុខភាពនៃបេះដូង ដោយសារវាបានជួយកាត់បន្ថយកត្តាហានិភ័យដែលបង្កជំងឺបេះដូង ដូចជា សារធាតុកូលេស្តេរ៉ុល និងខ្លាញ់ជាដើម។

ការសិក្សានៃ សាកលវិទ្យាល័យDhaka នៅប្រទេសបង់ក្លាដែសបានបោះពុម្ពផ្សាយតាម Pakistan Journal of Pharmaceutical Sciences ឲ្យដឹងថា ការបរិភោគផ្លែអំពិលបានចូលរួមចំណែកកាត់បន្ថយបរិមាណនៃកូលេស្តេរ៉ុលមិនល្អគួរឲ្យកត់សម្គាល់ និងបានជួយរក្សាសម្ពាធឈាមក្នុងកម្រិតធម្មតាទៀតផង។

រូបតំណាង

៤. ប្រភពនៃម៉ាញេស្យូម

ផ្លែអំពិលទុំ ជាប្រភពនៃសារធាតុរ៉ែម៉ាញេស្យូមដ៏សំខាន់ ដើរតួនាទីជាច្រើនផ្នែកដល់ការកំណត់លក្ខខណ្ឌនៃសុខភាព។ សារធាតុរ៉ែមួយប្រភេទនេះអាចចូលរួមចំណែកដល់ដំណើរការនៃការបង្កើតជាលិកាឆ្អឹង ត្រួតពិនិត្យចង្វាក់បេះដូង ជំរុញដល់ការកន្ត្រាក់សាច់ដុំ និងរក្សាកម្រិតជាតិស្ករជាដើម។

ដូច្នេះបំពេញរបបអាហារ ជាមួយផ្លែអំពិលទុំដើម្បីសុខភាពរាងកាយរបស់លោកអ្នក៕

រូបតំណាង
អត្ថប្រយោជន៍នៃផ្លែអំពិលទុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]