ជាការពិតណាស់កត្តាដែលនាំឲ្យកូនៗរបស់អ្នកមានសភាពធាត់លើសទម្ងន់ គឺអាចបណ្ដាលមកពីកត្តាជាច្រើនដូចជាបែបបទនៃការរស់នៅ បញ្ហាផ្លូវចិត្ត និងប្រវត្តិគ្រួសារជាដើម។ លើសពីនេះទៀត កត្តាធំៗពីរដែលនាំឲ្យកូនរបស់អ្នកធាត់លើសទម្ងន់ គឺបណ្ដាលមកពីការញ៉ាំច្រើនពេក និងមិនសូវហាត់ប្រាណ។ តួយ៉ាងបើអ្នកមិនបានយកចិត្តទុកដាក់ចំពោះកូនៗលើបញ្ហានេះទេ នោះវាអាចនឹងឈានទៅរកជម្ងឺបេះដូង ហឺត និងជម្ងឺដ៏កាចសាហាវផ្សេងៗទៀតជាដើម។ 

ដូចនេះការរៀបរាប់ខាងក្រោមនឹងប្រាប់អ្នកអំពីមូលហេតុចម្បង ដែលកូនរបស់អ្នកធាត់លើសទម្ងន់ និងដំណោះស្រាយងាយៗ។ 

១. បណ្ដាលមកពីហ្សែន

អ្នកទាំងអស់គ្នាប្រាកជាបានយល់ដឹងខ្លះៗហើយថាហ្សែន គឺជាដំណើរការជីវសាស្រ្តមួយដែលឪពុកម្ដាយមានហ្សែនម្យ៉ាងហើយផ្តល់ផលតទៅដល់កូន។ ពិតណាស់វាដូចគ្នាទៅនឹងហ្សែនធាត់លើសទម្ងន់ផងដែរ។ ដោយយោងទៅតាមការសិក្សាស្រាវជ្រាវ ហ្សែនខាងលើនេះ គឺចាត់ទុកជាប្រភេទហ្សែនខ្លាំង។ ដូចនេះហើយ ក្មេងណាដែលមានឪពុកម្ដាយមានហ្សែនធាត់លើសទម្ងន់ នោះពួកគេមុខជាទទួលរងនូវបញ្ហារឿងទម្ងន់ដូចគ្នា។ មិនតែប៉ុណ្ណោះភាគច្រើនក្មេងៗ គឺអាចជួបនូវបញ្ហារឿងលើសទម្ងន់ហ្សែនតពីឪពុកម្តាយធាត់ ច្រើនជាងក្មេងដែលមានឪពុកម្ដាយមានសុខភាពធម្មតា ឬមិនធាត់។

២. ការញៀនញ៉ាំអាហារមិនល្អ 

រូបតំណាង

អ្នកដឹងទេថាការញៀនញ៉ាំអាហារមិនល្អអ្វីខ្លះ ដែលនាំឲ្យកូនអ្នកអាចធាត់លើសទម្ងន់បាន? ពិតណាស់អាហារមិនល្អ ដែលនាំឲ្យកូនអ្នកអាចធាត់លើសទម្ងន់បាន គឺមានដូចជាបឺហ្គឺរ ភីស្សា កូកា ដំឡូងបារាំង គ្រឿងនំកញ្ចប់ និងសូកូឡាជាដើម។ល។ អ្នកត្រូវដឹងថាអាហារទាំងនោះ គឺមានផ្ទុកនូវជាតិស្ករ និងជាតិញៀនខ្ពស់ ដែលធ្វើឲ្យកូនៗអ្នកឃ្លានញ៉ាំហើយចង់ញ៉ាំទៀត ឬញ៉ាំមិនចេះឆ្អែតនេះឯង។ ដូចនេះបញ្ហាខាងលើ គឺរឹតតែធ្វើឲ្យកូនៗរបស់អ្នកជួបនូវហានិភ័យធាត់លើសទម្ងន់ផងដែរ។ គួរឲ្យសោកស្ដាយផងដែរ បើតាមការសិក្សាបានឲ្យដឹងថា ការញៀនញ៉ាំអាហារមិនល្អទាំងនេះ គឺកំពុងតែមានការកើនឡើងខ្លាំងទាំងមនុស្សចាស់ និងក្មេង។ ដើម្បីដោះស្រាយបញ្ហាខាងលើបានអ្នកគួរតែឲ្យកូនៗញ៉ាំអាហារល្អទាំងនេះវិញដូចជា៖

• បន្លែស្រស់ និងផ្លែឈើ
• សាច់ដែលមានប្រូតេអីនដូចជាត្រី និងសាច់មាន់
• ផឹកទឹកដោះគោ ឬ យ៉ាអ៊ួប្រភេទណាដែលមានជាតិស្ករទាប។

៣. អាំងស៊ុយលីន

អ្នកប្រាកដជាដឹងហើយថាអាំងស៊ុយលីន គឺជាប្រភេទអរម៉ូនដែលគ្រប់គ្រងផ្ទុកនូវកម្លាំងថាមពល។ រឺក៏អាចនិយាយឲ្យសាមញ្ញបានថា វាមានតួនាទីប្រាប់ទៅកោសិកាខ្លាញ់ឲ្យផ្ទុកនូវជាតិស្ករបន្ថែម ដែលជាហេតុនាំឲ្យអ្នកកើនទម្ងន់។ ដូចនេះនៅពេលដែលក្មេងៗញ៉ាំអាហារមិនល្អដូចដែលបានរៀបរាប់ខាងលើ នោះជាតិកាឡូរី ឬជាតិស្ករទាំងនោះនឹងធ្វើឲ្យអាំងស៊ុយលីនកើនឡើងខ្ពស់ជាលំដាប់ និងជាហេតុធ្វើឲ្យកម្លាំងថាមពលដែលផ្ទុកនូវជាតិខ្លាញ់ទាំងនោះក៏ច្រើនទៅតាមនោះដែរ។ តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា កាលណាអាំងស៊ុយលីនកើនឡើងខ្ពស់ជាលំដាប់ នោះការធាត់លើសទម្ងន់ក៏កើនឡើងដែរ។ ដូចនេះដើម្បីដោះស្រាយបញ្ហាខាងលើបាន អ្នកគួរតែព្យាយាមឲ្យកូនៗអ្នកញ៉ាំអាហារដែលមានជាតិសរសៃហ្វៃបឺឲ្យបានច្រើន និងកាត់បន្ថយការញ៉ាំអាហារដែលមានជាតិស្ករខ្ពស់។ 

៤. មិនសូវហាត់ប្រាណ

រូបតំណាង

ពិតណាស់ការហាត់ប្រាណ គឺពិតជាមានសារៈសំខាន់សម្រាប់សុខភាពរាងកាយ ជាពិសេសវាជួយដុតជាតិកាឡូរីនៅក្នុងខ្លួន ដែលអាចជួយឲ្យសម្រកជាតិខ្លាញ់បានយ៉ាងល្អប្រសើរ។ ប៉ុន្តែពិតជាគួរឲ្យសោកស្ដាយណាស់ដែលក្មេងៗ បច្ចុប្បន្នមិនសូវមានការអនុវត្តនូវការហាត់ប្រាណដែលជាហេតុនាំឲ្យមានបញ្ហារឿងទម្ងន់។ ពីព្រោះពួកគេបានជ្រើសរើសយកការលេងហ្គេម ឬលេងទូរស័ព្ទដោយជំនួយឲ្យការហាត់ប្រាណទៅវិញ។ ដូចនេះស្ថានភាពខាងលើនេះ គឺពិតជាធ្ងន់ធ្ងរណាស់ដែលនាំឲ្យកូនលោកអ្នកកាន់តែឡើងទម្ងន់ ឬអាចធាត់លើសទម្ងន់។ ដើម្បីដោះស្រាយបញ្ហាខាងលើបានអ្នកគួរតែជំរុញកូនឲ្យ៖

• ជំរុញឲ្យហាត់ប្រាណក្នុងមួយថ្ងៃឲ្យបានមួយម៉ោង ឬលើសពីនេះក៏ជាការប្រសើរ
• ជំរុញឲ្យកូនៗហាត់កីឡាប្រភេទណាដែលពួកគេចូលចិត្ត។ ឧ. ការហែលទឹក លេងបាល់ ។ល។ ធ្វើយ៉ាងណាកុំឲ្យពួកគេទំនេរ ពីព្រោះកាលណាពួកគេមានពេលទំនេរ នោះធ្វើឲ្យអារម្មណ៌ពួកគេមានចំនង់ខាងអាហារ ឬឃ្លានច្រើន
• ព្យាយាមបង្កើនពេលវេលាលំហែកាយដើរលេងជាលក្ខណៈគ្រួសារ ដោយការឡើងភ្នំ ឬជិះកង់ជាដើម

• ព្យាយាមឲ្យកាត់បន្ថយការលេងទូរស័ព្ទដៃ ឬមើលទរទស្សន៍មកត្រឹមមួយម៉ោងក្នុងមួយថ្ងៃ និងមិនឲ្យលើសពីនេះឡើយ ៕ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]