« ខ្ញី » គឺជាគ្រឿងផ្សំដែលចាំបាច់នៅក្នុងផ្ទះបាយ ដោយអាចយកមកចម្អិន និងបន្ថែមរសជាតិនៅក្នុងម្ហូបចំណីអាហារមួយចំនួន ថែមទាំងអាចជំនួយសុខភាពបានច្រើនយ៉ាងស្ទើរតែមិនគួរឱ្យជឿ គ្រាន់តែទទួលទានវាជាប្រចាំ។

ក្រៅពីគុណប្រយោជន៍នៅក្នុងការទទួលទាន ខ្ញីថែមទាំងសម្បូរសារធាតុសំខាន់ៗជំនួយស្បែកនៅខាងក្រៅផងដែរ ដែលរួមមានដូចជា៖

- មានសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក
- អាចជួយកម្ចាត់ស្នាមខ្មៅដោយកម្តៅថ្ងៃ ស្នាមអុច អាចម៍រុយ ស្នាមមុន និងស្នាមផ្សេងៗលើផ្ទៃមុខ
- ជួយឱ្យចលនាលំហូរឈាមលើផ្ទៃមុខដំណើរការល្អ
- ធ្វើឱ្យផ្ទៃមុខ ទន់ ភ្លឺ រលោង និងតឹងណែនក្មេងជាងវ័យ បំបាត់ការយារធ្លាក់នៃសាច់មុខ។

ខ្ញី

ដូច្នេះកុំនៅរង់ចាំយូរ ដើម្បីឱ្យមុខស្អាតដូចការរៀបរាប់ខាងលើ តោះ! មកតាមដានរូបមន្តសម្រស់ ដោយប្រើខ្ញីជាគ្រឿងផ្សំគោល លាយជាមួយនឹងគ្រឿងផ្សំងាយរកមួយចំនួនដូចខាងក្រោមនេះ៖

១. ខ្ញី និងជែលប្រទាលកន្ទុយក្រពើ

គ្រឿងផ្សំ

- ទឹកខ្ញី ១ស្លាបព្រាបាយ (យកខ្ញីកិន ឈូស ឬបុកច្រោះយកទឹក)
- ជែល ឬទឹកប្រទាលកន្ទុយក្រពើ ២ស្លាបព្រាបាយ (យកជែលកិន ឬក្រឡុកយកទឹក)
- ទឹកឃ្មុំ កន្លះស្រាបព្រាបាយ

ការអនុវត្ត

- យកគ្រឿងផ្សំទាំងអស់ខាងលើ កូរបញ្ចូលគ្នាឱ្យសព្វ បន្ទាប់មកយកដុំសម្លីជ្រលក់ល្បាយដែលលាយរួចផ្តិតលើផ្ទៃមុខកន្លែងដែលមានបញ្ហារយៈពេល២០នាទី
- ជាចុងក្រោយលុបលាងសម្អាតផ្ទៃមុខជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

ខ្ញី និងជែលប្រទាលកន្ទុយក្រពើ

២. ខ្ញី និងប្រេងអូលីវ

គ្រឿងផ្សំ

- ទឹកខ្ញី ១ស្លាបព្រាបាយ (កិន ឈូស ឬបុកខ្ញីច្រោះយកតែទឹក)
- ប្រេងអូលីវ ១ស្លាបព្រាបាយ (Olive Oil អាចរកទិញបាននៅបណ្តាផ្សារទំនើប)

ការអនុវត្ត

- យកគ្រឿងផ្សំទាំងអស់ខាងលើលាយបញ្ចូលគ្នា រួចលាបលើផ្ទៃមុខដែលមានបញ្ហាស្នាមផ្សេងៗ រួចទុកចោលរយៈពេល ១៥នាទី ទៅ ២០នាទី ចាំលាងចេញជាមួយនឹងទឹកក្រៅឧណ្ហៗ។

ខ្ញី និងប្រេងអូលីវ

៣. ខ្ញី និងតែបៃតង

គ្រឿងផ្សំ

- ខ្ញីឈូសស្តើងៗ
- តែបៃតង

ការអនុវត្ត

- ឆុងតែបៃតង រួចលាយជាមួយនឹងខ្ញីដែលឈូសរួចបញ្ចូលគ្នាក្នុងបរិមាណសមល្មម
- បន្ទាប់មកយកដុំសម្លីជ្រលក់ទឹកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ១៥នាទី ចាំលាងចេញនឹងទឹកក្តៅឧណ្ហៗជាកាស្រេច ។

ខ្ញី និងតែបៃតង

៤. ខ្ញី និងទឹកឃ្មុំ

គ្រឿងផ្សំ

- ម្សៅខ្ញី ១ស្លាបព្រា (យកខ្ញីហាលថ្ងៃឱ្យស្ងួតរួចបុកជាម្សៅ)
- ទឹកឃ្មុំ ១ ទៅ ២ស្លាបព្រាបាយ

ការអនុវត្ត

- យកគ្រឿងផ្សំខាងលើលាយបញ្ចូលគ្នា រួចលាបល្បាយនេះលើផ្ទៃមុខដែលមានបញ្ហា ហើយទុកចោលរយៈពេល ១៥នាទី ទៅ ២០នាទី
- ជាចុងក្រោយលុបលាងផ្ទៃមុខចេញជាមួយនឹងទឹកធម្មតា ឬទឹកក្តៅឧណ្ហៗក៏បាន។

ខ្ញី និងទឹកឃ្មុំ

៥. ខ្ញី និងទឹកដោះគោជូរ

គ្រឿងផ្សំ

- ខ្ញីឈូសល្អិតៗ ១ស្លាបព្រាបាយ
- ទឹកដោះគោជូរ ២ ទៅ៣ស្លាបព្រាបាយ
- ប្រេងអូលីវ ១ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ២ ទៅ៣ដំណក់

ការអនុវត្ត

- យកគ្រឿងផ្សំខាងលើទាំងអស់លាយបញ្ចូលគ្នាជាល្បាយមួយ
- លុបលាងផ្ទៃមុខឱ្យស្អាត រួចយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ និង.ក ទុកចោលរហូតដល់ស្ងួត ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

ខ្ញី និងទឹកដោះគោជូរ

បញ្ជាក់៖ វីធីទាំងអស់ខាងលើ ប្រសិនជាចង់ឱ្យឆាប់មានប្រសិទ្ធភាព សូមព្យាយាមអនុវត្ត ឱ្យបាន ២ ទៅ៣ដងក្នុងមួយសប្តាហ៍!

កុំភ្លេចសាកល្បងទាំងអស់គ្នាណា! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]