ពាក្យថាចក្រភព ឬអាណាចក្រ បានន័យថាជាទឹកដីដ៏ធំធេង និងមានឥទ្ធិពលមួយក្នុងចំណោមប្រទេសតូចៗជាច្រើន។ ដោយអាណាចក្រទាំងអស់នោះ សុទ្ធតែត្រូវបានគ្រប់គ្រងដោយមហាក្សត្រ ឬអធិរាជខ្លាំងពូកែ ដែលមានភាពខ្លាំងក្លានៅក្នុងការដឹកនាំប្រយុទ្ធ ការធ្វើសង្គ្រាម ការបង្ក្រាបជនឈ្លានពាន និងធ្វើការពង្រីកទឹកដីឱ្យមានវិសាលភាពស្ទើរពាសពេញបណ្តាគ្រប់ផ្ទៃទ្វីបជាច្រើនទៀតផង។

ដូច្នេះថ្ងៃនេះយើងនឹងលើកយកចក្រភព ឬអាណាចក្រខ្លាំងៗចំនួន១០ ដែលបានកត់ត្រាចូលក្នុងប្រវត្តិសាស្ត្រថាជា ចក្រភពដ៏ខ្លាំងក្លា និងមានឥទ្ធិពលបំផុតនៅក្នុងសម័យបុរាណ ដែលរួមមានដូចជា៖

១០. រាជវង្សហាន់ (មុនគ្រិស្តករាជ ២០៦ ដល់គ្រិស្តសករាជ ២២០)

រាជវង្សហាន់ត្រូវបានបង្កើតឡើងដោយ Liu Bang ក្រោយមកបានប្តូរឈ្មោះទៅជាអធិរាជ Gaozu ក្រោយបានឡើងជាស្តេចផែនដី។ រាជវង្សមួយនេះពិតជាល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះជាខ្លាំងនៅក្នុងប្រទេសចិនភាគខាងត្បូង វៀតណាមភាគខាងជើង និងប្រទេសកូរ៉េ។ 

ក្នុងយុគសម័យដ៏រីកចម្រើនមួយនេះ ក្នុងប្រទេសចិនក៏បានចាប់ផ្តើមចេះផលិតក្រដាស និងសម្ភារធ្វើពីប៉ស៊ីឡែនផងដែរ។ គួរឱ្យដឹងផងដែរថា រាជវង្សហាន់ គឺជារាជវង្សដែលកាន់កាប់អំណាចយូរជាងគេបំផុត ក្នុងចំណោមរាជវង្សប្រទេសចិនទាំងអស់ ថែមទាំងជាអ្នកដែលនាំយកសាសនាព្រះពុទ្ធចូលមកកាន់ប្រទេសចិនទៀតផង។

រាជវង្សហាន់

៩. ចក្រភពអាណានិយមបារាំងទី២ (ឆ្នាំ ១៨៣០)

អធិរាជនៃអាណានិគមបារាំងលើកទី២ ត្រូវបានចាប់ផ្តើមដំបូងដោយសារតែការច្បាំងយកប្រទេសអល់ហ្គឺបានសម្រេចនៅក្នុងឆ្នាំ ១៨៣០។ បន្ទាប់មកក៏ចាប់ផ្តើមដាក់អាណានិគមដំបូងលើប្រទេសអាមេរិចភាគខាងជើង ប្រទេសខារីបៀន និងប្រទេសឥណ្ឌា ដោយការសាបព្រោះផ្សព្វផ្សាយនៃអារ្យធម៌បារាំង ភាសា និងសាសនាកាតូលិក។ 

នៅក្នុងនោះដែរ អធិរាជណាប៉ូឡេអុងទី៣ ក៏ជាជនដែលមានវត្តមានដ៏សំខាន់ ក្នុងចក្រភពមួយនេះដែរ។ ក្នុងសតវត្សរ៍ទី ១៩ និងទី២០ ចក្រភពអាណានិគមបារាំងគឺជាចក្រភពដែលមានឥទ្ធិពល និងមានអំណាចខ្លាំងក្លាជាងគេលំដាប់ទី២ បន្ទាប់ពីចក្រភពអង់គ្លេស ដែលបានដាក់អាណានិគមលើទ្វីបជាច្រើនរួមមានទាំង ទ្វីបអាមេរិច ទ្វីបអាហ្វ្រិក ទ្វីបអាស៊ី ទ្វីបអង់តាក់ទិច និងទ្វីបអូសេអានី លើ៧តំបន់ធំៗឯណោះ។

ចក្រភពអាណានិយមបារាំងទី២

៨. ចក្រភព ឈីង (ឆ្នាំ ១៦៤៤ ដល់ឆ្នាំ ១៩១២)

រាជវង្សឈីងមួយនេះ ត្រូវបានបង្កើតឡើងដោយ ក្រុមកុលសម្ព័ន្ធ Jurchen Aisin Gioro នៅក្នុងសតវត្សរ៍ទី ១៦ និងបានគ្រប់គ្រងអំណាចដល់ទៅជាង ៣សតវត្សរ៍ឯណោះ ដែលមានទឹកដីលាតសន្ធឹងដល់ទៅ ១៤,៧លានគីឡូម៉ែត្រការ៉េនៅក្នុងប្រទេសចិនក្នុងអំឡុងឆ្នាំ ១៧៩០ ហើយវាក៏ជារាជវង្សចុងក្រោយបង្អស់នៃប្រទេសចិនផងដែរ មានឈ្មោះថា « រាជវង្សម៉ាន់ជូ » ។ 

ក្នុងរាជវង្សនោះដែរ អធិរាជបានគ្រប់គ្រង និងចាត់ចែងទ័ពឱ្យការពារអាណាចក្រយ៉ាងតឹងរ៉ឹង និងប្រឆាំងនឹងការបះបោរក្នុងស្រុកផងដែរ ជាពិសេសគឺការពាររាជធានីប៉េកាំង និងរាជវាំងពីការឈ្លានពានតែម្តង។

បន្ថែមពីនេះច្បាប់នៅក្នុងសម័យនោះ គឺបានហាមប្រាមជាដាច់ខាតមិនឱ្យមានការមានទំនាក់ទំនងជាមួយនឹងជនបរទេសក្រៅស្រុកនោះទេ ដោយសារតែរាជវង្សម៉ាន់ជូមិនចង់ឱ្យជនជាតិហាន កាន់តែរីកធំធាត់ និងរឹងមាំដើម្បីងើបប្រឆាំងនឹងចក្រភពឈីងនោះឡើយ។

ចក្រភព ឈីង

៧. ចក្រភព កាលីហ្វាត (ឆ្នាំ ៦៣០ ដល់ឆ្នាំ ៩០០)

ចក្រភពនេះត្រូវបានបង្កើតឡើងដោយមេដឹកនាំសាសនាមូស្លីម Muhammad និងមានឈ្មោះម្យ៉ាងទៀតហៅថា « ចក្រភពអារ៉ាប់ » ដែលចក្រភពនេះហើយ ដែលបានចាប់ផ្តើមបង្កើត និងសាបព្រោះផ្សព្វផ្សាយសាសនាអីស្លាមដំបូងគេផងដែរ ហើយថែមទាំងមានកម្លាំងទ័ពខ្លាំងក្លាបានច្បាំងដណ្តើមយកតំបន់អាស៊ីអាគ្នេយ៍ អាហ្វ្រិកខាងជើង និងប្រទេសអេស្ប៉ាញ ទៀតផង។ 

ស្តេច ឬមេដឹកនាំសាសនាដែលបានគ្រប់គ្រងចក្រភពកាលីហ្វាតដំបូងមាន ៤នាក់ គឺ Viz Abu Bakr, Umar I, Uthman និង Ali ហើយអ្នកទាំងនោះហើយដែលជាអ្នកដែលបានដឹកនាំចក្រភពកាលីហ្វាតឱ្យក្លាយជាយុគមាសនៃអីស្លាមសាសនាផងដែរ។

គួរបញ្ជាក់ផងដែរថា សាសនាអ៊ីស្លាមបានបែកបាក់ចែកគ្នាជា ២និកាយធំៗចាប់ពីពេលនោះមក ដោយសារតែមានជម្លោះនៅក្នុងការដណ្តើមធ្វើជាមេដឹកនាំសាសនា ឬជាស្តេចគ្រប់គ្រងរៀងៗខ្លួន។

ចក្រភព កាលីហ្វាត

៦.ចក្រភពអេស្ប៉ាញ (ឆ្នាំ ១៤៩២ ដល់ឆ្នាំ១៩៧៥)

ចក្រភពនេះមានអាណាចក្រ ធំជាងគេបង្អស់ក្នុងសតវត្សរ៍ទី១៨ ដោយមានការរួមបញ្ចូលទឹកដីប៉ែកអឺរ៉ុប អាស៊ី អូសេអានី អាហ្វ្រិក និងភីលីពីន។ តែផ្នែកនីមួយៗនៃចក្រភពនេះមានការគ្រប់គ្រង និងមានរចនាសម្ព័ន្ធខុសៗគ្នាអាស្រ័យទៅតាមវប្បធម៌ ទំនៀមទំលាប់ និងបរិបថសង្គមរបស់តំបន់នីមួយៗផងដែរ។

ចក្រភពមួយនេះមានទឹកដីលាតសន្ធឹងដល់ទៅ ១៣,៧០លានគីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណជា ១២%នៃប្រជាជនសរុបលើពិភពលោក។ បន្ថែមពីនោះ ចក្រភពអេស្ប៉ាញមួយនេះធ្លាប់បានប្រយុទ្ធឈ្នះច្បាំងយកប៉ែកអឺរ៉ុប និងប្រឆាំងនឹងការឈ្លានពានពីចក្រភពអូតូម៉ង់ទៀតផង។

គួរឱ្យដឹងផងដែរថា មកទល់បច្ចុប្បន្ន ភាសាអេស្ប៉ាញគឺជាភាសាដែលត្រូវបានគេប្រើប្រាស់ច្រើនជាងគេក្នុងពិភពលោក ហើយភាសាអេស្ប៉ាញ និងវប្បធម៌/សាសនា ព្រះវិហាររ៉ូម៉ាំងកាតូលិក ត្រូវបាននាំចូលទ្វីបអាមេរិចដំបូងដោយពួកអេស្ប៉ាញផងដែរ។

ចក្រភពអេស្ប៉ាញ

៥. ចក្រភពអូតូម៉ង់ (ឆ្នាំ ១៣៣៣-១៩២២)

មេដឹកនាំកុលសម្ព័ន្ធទួគី Osman គឺជាអ្នកដែលបានបង្កើតចក្រភពអូតូម៉ង់មួយនេះឡើងដំបូងគេ ។ ហើយចក្រភពមួយនេះបានចាប់ផ្តើមពង្រីកទឹកដី និងមានអំណាចយ៉ាងខ្លាំងក្លានៅខ្ទង់សតវត្សរ៍ទី ១៥ និងទី១៦ ដោយបានច្បាំងយកប្រទេស ពែហ្ស៊ី អេហ្ស៊ីប ប៊ែលហ្គ្រាដ ផ្នែកមួយចំនួននៃប្រទេសហុងគ្រី ហើយថែមទាំងបានធ្វើការគ្រប់គ្រងលើតំបន់ Mesopotamia ឈូងសមុទ្រពែក្ស ប្រទេសសូម៉ាលី និងតំបន់ Horn of Africa ផងដែរ។

ចក្រភពអូតូម៉ងនេះក៏ជាផ្នែកមួយសំខាន់នៅក្នុងនយោបាយប៉ែកអឺរ៉ុក ក្នុងសង្គ្រាមពង្រីកទឹកដីទៀតផងក្នុងអំឡុងសម័យឆ្នាំ ១៤៥៣-១៥៦៦។ តែចក្រភពមួយនេះត្រូវបានចុះអន់ថយបន្តិចម្តងៗនៅក្នុងឆ្នាំ ១៩០៨ និងត្រូវបានដួលរលំទាំងស្រុងនៅក្នុងឆ្នាំ ១៩២២ បន្ទាប់ពីបានឈរជើងលើទ្វីបទាំង៣ អស់រយៈពេលជាង ៦០០ឆ្នាំ។

ចក្រភពអូតូម៉ង់

៤. ចក្រភពរ៉ូម៉ាំង (២៧ឆ្នាំមុនគ្រឹស្តសករាជ-ឆ្នាំ ៣៩៥)

ចក្រភពរ៉ូម៉ាំងមួយនេះហើយ ដែលជាអ្នកធ្វើឱ្យសាសនាគ្រឹស្តក្លាយទៅជាសាសនាដ៏ធំមួយនៅលើពិភពលោក ដោយសារតែចក្រភពនេះបានរីករាលដាល និងគ្រប់គ្រងលើទ្វីបធំៗមួយចំនួនដូចជា អឺរ៉ុបមជ្ឈឹមបូព៌ា និងអាមេរិកខាងជើង។ ចក្រភពមួយនេះផងដែរ ត្រូវបានគេហៅថា «ចក្រភពឥតព្រំដែន» ដោយសារតែវាមានទឹកដីធំធេង លាតសន្ធឹងតាមបណ្តោយព្រំដែន ត្រាហ្គន ដែលមានទំហំដល់ទៅ ៥លានគីឡូម៉ែត្រការ៉េ និងមានប្រជាជន៥៥លាននាក់ ស្មើនឹង៦ភាគនៃប្រជាជនសរុបលើពិភពលោក។ ចំពោះទីក្រុងសំខាន់ៗនៃចក្រភពរ៉ូម៉ាំងនោះមានដួចជា ទីក្រុងរ៉ូម Alexandria និង Antioch។

តែចក្រភពនេះមានចំណុចខ្មៅងងឹតលាក់បង្កប់ផងដែរ ដែលមានទាំងការជិះជាន់ សង្គមទាសករ ការកេងប្រវ័ញ្ច ការធ្វើទារុណកម្ម និងអំពើកាចសាហាវផ្សេងៗជាច្រើនទៀត។ នៅក្នុងនោះស្តេច Caligula ក៏ត្រូវបានស្គាល់ថា គឺជាជនដែលផ្តាច់ការ និងឃោរឃៅបំផុតក្នុងអំពើសម្លាប់រង្គៀលទៀតផងនៅក្នុងចក្រភពសម័យនោះ។

តែនៅក្នុងនោះស្ថាបត្យកម្មរ៉ូម៉ាំង មានអាយុកាលជាង ២០០០ឆ្នាំ ក៏បានបង្ហាញទៅកាន់ពិភពលោកផងដែរថា វាជាចក្រភពដ៏ល្បីល្បាញ និងមានអំណាច ហើយថែមទាំងជះឥទ្ធិពលលើបណ្តាប្រទេសផ្សេងៗលើពិភពលោកផងដែរទាក់ទងនឹងអក្សរសាស្ត្រ សាសនា ការអប់រំ រូបចម្លាក់ និងសិល្បៈនានាជាច្រើន។

ចក្រភពរ៉ូម៉ាំង

៣. ចក្រភពរុស្ស៊ី ( ១៧២១-១៩៧១)

ចក្រភពរុស្សីត្រូវបានគ្រប់គ្រងដោយព្រះចៅអធិរាជ Peter-I នៅចន្លោះឆ្នាំ ១៧២១-១៧២៥ និងដោយព្រះចៅអធិរាជ Nicholas II រវាងឆ្នាំ ១៨៩៤-១៩១៧។

នៅពាក់កណ្តាលឆ្នាំ ១៨៦៦ ចក្រភពនេះបានលាតសន្ធឹងពីទ្វីបដ៏ធំចំនួន៣ នោះគឺទ្វីបអឺរ៉ុប អាស៊ី និងអាមេរិចខាងជើង ដោយមានផ្ទៃដីសរុប ២២.៨លានគីឡូម៉ែត្រការ៉េ។

តែចក្រភពរុស្ស៊ីមួយនេះបានចាប់ផ្តើមដួលរលំដោយសារតែសង្គ្រាមស៊ីវិលរបស់រុស្ស៊ីមួយដែលប្រឆាំងនឹងច្បាប់ Bolshevik (ឆ្នាំ ១៩១៨-១៩២០) ។ 

ទោះជាយ៉ាងនេះក្តីតែចក្រភពនេះក៏ធ្លាប់ជាប្រទេសដ៏រុងរឿង មានការរីកចម្រើន ដែលបានបង្កើតកំណែទម្រង់ផ្ទៃក្នុង ទំនើបកម្ម និងការពង្រីកសក្តានុពលនៃទឹកដីរបស់ខ្លួន ហើយសព្វថ្ងៃប្រទេសនេះក៏នៅតែមានទឹកដីធំទូលាយជាងគេបង្អស់ផងដែររហូតបច្ចុប្បន្ន។

ចក្រភពរូស្ស៊ី

២.ចក្រភពម៉ុងហ្គោល (ឆ្នាំ ១២០៦-១៣៦៨)

ចក្រភពម៉ុងហ្គោលគឺជាចក្រភពដែលមានទឹកដីធំជាងគេបង្អស់នៅលើពិភពលោក ដែលត្រូវបង្កើតដោយ Temujin ក្រោយមកក៏មានឈ្មោះថា ព្រះចៅអធិរាជ Genghis Khan ។ ចក្រភពនេះគ្របដណ្តប់លើផ្ទៃដីទំហំ ១២លានម៉ៃ (ឬស្មើនឹង ៣១.០៨លានគីឡូម៉ែត្រ) លាតសន្ធឹងលើទ្វីបអឺរ៉ុបខាងកើត ទៅសមុទ្រជប៉ុន និងពីប្រទេសស៊ីប៊ែរីទៅកាន់ខ្ពង់រាបអ៊ីរ៉ង់។

ចក្រភពម៉ុងហ្គោលនេះដែរ បានកើតឡើងដោយសារតែការចង់ធ្វើការបង្រួបបង្រួមកុលសម្ព័ន្ធម៉ុងហ្គោលជាក្រុមដ៏ធំមួយប៉ុណ្ណោះ តែវាក៏បានប្រែក្លាយទៅជាការចាប់ផ្តើមនៃដំណើរការធ្វើសង្គ្រាមបង្ហូរឈាមដ៏ធំធេងផងដែរនៅក្នុងប្រវត្តិសាស្ត្រដែលដឹកនាំដោយអធិរាជ Genghis Khan ដោយបានធ្វើការវាយលុយ និងឈ្លានពានទឹកដីដល់ចក្រភព Jhurchen , Wester Xia ក្នុងអាណាចក្រចិនភាគខាងជើង , ចក្រភព Khuwarezmid អាស៊ីកណ្តាល ប៊ែរូខាងកើត រុស្ស៊ីខាងត្បូង និង Caucasus។

ទោះជាយ៉ាងនេះក្តី ចក្រភពម៉ុងហ្គោលមួយនេះបានដួលរលំទៅវិញនៅក្នុងឆ្នាំ ១៣៦៨ ដោយសារតែមានផលពិបាកយ៉ាងខ្លាំងនៅក្នុងការគ្រប់គ្រងទឹកដីដ៏ធំធេង តែមានច្បាប់ទម្លាប់ ការរស់នៅ និងវប្បធម៌ផ្សេងៗដាច់ដោយឡែកពីគ្នា។

ចក្រភពម៉ុងហ្គោល

១. ចក្រភពអង់គ្លេស (ឆ្នាំ ១៥៨៣-១៩៤៥)

ចក្រភពអង់គ្លេសមានទឹកដីធំធេងជាងគេនៅក្នុងប្រវត្តិសាស្ត្រសម័យនោះ ដោយមានផ្ទៃដីទំហំដល់ទៅ ៣៥.៥០លានគីឡូម៉ែត្រការ៉េ។ ប្រទេសមហាអំណាចមួយនេះអាចមានសមត្ថភាពអាចទប់ទល់នឹងសង្គ្រាមធំៗជាច្រើននៅក្នុងពេលតែមួយផងដែរ ថែមទាំងបានដឹកនាំ និងប្រជាជនជាង ៤១២លាននាក់ ដែលស្មើនឹង ២៣%នៃប្រជាជនទូទាំងពិភពលោក ជាពិសេសត្រូវបានគេដាក់ឈ្មោះឱ្យថា « ព្រះអាទិត្យមិនដែលអស្តង្គត» ដែលន័យសម្រាប់សំដៅលើចក្រភពដ៏ខ្លាំងពូកែមួយនេះ មានអំណាចកើនឡើងជាលំដាប់មិនចេះអន់ថយ។ ចក្រភពមួយនេះផងដែរ បានគ្រប់គ្រងសេដ្ឋកិច្ចលើតំបន់ជាច្រើន ដូចជា អាស៊ី អាមេរិចឡាទីន និងផ្នែកមួយចំនួននៃទ្វីបអាហ្វ្រិច។

ចក្រភពអង់គ្លេសដែលឈរជើងក្នុងអំឡុងឆ្នាំ ១៥៨៣ ដល់ឆ្នាំ ១៩៤៥មួយនេះ បានធ្វើឱ្យភាសាអង់គ្លេសបានហូរចូលទៅកាន់បណ្តាប្រទេសផ្សេងៗលើពិភពលោក រហូតដល់ក្លាយទៅជាភាសាផ្លូវការទី២ បន្ទាប់ពីភាសាកំណើតរបស់ប្រទេសដទៃជាច្រើនទៀតផងរហូតមកដល់សព្វថ្ងៃនេះ។

ក្រោយពីបានក្លាយជាប្រទេសដែលមានវិសាលភាពទឹកដីធំធេង មានចំនួនប្រជាជនដ៏ច្រើនលើសលប់ និងមានកម្លាំងយោធាដ៏ខ្លាំងក្លាហើយនោះ គួរឱ្យសោកស្តាយ ដោយសារតែសង្គ្រាមលោកលើកទី២ បានធ្វើឱ្យចក្រភពអង់គ្លេសចាប់ផ្តើមអន់ថយបន្តិចម្តងៗជាលំដាប់ទៅវិញ។

ចក្រភពអង់គ្លេស

***  ចក្រភពអង្គរ (ឆ្នាំ៨០២ -១២១៨)

ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងក៏ធ្លាប់មានចក្រភពដ៏ល្បីល្បាញ និងធំធេងផងដែរ នោះគឺចក្រភពអង្គរក្នុងអំឡុងឆ្នាំ ៨០២ ដល់ឆ្នាំ ១២១៨ ឬហៅថា សម័យមហានគរ។ ចក្រភពអង្គរជាចក្រភពខ្មែរដ៏ល្បីល្បាញទូទាំងពិភពលោក ដែលបានចាប់កំណើតឡើងនាសតវត្សរ៍ទី៩ ហើយបានត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំអស់រយៈពេលជាង ៦០០ឆ្នាំ ដែលគេស្គាល់ថាជាសម័យកាលខ្លាំងពូកែរបស់ប្រជារាស្ត្រខ្មែរនា ចក្រភពអង្គរ។ បន្ថែមពីនេះ ប្រទេសខ្មែរនៃចក្រភពអង្គរថែមទាំងបានរំដោះប្រទេសជាតិពីពួកចាម នៃអាណាចក្រចាម្ប៉ាផងដែរ។

ក្រោមការគ្រប់គ្រងពីមហាក្សត្រពូកែជាច្រើនជំនាន់ដូចជា ព្រះបាទជ័យវរ្ម័ន ទី២ រហូតដល់ ព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧ ចក្រភពអង្គរពិតជាមានភាពល្បីល្បាញ មានវិសាលភាពពង្រីកទឹកដីដ៏ធំធេង និងមានប្រទេសចំណុះជាច្រើនទៀតផង។ សម័យនោះប្រទេសខ្មែរមានភាពរុងរឿង រីកចម្រើនគ្រប់វិស័យដូចជា វិស័យកសិកម្ម និងនេសាទ ផលិតផលសិប្បកម្ម ជំនួញ និងទីផ្សារ ជាពិសេសមានទាំងការសាងសង់សំណង់ប្រាសាទជាច្រើនពាន់ប្រាសាទប្រកបដោយក្បាច់រចនាល្អពិចិត្រ សាលាដំណាក់ មន្ទីរពេទ្យរាប់រយខ្នង ស្ពាន ថ្នល់ និងសកលវិទ្យាល័យជាច្រើនកន្លែងផងដែរ៕  

ចក្រភពអង្គរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]