ចិន៖ ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ នៅពេលទំនេរ តែងតែជួយម្តាយបោសសំរាម ពេលនេះកំពុងតែល្បីកក្រើកពេញបណ្តាញសង្គមចិន។

កុមារាដ៏ឆ្លាតរូបនេះមានឈ្មោះថា Long Guotao តែងតែជួយកិច្ចការម្តាយរបស់គេនៅលើផ្លូវ Kaili ក្នុងប្រទេសចិន ដើម្បីឱ្យម្តាយគេបានសម្រាកបន្តិច ព្រោះឃើញគាត់ធ្វើការហត់ ហើយគាត់ក៏មានវ័យចំណាស់ផងដែរ។

រូបភាពរបស់កុមារា Long Guotao ត្រូវបានគេថតបង្ហោះចែកចាយក្នុងបណ្តាញសង្គម Weibo ហើយមានមនុស្សជាច្រើនបានសរសើរនូវទឹកចិត្តរបស់ក្មេងប្រុសម្នាក់នេះថា គេពិតជាឆ្លាត និងចេះយកអាសាម្តាយរបស់គេ។

ម្តាយរបស់ក្មេងប្រុសនេះមានឈ្មោះថា Wu Azhen អាយុ ៤៦ ឆ្នាំ បច្ចុប្បន្នជាអ្នកបោសសំរាមនៅតាមផ្លូវមួយរូបក្នុងប្រទេសចិន។

អ្នកស្រី Wu បាននិយាយថា៖ 

«Long ពិតជាកូនល្អណាស់ ជារៀងរាល់ថ្ងៃ ខ្ញុំត្រូវទៅធ្វើការនៅម៉ោង ៥ល្ងាច ហើយទម្រាំខ្ញុំបោសសំរាមអស់ គឺយប់ជ្រៅបាត់ទៅហើយ។ កូននេះដឹងថា ខ្ញុំហត់ខ្លាំង ទើបគេក៏ចេះតែមកជួយខ្ញុំទៅ។ គេតែងតែមកជួយកិច្ចការរបស់ខ្ញុំជាញឹកញាប់។ កាលពីមុន គេតែងតែយកអាហារឱ្យខ្ញុំនៅពេលចុងសប្តាហ៍ ហើយជួយបោសសំរាមបន្តិច ទើបគេចាកចេញទៅ។ ពេលខ្លះនៅពេលបោសចប់ គេក៏ជួយរើសដបទឹកសុទ្ធ និងក្រដាសផ្សេងៗទៀតដាក់ចូលធុងសំរាមផងដែរ» ។

ខណៈពេលមនុស្សជាច្រើនសរសើរនូវទឹកចិត្តរបស់ក្មេងប្រុសនេះ ម្តាយរបស់គេចង់ឱ្យរូបគេយកចិត្តទុកដាក់ផ្តោតលើការសិក្សាវិញ។

អ្នកស្រី Wu បន្តនិយាយទៀតថា៖ 

«ពិន្ទុសាលារបស់គេមិនសូវជាល្អប៉ុន្មានទេកាលពីពេលថ្មីៗនេះ។ ខ្ញុំមិនឱ្យគេមកជួយខ្ញុំទៀតទេ ខ្ញុំចង់ឱ្យគេយកចិត្តទុកដាក់លើការសិក្សាវិញ។»

បទពិសោធន៍នេះ ពិតជាជួយក្មេងប្រុសរូបនេះ ឱ្យក្លាយទៅជាមនុស្សដែលចេះទទួលខុសត្រូវ និងចេះជួយយកអាសាម្តាយរបស់គេ និងអ្នកដទៃក្នុងសង្គម។

បន្ថែមពីនេះទៀត នៅផ្ទះគេក៏ជួយកិច្ចការផ្ទះច្រើនដែរ គេចេះយកសំរាមទៅបោះចោល និងធ្វើកិច្ចការផ្ទះមួយចំនួនជាដើម៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សកម្មភាព Long ជួយកិច្ចការរបស់ម៉ាក់
សកម្មភាព Long ជួយកិច្ចការរបស់ម៉ាក់
សកម្មភាព Long ជួយកិច្ចការរបស់ម៉ាក់
ម្តាយ និងក្មេងប្រុសដ៏ឆ្លាតរូបនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]