ភ្នំពេញ៖ នៅក្នុងកម្មវិធីតាំងពិព័រណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន OPPO នៅទីក្រុងសិនជិន កាលពីកន្លងទៅថ្មីៗនេះ លោក Tony Chen ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន OPPO បានប្រកាសជាផ្លូវការថា ក្រុមហ៊ុនរបស់លោក បានត្រៀមរួចជាស្រេច ក្នុងការវិនិយោគទឹកប្រាក់ប្រមាណ ១.៤៣ ពាន់លានដុល្លារអាមេរិក ក្នុងគម្រោងសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ទៅលើផលិតផលបច្ចេកវិទ្យាសម្រាប់ក្នុងឆ្នាំ ២០១៩ នេះ។ ចំនួនទឹកប្រាក់នេះគឺថា បានកើនឡើងរហូតដល់ ១៥០ ភាគរយ ជាបន្តបន្ទាប់បើធៀបនឹងឆ្នាំកន្លងៗមក។

ជាមួយនឹងការកើនឡើងនៃទឹកប្រាក់សម្រាប់ប្រើប្រាស់ក្នុងគម្រោងនេះ ក្រុមហ៊ុន OPPO នឹងធ្វើការអភិវឌ្ឍន៍រួមបញ្ចូលនូវផ្នែកផ្គត់ផ្គង់ ដោយបង្កើនឡើងនូវក្រុមជំនាញពិសេសៗក្នុងការធ្វើឲ្យប្រសើរឡើង ដើម្បីអភិវឌ្ឍន៍សមត្ថភាពខាងផ្នែកបច្ចេកវិទ្យា។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន OPPO នឹងធ្វើការអភិវឌ្ឍន៍បន្ថែមនូវបច្ចេកវិជ្ជា AI ទៅលើផលិតផលស្មាតហ្វូនរបស់ខ្លួនក៏ដូចជា នាឡិកាវៃឆ្លាត (Smart watch) និងគ្រឿងបច្ចេកវិទ្យា សម្រាប់ប្រើក្នុងផ្ទះ (Smart Home) ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើង របស់អតិថជន នៅក្នុងយុគសម័យបច្ចេកវិទ្យា (IOT)។ 

លោក Tony Chen

ចំណុចធំៗ ៣ ដែលបានលើកឡើងនៅក្នុងគម្រោងសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍មានដូចជា៖ 

១ - 5G និន្នាការមួយដែល OPPO ត្រូវតែផ្តោតការយកចិត្តទុកដាក់៖
5G ជានិន្នាការមួយ ដែល OPPO ត្រូវតែផ្តោតការយកចិត្តទុកដាក់។ លោក Tony Chen បានលើកឡើងថា បន្ថែមពីការខិតខំប្រឹងប្រែង ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផលិតស្មាតហ្វូន ដែលអាចប្រើប្រាស់ប្រព័ន្ធ 5G ដំបូងគេបង្អស់ក្រុមហ៊ុន OPPO បានសិក្សាស្វែងរក App ដែលប្រើប្រាស់នៅក្នុងជំនាន់ 5G + ហើយចុងក្រោយនឹងកំណត់ពីតម្លៃនៃ 5G ។ ក្រុមហ៊ុន OPPO នឹងបញ្ចូលប្រព័ន្ធ 5G យ៉ាងពេញលេញជាមួយកម្មវិធី និងការយល់ដឹងរបស់អ្នកប្រើប្រាស់ ហើយបន្តការច្នៃប្រឌិតដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ដ៏ចាំបាច់ ដែលងាកទៅរកភាពងាយស្រួល និងទំនើប។
២ -អត្ថប្រយោជន៍នៃបច្ចេកវិជ្ជា AI បានដឹងនៅក្នុងសម័យប្រព័ន្ធ 5G៖
ក្រុមហ៊ុន OPPO បានអនុវត្តបច្ចេកវិទ្យា AI នៅទូទាំងកម្មវិធីជាច្រើនរួមមានដូចជា ការថតរូបភាព បច្ចេកវទ្យាដោះសាតាមផ្ទៃមុខ និងតាមរយៈស្នាមក្រយ៉ៅដៃ ដែលត្រូវភ្ជាប់ជាមួយកម្មវិធី AI ដែលមកជាមួយនឹងកម្មវិធី Beauty Camera កម្មវិធីកែពន្លឺរូបថត 3D និងកម្មវិធីឆ្លាតវៃជាច្រើនទៀត។ អត្ថប្រយោជន៍ ដែលបានមកពីបច្ចេកវិទ្យា AI នឹងទទួលបានពិតប្រាកដ នៅក្នុងសម័យប្រព័ន្ធ 5G។ លោក Tony Chen បានបន្ថែមថា នាពេលអនាគតស្មាតហ្វូននឹងក្លាយជាជំនួយការផ្ទាល់ខ្លួន ហើយនេះជាអ្វីដែលក្រុមហ៊ុន OPPO ពិតប្រាកដជាអាចធ្វើទៅបាន។ ស្មាតហ្វូន គឺជាឧបករណ៍ដ៏ល្អបំផុតមួយសម្រាប់បច្ចេកវិជ្ជា AI ប៉ុន្តែវាមានផ្នែកជាច្រើនទៀតសម្រាប់ធ្វើការកែលំអឲ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុន OPPO នឹងប្រកាន់ខ្ជាប់យ៉ាងសកម្មនូវការច្នៃប្រឌិតលើបច្ចេកវិជ្ជា AI ខណៈពេលដែលក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ ទៅលើធនធានដើម្បីធ្វើឲ្យបច្ចេកវិទ្យានេះមានភាពកាន់តែទំនើប។
៣ -ការរួមបញ្ចូលបច្ចេកវិជ្ជាសិល្បៈនិងមនុស្សជាតិនៅក្នុងឧបករណ៍ឆ្លាតវៃ៖
នៅចុងក្រោយលោក Tony Chen បានលើកឡើងថា ក្រុមហ៊ុន OPPO បានប្តេជ្ញាក្លាយជាអ្នកដឹកនាំនៅក្នុងសម័យមួយដែលបច្ចេកវិជ្ជា 5G AI និង IoT ត្រូវបានអនុវត្តទូលំទូលាយ។

គម្រោង 5G Oppo

នាពេលអនាគត OPPO នឹងរួមបញ្ចូលការច្នៃប្រឌិតបច្ចេកវិទ្យាពេញលេញជាមួយសិល្បៈ និងមនុស្សជាតិ ដើម្បីអភិវឌ្ឍឧបករណ៍ឆ្លាតវៃ និងគ្រឿងបច្ចេកវិទ្យា សម្រាប់ប្រើក្នុងផ្ទះ (Smart Home) ជាមួយទូរស័ព្ទស្មាតហ្វូន និងបំពេញបេសកកម្ម ដើម្បីបន្តបំពេញតម្រូវការតាមការរំពឹងទុករបស់ប្រជាជនសម្រាប់ជីវិតល្អប្រសើរជាងមុន។

ក្រុមហ៊ុន OPPO តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ R & D នៅក្នុងវិស័យបច្ចេកវិជ្ជាឈានមុខ និងធ្វើឡើងសម្រាប់អនាគតដោយផ្អែកលើការយល់ដឹងទាំងនោះ។ ពិព័រណ៍បច្ចេកវិទ្យា OPPO រយៈពេល ២ ថ្ងៃ រួមមាន វេទិកាចំនួន ៤ សំខាន់ៗគឺ AI, Big Data, Cloud+ IoT, 5G និងកន្លែងពិព័រណ៍ចំនួន ១២ ដែលគ្របដណ្តប់លើគម្រោងជាង ៨០ ទៀតផងដែរ៕

គម្រោង 5G Oppo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]