មហារីកជាជំងឺមួយដ៏កាចសាហាវកំពុងក្លាយជាបញ្ហាសុខាមាភាពនៃប្រជាជនទូទាំងពិភពលោក។ ការបាត់បង់នៃការគ្រប់គ្រងការលូតលាស់កោសិកានៃរាងកាយ អាចបណ្តាលឲ្យកោសិកាវិវឌ្ឍក្លាយជាកោសិកាមហារីក និងនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់កោសិកាដទៃ និងសុខភាពរាងកាយទាំងមូល។ កត្តាបរិស្ថាន របៀបរបបរស់នៅ ចំណីអាហារ ហ្សែន និងម៉ូលេគុលនៃរ៉ាឌីកាល់សេរី សុទ្ធសឹងចូលរួមចំណែកដល់ការបង្កហានិភ័យនៃការវិវវឌ្ឍន៍នៃជំងឺមហារីកផ្សេងៗ។

គេអាចធ្វើរោគវិនិច្ឆ័យឃើញវត្តមាននៃជំងឺមហារីកភាគច្រើនលុះត្រាឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរ និងចេញជារោគសញ្ញា ព្រោះកោសិកាមហារីកបានរាលដាលទៅកាន់ផ្នែកផ្សេងៗទៀតទៅហើយ។

ទោះបីជាយ៉ាងណា ថ្មីៗនេះវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីក បាននិងកំពុងធ្វើតេស្តសាកល្បងលើបច្ចេកវិទ្យាថ្មី ដែលអនុញ្ញាតឲ្យគេធ្វើរោគវិនិច្ឆ័យរកឃើញវត្តមាននៃជំងឺមហារីកចាប់តាំងពីដំណាក់កាលដំបូងម្ល៉េះ ដោយគ្រាន់តែប្រើប្រាស់ខ្យល់ដង្ហើមតែប៉ុណ្ណោះ។

បច្ចេកវិទ្យានេះមានភាពងាយស្រួលដោយគ្រាន់តែផ្លុំ ហើយវានឹងចាប់យកសារធាតុសរីរាង្គពិសេសម៉្យាងហៅថា VOCs ដែលសារធាតុនេះត្រូវបានផលិតដោយមេតាបូលីសរបស់កោសិកានៃរាងកាយយើង។  នៅពេលបុគ្គលម្នាក់មានបញ្ហាសុខភាព ជាពិសេសជំងឺមហារីក សារធាតុសរីរាង្គនេះនឹងបញ្ចេញឲ្យឃើញទ្រង់ទ្រាយប្លែកខុសពីធម្មតានៃបុគ្គលដែលមានសុខភាពល្អ។  ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា នេះនឹងអាចក្លាយជាឧបករណ៍ធ្វើរោគវិនិច្ឆ័យជំងឺមហារីកដ៏ងាយស្រួល រហ័ស និងមានប្រសិទ្ធភាពបំផុត។

យ៉ាងណាក៏ដោយ វាទើបតែជាដំណាក់កាលដំបូងនៃការស្រាវជ្រាវប៉ុណ្ណោះ ព្រោះគេត្រូវធ្វើតេស្តសាកល្បងលើសំណាកនៃប្រជាជនជាមុនសិន ទើបអាចដាក់ប្រើប្រាស់ជាផ្លូវការ។

បើលទ្ធផលនៃការសាកល្បងចេញមកវិជ្ជមាន  បច្ចេកវិទ្យានេះមិនត្រឹមជួយវិនិច្ឆ័យរកប្រភេទនៃជំងឺមហារីកប៉ុណ្ណោះទេ ជាពិសេសថែមទាំងអាចប្រើប្រាស់សម្រាប់ការត្រួតពិនិត្យសុខភាពមើលជាប្រចាំ ដើម្បីរកមើលជំងឺមហារីកដែលនឹងអាចបង្ការទុកជាមុន នៅពេលវាកំពុងស្ថិតក្នុងដំណាក់កាលដំបូងទៀតផង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]