រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្ត​ស៊េរី​ទំនើប​ម៉ាក​CHEVROLET ថ្មី​សន្លាង​១​គ្រឿង​ដែល​ទើប​​ទម្លាក់ចេញពី​​ទូ​កុងតឺន័រ ​ហើយត្រូវ​អ្នកលក់​បើក​ចេញពី​ផែស្ងួត​មួយ​កន្លែង ​ត្រៀម​យក​ទៅ​ប្រគល់​ឲ្យ​អតិថិជន​ដែល​កុម្ម៉ង់​ទិញ​នោះ​ ​ស្រាប់តែ​ត្រូវ​បាន​រថយន្ត​ធុន​ធំ​ដឹក​កុងតឺន័រ​១​គ្រឿង ដែល​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នាប៉ះ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​ ដែលហេតុការណ៍នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៥​ និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​៣ ​មករា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវ​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ​​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ​

សេចក្តីរាយការណ៍បន្តថា​ ​ រថយន្ត​ដែល​រង​ការ​ខូចខាត​នោះ​ ម៉ាក​CHEVROLET ព​ណ៌ក្រហម​ ស៊េរី​ឆ្នាំ​២០១៥ គ្មាន​ស្លាក​លេខ​ ។ ​រថ​យន្ត​នេះ​ បាន​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​ចំហៀង​ខាងឆ្វេង​យ៉ាងដំណំ ។ ដោយឡែក ​រថយន្ត​បង្ក​ដឹក​កុងតឺន័រ​ ពណ៌​ខៀវ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-5144​ជា រថយន្ត​របស់​ក្រុម​ហ៊ុន​ផែស្ងួត​សុ​កន ហើយ​អ្នក​បើកបរ​រថយន្ត​ទាំង​២​គ្រឿង​នេះ​ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ​។ ហេតុ​ការណ៍​​​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​កុម្ម៉ង់​ទិញ​ដែល​រង់ចាំ​យូរ​ ឡើង​ខកចិត្ត​មិន​តិច​ទេ និង​មិនដឹង​ថា ​ក្រោយ​ការ​ជួស​ជុល​រួច​អ្នក​កុម្ម៉ង់​ទិញ​ព្រម​ទទួលយក​រថយន្ត​នេះ​ទៅ​ប្រើប្រាស់​ឬ​អត់​នោះ​ឡើយ​ ។

​មិនតែប៉ុណ្ណោះ​ បាន​ធ្វើ​ឱ្យ​អ្នកលក់​រថយន្ត​ស៊េរី​ទំនើប​ខាងលើ ​ហួសចិត្ត​រក​និយាយ​មិន​ចេញ​ឡើយ​ ព្រោះ​តែ​​អ្នក​បើករថយន្ត​កុងតឺន័រ​នោះ ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​​​មកបុក​ទាំង​កម្រោល​បែប​នេះ ហើយ​ក៏​បាន​ទាមទារ​សំណង​ថ្លៃ​ការ​ខូចខាត​ចំនួន​៤​ពាន់​ដុល្លារ​អា​មេ​រិ​កប៉ុន្តែ​ក្រោយមក​សម្រួល​ត្រូវ​គ្នា​ត្រឹម​៣​ពាន់​ដុល្លារ​។

​ប្រភពបន្តថា ក្រោយ​ពេល​កើតហេតុ​ ភាគី​ទាំង​២​បាន​ធ្វើការ​សម្របសម្រួល​គ្នា​ ដោយ​ខាង​ម្ចាស់​រថយន្ត​CHEVROLET​ទាមទារ​សំណង​ចំនួន​៤​ពាន់​ដុល្លារ ហើយ​ក្រោយ​ពី​ចរ​ចា​​គ្នា​ច្រើន​ម៉ោង ​រួច​មក​បាន​ត្រូវរ៉ូវ​​ត្រឹម​៣​ពាន់​ដុល្លារ​ ជា​ការ​បញ្ចប់រឿង​​។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]