អង់គ្លេស៖ កំណត់ត្រាមិនធ្លាប់ចាញ់របស់ Liverpool ក្នុងរដូវកាលនេះត្រូវបានបំបែកដោយក្រុមមេឃខៀវ Manchester City កាលពីម៉ោង ៣ទាបភ្លឺនេះ ដោយក្រុមម្ចាស់ផ្ទះ Man City បានបំបាក់ក្រុមភ្ញៀវក្នុងលទ្ធផល ២ ទល់នឹង ១ ។

ការប្រកួតដ៏ជក់ចិត្តនេះ ក្រុមម្ចាស់ផ្ទះដែលជាអ្នកការពារតំណែងជើងឯករដូវកាលមុន រំពឹងថានឹងអាចស្វែងរក ៣ពិន្ទុសម្រាប់អ្នកគាំទ្រ និងសម្រាប់បន្ថយគម្លាតពិន្ទុទល់នឹងក្រុមកំពូលតារាង តែគ្រប់យ៉ាងហាក់មិនងាយស្រួលឡើយសម្រាប់ក្រុមម្ចាស់ផ្ទះ។ ប៉ុន្តែទោះបីជាបែបណាក៏ដោយ ក្រុមមេឃខៀវ Man City ក៏នៅតែមានឱកាសស្វែងរកគ្រាប់បាល់នាំមុខទៅលើក្រុមភ្ញៀវមុនដដែល ដោយនៅនាទីទី ៤០ កីឡាករ Aguero បានបំប៉ោងសំណាញ់ទីបានសម្រេច ដែលជាការបញ្ជូនយ៉ាងល្អពី Bernardo Silva ។

ចូលមកដល់តង់ទី ២ នៅនាទីទី ៦៤ ក្រុមភ្ញៀវក៏មានឱកាសតាមស្មើវិញដោយកីឡាករ Roberto Firmino ។ ក្រោយមកប៉ុន្មាននាទី ក្រុម Man City ក៏បានបើកការនាំមុខសាជាថ្មីម្តងទៀតដោយកីឡាករ Sane នៅនាទីទី ៧២ ហើយក៏ជាគ្រាប់ជ័យជម្នះសម្រាប់ Man City នៅសប្តាហ៍ទី ២១ ផងដែរ ។ 

ការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍ក្រោមក្រសែភ្នែកទស្សនិកជន ៥៤,៥១១ នាក់ លោកអាជ្ញាកណ្តាល Anthony Taylor បានចាយកាតលឿងរហូតដល់ ៦កាតផងដែរ ។ បរាជ័យនេះ គឺជារឿងដ៏គួរអោយសោកស្តាយសម្រាប់ Liverpool ដែលបាត់បង់ឱកាសលើកពានមាសរបស់ Premier League បើទោះបីជានៅមានឱកាសប្រជែងពានយ៉ាងណាក្ដី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]