វីតាមីនជាប្រភេទសារធាតុចិញ្ចឹម ដែលបានដើរតួនាទីសំខាន់ៗជាច្រើនក្នុងរាងកាយ រាប់តាំងពីតួនាទីការពារ  ទ្រទ្រង់ និងសាងសង់ ជាដើម។ 

វីតាមីនមានច្រើនប្រភេទ  ខ្លះបំពេញតួនាទីស្រដៀងគ្នា  ខ្លះខុសគ្នា។  ចំពោះវីតាមីនK ជាវីតាមីនមួយប្រភេទដ៏សំខាន់ដែលរាងកាយយើងត្រូវការជាចាំបាច់។ ខាងក្រោមជាអត្ថប្រយោជន៍សុខភាពពីវីតាមីនK៖

១. ល្អសម្រាប់សុខភាពឆ្អឹង

ការសិក្សាមួយចំនួនបានឲ្យដឹងថា វីតាមីនK ទ្រទ្រង់ភាពរឹងមាំនៃឆ្អឹង  ដោយបង្កើនដង់ស៊ីតេឆ្អឹងតាមរយៈការស្រូបយកសារធាតុកាល់ស្យូម ហើយកាត់បន្ថយហានិភ័យនៃបញ្ហាពុកឆ្អឹង និងបាក់ឆ្អឹង។

២. ល្អសម្រាប់សុខភាពនៃប្រព័ន្ធប្រសាទ

ការសិក្សាខ្លះបានរកឃើញទំនាក់ទំនងរវាងកម្រិតឈាមខ្ពស់នៃវីតាមីនK ជាមួយ ការកើនឡើងនៃសមត្ថភាពខួរក្បាល។

ការសិក្សាមួយចំពោះមនុស្សវ័យចំណាស់ អាយុ៧០ឆ្នាំឡើងទៅបានបង្ហាញថា បុគ្គល ដែលមានកម្រិតវីតាមីនKខ្ពស់ក្នុងឈាម មានការចងចាំល្អ និងការគិតរហ័ស ជាងក្រុមសំណាកផ្សេងទៀតដែលមានកម្រិតវីតាមីនKទាប។

៣. ល្អសម្រាប់សុខភាពបេះដូង

វីតាមីនK  ដើរតួនាទីយ៉ាងសំខាន់ដល់ការកាត់បន្ថយនៃការប្រមូលផ្តុំសារធាតុរ៉ែផ្សេងៗនៅតាមជញ្ជាំងនៃសរសៃឈាម។ កត្តានេះចូលរួមចំណែកកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផ្សេងៗដូចជា ជំងឺក្រិនរឹងសរសៃឈាម និងជំងឺគាំងបេះដូងជាដើម។

ការស្រាវជ្រាវមួយចំនួនបានរកឃើញថា ការទទួលទានអាហារសំបូរវីតាមីនKគ្រប់គ្រាន់បានកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។

រូបតំណាង

៤. ជួយឃាត់ឈាម

អ្នកដឹងទេវីតាមីនKជាសារធាតុមួយដ៏សំខាន់ក្នុងការផលិតផ្លាកែតរបស់ឈាម ដែលជាកោសិកាដ៏សំខាន់ធ្វើឲ្យឈាមកក នៅពេលយើងរលាត់ស្បែក ឬមានមុខរបួសផ្សេងៗទាំងក្នុង និងក្រៅខ្លួន។

វីតាមីនK ត្រូវបានប្រើប្រាស់សម្រាប់ផលិតសារធាតុ Prothrombin ដែលជាប្រូតេអ៊ីន និងជាភ្នាក់ងារឃាត់ឈាមឲ្យកកនេះឯង។ បើវីតាមីនKធ្លាក់ចុះ  ការផលិភ្នាក់ងារឃាត់ឈាមក៏ធ្លាក់ចុះខ្លាំងទៅតាមនោះដែរ។ ជាហេតុអាចប៉ះពាល់យ៉ាងខ្លាំងដល់អាយុជីវិត បើមានគ្រោះថ្នាក់រលាត់ចេញឈាម។

ដូច្នេះការទទួលទានអាហារដែលផ្តល់មកនូវវីតាមីនK ពិតជាសំខាន់ខ្លាំងណាស់សម្រាប់សុខភាពទូទៅរបស់យើង។

អាហារសំបូរវីតាមីនK មានដូចជា៖ ត្រី សាច់ ស៊ុត ស្ពៃក្តោប ស្ពៃខាត់ណា ស្ពៃរួញ និង បន្លែស្លឹកបៃតងជាច្រើនផ្សេងទៀត៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]