រៀបការគឺជារឿងសំខាន់ណាស់នៅក្នុងជីវិត ព្រោះវាជាការបន្ថែមសមាជិកសម្រាប់ជីវិតម្នាក់ទៀត ដែលគេគ្រាន់តែជាអ្នកដទៃសុទ្ធសាធ មិនជាប់សាច់ញាតិអ្វីនឹងយើងឡើយ។ បងប្អូនកើតពីពោះម្ដាយតែមួយ នៅមិនត្រូវរ៉ូវគ្នា ចុះទម្រាំគេអ្នកផ្សេងទៀត ដែលយើងត្រូវជ្រើសយកមករស់នៅបន្តដំណើរជីវិតជាមួយ តើឱ្យទុកចិត្តបានយ៉ាងម៉េចទៅ។ ដូច្នេះការសម្រេចចិត្តរៀបការ ការព្រមទទួលយកនរណាម្នាក់មករួមដំណើរជីវិតជាមួយ វាមិនមែនជារឿងដែលងាយស្រួលឡើយ សូមគិតឱ្យបានច្បាស់លាស់ សូមគិតឱ្យបានដិតដល់ មត់ចត់ប្រាកដប្រជា មុននឹងឱ្យអាពាហ៍ពិពាហ៍កើតឡើង បង្កើតបានជាគ្រួសារថ្មីមួយទៀត។ សូមកុំសម្រេចចិត្តរៀបការ ព្រោះតែចំណុចដូចខាងក្រោមនេះ ៖

១. រៀបការព្រោះតាមការសម្រេចចិត្តរបស់ម៉ាក់ប៉ា
ដឹងថា ឪពុកម្ដាយគ្រប់រូប សុទ្ធតែចង់ឱ្យកូនល្អ ចង់ឃើញកូនមានអនាគត ជួបមនុស្សល្អៗ តែក៏មិនប្រាកដថា គាត់មើលមនុស្សត្រូវទាំងអស់នោះដែរ ព្រោះពេលខ្លះ គាត់អាចនឹងមើលគេឃើញតែមួយជ្រុង ឬអាចនិយាយបានថា គាត់មើលឃើញតែទ្រព្យសម្បត្តិ ឬឋានៈបុណ្យសក្តិរបស់គេ។

២. រៀបការតាមតែចិត្តខ្លួនឯងស្រឡាញ់មួយឆាវ

អ្នកខ្លះ ហ៊ានបំពានការសម្រេចចិត្តអ្នកមានគុណ ព្រោះតែអារម្មណ៍លង់ស្រឡាញ់គេខ្លាំង ត្រូវចាំថា មនុស្សទោះស្រឡាញ់គ្នាប៉ុនណា ស្គាល់គ្នាយូរប៉ុនណា ក៏មិនប្រាកដថា គេបង្ហាញធាតុពិតរបស់គេឱ្យយើងដឹងច្បាស់នោះដែរ។ ដូចមនុស្សខ្លះ មុនការផ្សេង ការហើយផ្សឹង មិនដូចដើមឡើយ អ៊ីចឹងហើយ ខ្លួនឯងត្រូវគិតឱ្យមែនទែន សម្រេចចិត្តឱ្យច្បាស់ សួរឪពុកម្ដាយឱ្យគាត់ជួយមើលឱ្យបានត្រឹមត្រូវ។

៣. រៀបការព្រោះខ្លាចគេថាខ្លួនឯងចាស់អាយុច្រើន
កុំខ្វល់ពីសម្ដីអ្នកដទៃ ត្រូវចាំថា យ៉ាងណា បើមិនទាន់ជួបមនុស្សត្រូវចិត្ត ខ្លួនឯងមិនទាន់មានការងារធ្វើត្រឹមត្រូវ មុខរបរច្បាស់លាស់ទេ កុំទាន់អាលការអី ព្រោះវាមានហានិភ័យណាស់ ជាពិសេសគឺប្រុសៗ បើមិនទាន់អាចរកលុយបានទេ កុំនាំកូនគេទៅលំបាកជាមួយឪពុកម្ដាយខ្លួនឯងទៀត។

៤. រៀបការព្រោះឃើញគេការអស់ហើយនៅតែឯង
កុំគិតបែបហ្នឹងអី សុខចិត្តថា ការទាំងមុខចាស់ វាក៏ល្អជាងការហើយមុខចាស់ព្រោះតែពិបាកចិត្ត វេទនាចិត្ត ដ្បិតរស់នៅមិនចុះសម្រុងគ្នា គេមានថ្មីក្បត់ចិត្តយើង សូវឱ្យមើលចិត្តថ្លើមគ្នាសិនទៅ ល្អជាជាង។ 

រូបភាពតំំណាង

៥. កុំរៀបការព្រោះឃើញគេមាន រាងគេស្អាតសង្ហា
មានប៉ុនណា ស្អាតសង្ហាយ៉ាងណា ក៏មិនប្រាកដថាគេអាច ផ្ដល់ក្ដីសុខសុភមង្គលឱ្យយើងបានដែរ។ កុំរៀបការព្រោះឃើញទ្រព្យសម្បត្តិគេ ឃើញម៉ែឪគេមានឱ្យសោះ មនុស្សខ្លះ ល្អតែពូជពង្សវង្សត្រកូល តែកូនមិនកំណើតឡើយ មនុស្សខ្លះ មានពេក ល្អពេក ក៏បែរជាមើលងាយយើង មើលស្រាលគ្រួសារ ឪពុកម្ដាយបងប្អូនយើង។

៦. រៀបការព្រោះចង់បំភ្លេចស្នេហាចាស់
កុំគិតថា ការជ្រើសយកអ្នកថ្មី ជាវិធីល្អដើម្បីបំភ្លេចអ្នកចាស់ ធ្វើបែបនេះ ដូចធ្វើបាបចិត្តអ្នកថ្មីអ៊ីចឹង ត្រូវដឹងថា មិនអាចយកអ្នកនេះមកជំនួសអ្នកនោះបានទេ ព្រោះថ្ងៃណាមួយអ្នកនឹងប្រៀបធៀបគេជាមួយនឹងមនុស្សដែលអ្នកធ្លាប់ស្រឡាញ់មិនខាន ។

៧. កុំរៀបការព្រោះចង់បានដើមទុនរកស៊ី
អ្នកខ្លះគិតថា ការរួចខ្លួននឹងបានចំណងដៃ ដើម្បីយកមកធ្វើដើមទុនរកស៊ី ឬម្យ៉ាងទៀតថា ដើម្បីឱ្យមានលុយផ្ទាល់ខ្លួនឯង។ អ្នកប្រាកដចិត្តឬថា ការហើយអ្នកនឹងចំណេញ វាមិនអ៊ីចឹងទេ ទោះការហើយឪពុកម្ដាយឱ្យលុយក៏ដោយ តែបើអ្នកមិនមានអ្វីឱ្យច្បាស់លាស់ទេ វាក៏មិនដុះដាលទៅណាដែរ។ កុំគិតថា គ្រប់ការរកស៊ីវាងាយស្រួលនោះ យ៉ាងណា ក៏ត្រូវប្រឈមមុខនឹងការខាតបង់ដែរ។

៨. កុំរៀបការព្រោះចង់ចាកចេញពីគ្រួសារ
អ្នកខ្លះ ចង់ការព្រោះដើម្បីបានចេញផ្ទះ ធុញនឹងឪពុកម្ដាយរអ៊ូ បិទសិទ្ធិសេរីភាពខ្លួនឯង ចុះអ្នកគិតថា អនាគតប្ដីអ្នកប្រពន្ធអ្នក គេចិត្តទូលាយផ្ដល់សេរីភាពឱ្យអ្នកឬ? អ្នកគិតថា គេពិតជាស្រឡាញ់ អាចមើលថែអ្នកបានល្អជាងឪពុកម្ដាយអ្នកឬ? គឺមិនល្អដូចការគិតទេ ២%ប៉ុណ្ណេាះ ដែលអ្នកអាចមានសំណាងបានជួបមនុស្សល្អ ស្រឡាញ់អ្នកជាងគ្រួសារអ្នកនោះ។ កុំភ្លេចថា នៅក្នុងលោកយើងនេះ គ្មានអ្នកណា ស្រឡាញ់យើងស្មោះ លះបង់ទាំងអស់ដើម្បីយើង ដូចឪពុកម្ដាយយើងឡើយ។  

ខ្មែរឡូត សូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]