ការពិតណាស់របៀបនៃការគេង និងក្រោកពីដំណេក គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ។ បើយើងមិនបានរៀបចំទម្លាប់នៃការគេង និង ការអនុវត្តក្រោយពីដំណេកឲ្យបានល្អទេ នោះវាធ្វើឲ្យផ្នែកណាមួយនៃរាងកាយរបស់យើងមានអាការៈឈឺចុកចាប់ជាក់ជាមិនខាន។ តួយ៉ាងដូចជាការឈឺក ជាដើម មានពេលខ្លះនៅពេលដែលអ្នកក្រោកពីដំណេកភ្លាម អ្នកចាប់ផ្តើមមានអារម្មណ៍ថាឈឺចុកចាប់ត្រង់ក ខ្លាំង។

ដូចនេះហើយអ្នកគួរតែងាកមកសាកល្បង នូវការអនុវត្តវិធីល្អៗទាំង១០យ៉ាងខាងក្រោមនេះ ព្រោះវាអាចនឹងជួយឲ្យការឈឺចុកចាប់ក របស់អ្នកបានធូរស្បើយ។

១. របៀបនៃការក្រោកពីដំណេក

អ្នកត្រូវដឹងថានៅពេលដែលអ្នកដឹងខ្លូនពីដំណេកភ្លាម រាងកាយទាំងមូលរបស់អ្នកនៅស្ពឹកស្រពន់នៅឡើយ។ ដូច្នោះហើយ បើអ្នកចាប់ផ្ដើមមានអារម្មណ៍ថាឈឺក ហើយព្យាយាមរើបំរាស់ ឬស្ទុះងើបភ្លាមៗ វាអាចធ្វើឲ្យករបស់អ្នកគ្រិច និងឈឺលើសដើម។ ដូចនេះអ្នកគួរតែព្យាយាមអនុវត្តនៃការក្រោកតាមសម្រួល។

២. ងូតទឹកក្តៅឧណ្ណៗ

អ្នកគួរតែងូតទឹកក្តៅឧណ្ណៗនៅត្រង់បរិវេនកដែលអ្នកកំពុងឈឺ ពីព្រោះវាអាចជួយឲ្យសាច់ដុំកមានសភាពធូរស្បើយ និងកាត់បន្ថយការឈឺចាប់។ វិធីកាន់តែល្អជាងនេះទៅទៀត អ្នកអាចជ្រើសរើសយកប្រេងធម្មជាតិណាមួយដែលអ្នកចូលចិត្ត ដោយបន្តក់ពីរទៅបីតំណក់នៅពេលដែលអ្នកកំពុងងូតទឺកក្ដៅឧណ្ណៗ។ ឬអ្នកអាចបន្តក់វាទៅលើខោអាវ ឬកន្សែងដែលអាចស្រូបយកជាតិប្រេងនោះបាន ហើយដាក់វានៅក្បែរអ្នក នៅដែលអ្នកកំពុងងូតទឺកក្ដៅឧណ្ណៗ។

រូបតំណាង

៣. ត្រូវសម្គាល់ចលនាបែបណាធ្វើឲ្យឈឺក និងមិនឈឺ

វិធីនេះអាចជួយឲ្យការឈឺចុកចាប់ត្រង់របស់អ្នកបានធូរស្បើយ ប្រសិនបើអ្នកអាចសម្គាល់ការធ្វើចលនា ឬរើត្រង់ចំណុចណាដែលឈឺ ដូចនេះអ្នកអាចដឹង និងចៀសកន្លែងដែលឈឺបាន។ បើអាចអ្នកគួរតែចៀសពីការរើបំរាស់ចំកន្លែង ដែលឈឺចុកចាប់ វានោះអាចធ្វើឲ្យកន្លែងនោះជាសះស្បើយបន្តិចៗម្តងៗ។  

រូបតំណាង

៤. ព្យាយាមកម្តៅសាច់ដុំមុនគេក្រោយពីដំណេក

អ្នកគួរតែព្យាយាមចំណាយពេលវេលាបន្តិច ក្រោយក្រោកពីដំណេក អ្នកគួរតែព្យាយាមធ្វើចលនាឲ្យបានច្រើន ដើម្បីជួយកម្ដៅសាច់ដុំ និងធ្វើឲ្យករបស់អ្នកបានធូរស្បើយ។ ទម្លាប់នេះវាអាចជួយការឈឺចុកចាប់ត្រង់ក មានសភាពធូរស្បើយបន្តិចម្ដងៗ។

៥. សម្គាល់បញ្ហាផ្លូវដង្ហើម

អ្នកត្រូវដឹងថាបើផ្លូវដង្ហើមរបស់អ្នកមិនស្រួល វាក៏អាចធ្វើឲ្យសភាពនៃការគេងរបស់អ្នកមានសភាពខុសឆ្គង និងបណ្ដាលឲ្យរាងកាយមានការឈឺចុកចាប់ផងដែរ។ បញ្ហាផ្លូវដង្ហើមនេះ គឺបណ្ដាលមកពីភាពតានតឹង ឬ ស្រ្តេសច្រើនពេក។ ដូចនេះវាធ្វើឲ្យដង្ហើមអ្នកដកមិនស្រួល និងធើ្វឲ្យការគេងរបស់អ្នកគ្មានភាពប្រក្រតី ហើយបណ្តាលឲ្យឈឺក។  

៦. ធ្វើសរសៃកថ្នមៗ

អ្នកគួរតែអាចព្យាយាមធ្វើសរសៃកថ្នមៗ ដើម្បីឲ្យសាច់ដុំករបស់មានសភាពធូរស្បើយបន្តិចម្ដងៗ ហើយចៀសវាងការធ្វើសរសៃខ្លាំងៗ។ អ្នកត្រូវជ្រើសយកវិធីធ្វើសរសៃណាប្រកបដោយភាពត្រឹមត្រូវ ដើម្បីចៀសវាងឲ្យសាច់ដុំករបស់អ្នកមានសភាពឈឺលើសដើម។

រូបតំណាង

៧. ជ្រើសរើសយកការស្អំកម្តៅឧណ្ណៗត្រង់បរិវេណក

អ្នកអាចសាកល្បងវិធីស្អំកម្ដៅឧណ្ណៗត្រង់កដូចខាងក្រោម៖
• លាយអំបិលជាមួយទឹកក្ដៅឧណ្ណៗ
• ទឹកខ្មេះប៉ោម
• ដាក់ទឹកក្តៅឧណ្ណៗ
• ប្រភេទស្លឹកបៃតង ( Peppermint, wintergreen) ឬ ជ្រើសរើសយកប្រេងណាមួយដែលអ្នកចូលចិត្ត ដោយបន្តក់ពីរទៅបីតំណក់នៅលើកន្សែង ឬក្រណាត់អ្វីមួយ។

៨. ការម៉ាស្សាតាមបែបជីវសាស្រ្ត

ការម៉ាស្សាតាមបែបជីវសាស្រ្ត គឺអាចធើ្វឲ្យដឹង និងកំណត់សម្គាល់ពីអាការៈដែលយើងឈឺភ្លាមៗ។មិនតែប៉ុណ្ណោះ ការម៉ាស្សាប្រភេទនេះអាចព្យាបាលកន្លែងឬសគល់ណាមួយដែលនាំឲ្យយើងឈឺកបានយ៉ាងមានប្រសិទ្ធភាព។ ការម៉ាស្សាប្រភេទនេះផងដែរ គឺអាចជួយឲ្យអាការៈនៃការឈឺកមានការធូរស្បើយភ្លាមៗ ពីព្រោះតែការម៉ាស្សាតាមបែបជីវសាស្រ្តនេះ គឺជាការព្យាបាលឯកទេសខ្លាំងខាងសាច់ដុំ, សរសៃប្រសាទ និងសន្លាក់។  

រូបតំណាង

៩. ការប្រើប្រាស់ថ្នាំ

អ្នកត្រូវប្រាកដថាអាការៈឈឺករបស់អ្នក គឺស្រាល និងមិនធ្ងន់ធ្ងរ។ ដូចនេះអ្នកអាចប្រើប្រាស់ថ្នាំបានដោយជំនួសឲ្យការម៉ាស្សាតាមបែបជីវសាស្រ្ត។

១០. សម្រាកឲ្យបានច្រើន

អ្នកត្រូវដឹងថានៅពេលដែលអ្នកមានអាការៈឈឺកក្រោយក្រោកពីដំណេក ហើយបើអ្នកព្យាយាមធ្វើការងារផ្សេងៗដោយមិនព្យាយាមសម្រាកឲ្យបានច្រើននោះធ្វើឲ្យសាច់ដុំ និងសន្លាក់កាន់តែឈឺកើនឡើងទ្វេរដង។ ដូចនេះអ្នកគួរតែសម្រាក ឬទម្រេតខ្លួនគេងឲ្យបានច្រើនហើយដកដង្ហើមចេញចូលយឺតៗ។ ធ្វើដូចនេះគឺអាចជួយសម្រាលដល់រាងកាយរបស់អ្នកបន្ថយភាពតានតឹង និងធ្វើឲ្យអាការៈឈឺករបស់អ្នកមានសភាពធូរស្បើយ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]