រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​មាន​បញ្ហា​គ្រួសារ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី​មិន​ព្រម​ចរចា​ដោយ​សន្តិវិធី បែរជា​គិត​ខ្លី​ជ្រើសរើស​យក​ការ​លោតទឹក​សម្លាប់​ខ្លួន​ជា​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ទៅ​វិញ សំណាងល្អ​ត្រូវ​បាន​អ្នក​រត់​កង់​បី​ឥណ្ឌា​បើក​លឿន​ហក់លោត​ទៅ​ជួយ និង​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទីនោះ​ឃើញ​ហេតុការណ៍​ទាន់​ក៏​ជួយ​ទាញ​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​មក​ចោមរោម​មើល​ដោយ​ការ​ងឿងឆ្ងល់​គ្រប់​គ្នា ដែល​កើតឡើង​កាលពី​ម៉ោង​11​នឹង​15​នាទី​យប់ ថ្ងៃ​ទី​1 ខែមករា ឆ្នាំ​2019 នៅ​លើ​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស​ថ្មី ស្ថិត​ក្នុង​ទឹកដី​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​។

ប្រភព​ពី​បុរស​ម្នាក់​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់ និង​ជួយ​សង្គ្រោះ​ស្ត្រី​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន​បាន​ប្រាប់​ថា ស្ត្រី​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ហើយ​មុន​មានការ​ភ្ញាក់ផ្អើល គឺ​គាត់​ឃើញ​ស្ត្រី​ខាងលើ​ដើរ​តែ​ម្នាក់ឯង​សំដៅ​ឡើង​ទៅ​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស​ថ្មី​ដល់​ពាក់កណ្ដាល​ស្ពាន ស្រាប់តែ​ឃើញ​នាង​ឡើង​លើ​បង្កាន់ដៃស្ពាន​បម្រុង​លោត​ចូល​ទៅ​ក្នុង​ទឹកតែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ឃើញ​ដូច្នោះ​គាត់​បន្ថែម​ល្បឿន​ម៉ូតូ​យ៉ាង​លឿន ហើយ​ឈប់​ស្ទុះ​លោត​ទៅ​ចាប់​ទាញ​ជើង​ជាប់ និង​មាន​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ ក៏​ចុះ​មក​ជួយ​លើក​ស្ត្រី​រូប​នោះ​ចេញពី​បង្កាន់ដៃស្ពាន និង​សួរនាំ​រក​មូលហេតុ​ពី​ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​នេះ តែ​នាង​មិន​ព្រម​និយាយ​ស្តី​អ្វី​ទាំងអស់​។

បន្ទាប់​ពី​ឃាត់​នាង​បាន ពួក​គាត់​យក​ទូរស័ព្ទ​ដៃ​ជាប់​នឹង​ខ្លួន​របស់​គាត់​ទូរស័ព្ទ​ទៅ​រក​ក្រុម​គ្រួសារ ក៏​បាន​ជួប​ប្តី​របស់​នាង សួរនាំ​ប្តី​ពី​មូលហេតុ​គាត់​មិន​បាន​និយាយ​អ្វី​ច្រើន​ពី​បញ្ហា​គ្រួសារ​គាត់​ឲ្យ​ដឹង​ច្រើន​នោះ​ទេ គ្រាន់តែ​ប្រាប់​ថា បាន​ឈ្លោះ​គ្នា​ជាមួយ​គាត់ ហើយ​ដើរ​ចេញ​បាត់​ពី​ផ្ទះ​នៅ​ផ្លូវ​2004 សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ តាំងពី​ល្ងាច ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ក៏​លេចមុខ​នាង​នៅ​លើ​ស្ពាន​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន​ទៅ​វិញ ។

ក្រោយ​កើតហេតុ​ការណ៍​បុរស​ជា​ស្វាមី​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​យកប្រពន្ធ​ខ្លួន ពេល​មក​ដល់​នាង​មិន​ព្រម​ឡើង​ទៅ​ជាមួយ​ទេ បូក​រួម​នឹង​ខ្មាស​គេ​ផង បុរស​ជា​ប្តី​នោះ​ក៏​បើក​ម៉ូតូ​ទៅ​ចោល​នាង​បាត់​ទៅ ដូច​ជា​មិន​ខ្វាយខ្វល់ និង​បារម្ភ​ពី​សុវត្ថិភាព​ប្រពន្ធ​អី​បន្តិច​សោះ ដោយសារ​តែ​ពី​បុរស​ជា​ប្តី​មិន​ខ្វាយខ្វល់​ពី​ប្រពន្ធ ក៏​មាន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​បញ្ចេញ​មតិយោបល់​និយាយ​ណែនាំ​នូវ​ពាក្យ​សំដី​ល្អ​ឱ្យ​នាង​គិត​សារ​ជា​ថ្មី កុំ​ជ្រើសរើស​យក​ការ​ធ្វើ​អត្តឃាត​ជា​ដំណោះស្រាយ​បញ្ហា​គ្រួសារ​អី ភ្លាម​នោះ​ស្ត្រី​ខាងលើ​ក៏​មិន​ឆ្លើយ​តប​អ្វី​ទេ ដោយ​គាត់​ចង់ទៅ​ផ្ទះ​ក៏​ត្រូវ​អ្នក​រត់​កង់​បី​ឥណ្ឌា​ម្នាក់​ជួយ​ដឹក​ទៅ​ផ្ទះ​ដោយ​មិន​គិត​សេវា​ធ្វើ​យ៉ាងណា​ឱ្យ​តែ​ស្ត្រី​រូប​នោះ​ចេញ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]