ខេត្តកំពង់ស្ពឺ៖ បក្ខពួក​ក្រុម​ឆបោក​លក្ខណៈ​ប្រព័ន្ធ​របៀប​ចងការ​ប្រាក់​ពី​អ្នកមាន​លុយ (​ចងការ​ប្រាក់​) ក្នុង​ចំណោម​ច្រើន​នាក់​ត្រូវ​បាន​ឃាត់ខ្លួន បន្ទាប់​ពី​ទ​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​រួច​មក ។

ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១ មក​រា នេះ នៅ​ភូមិ​អណ្ដូង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​ខេត្ត​កំពង់ស្ពឺ ។

ប្រភព​បានអោយ​ដឹង​ថា កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ បាន​បើក​ប្រតិបត្ដិការ​ស៊ើបអង្កេត​ស្រាវជ្រាវ តាម​បណ្ដឹង​របស់​ជន​រង​គ្រោះ និង​បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ចំនួន​០២​នាក់​ជា​បន្តបន្ទាប់ ។

ជនសង្ស័យ​រួម​មាន​១- ឈ្មោះ ម៉ា រ័​ត្ន​មុន្នី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​84E1 ផ្លូវ​លេខ​១៤១ ក្រុម​ទី​៦ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដើរតួរ​ជា​អ្នក​ខ្ចីប្រាក់ (​កូនបំណុល​) ២-​ឈ្មោះ ស៊ុន សុភា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អណ្ដូង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដើរតួរ​ជា​អ្នកសម្របសម្រួល​លើ​ការ​រក​អ្នកមាន​ប្រាក់ (​ជំនួយការ​ផ្នែក​ច្បាប់ និង​ធានា​ផ្នែក​ហិរញ្ញវត្ថុ​) ចំណែក​បក្ខពួក​មួយ​ចំនួន​ទៀត​ដែល​រត់គេច​ខ្លួន​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​បន្ត ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​បង្ហើប​ថា​« ដំបូង​នោះ គឺ​ក្រុម​ជនសង្ស័យ​ដើរតួ​ស្វែងរក​អ្នកមាន​ប្រាក់ ដែល​ប្រកប​មុខរបរ​រកស៊ី​ចងការ​ប្រាក់ ហើយ​បន្ទាប់​មក​ពួក​គេ​ផ្ដល់​លេខ​ទូរស័ព្ទ​អោយទៅ​អ្នក​ផ្សេង ដែល​ជា​បក្ខពួក​ដើរតួរ​ចង់​ខ្ចីប្រាក់ ។ បន្ទាប់​មក​គេ​រៀប​ផែនការ​ដោយ​អោយ​អ្នក​ផ្សេង​ទៀត​ទូរស័ព្ទ​រក​អ្នក​ចងការ​ប្រាក់ (​ម្ចាស់​បណ្តឹង​) ដោយ​ប្រាប់​ថា​ចង់​ខ្ចីប្រាក់ បង់​ផ្ដាច់​នៅ​ធនាគារឯកជន ហើយ​ចំពោះ​ការ​ខ្ចី គឺ​មិនយូរ​នោះ​ទេ ហើយ​ការ​ខ្ចី គឺ​គេ​ខ្ចី​រយៈពេល​ខ្លី​និង​ផ្ដល់​ការ​ប្រាក់​ខ្ពស់​ទៀត​ផង​» ។

ដោយ​លង់​នឹង​ល្បិច​របស់​ក្រុម​ជន​ឆបោក​ម្ចាស់​លុយ​ក៏​ព្រម​ប្រគល់​លុយ​ទៅ​តាម​ចំនួន​ដែល​បាន​និយាយ​គ្នា​ទៅ​អោយ​ក្រុម​ជនសង្ស័យ ។ អ្វី​ដែល​ម្ចាស់​លុយ​ជឿ​ស្លុង​មែនទែន គឺបន្ទាប់​ពី​បាន​ប្រាក់​ពី​ម្ចាស់បំណុល​រួច ក្រុម​ជនសង្ស័យ​បាន​ណាត់​ថា នៅ​ពេល​ខាង​ធនាគារ​ហៅ គឺ​គេ និង​នាំ​ម្ចាស់បំណុល​ទៅ​បើកប្រាក់​ផ្ទាល់​តែ​ម្ដង កុំអោយ​ពិបាក​យក​មក​សង​ដល់​ផ្ទះ​។

ក្រោយមក​ពេល​ដល់​ថៃ្ង​ណាត់ គឺ​គេ​បាន​នាំ​ម្ចាស់បំណុល​ទៅ​ដល់​ធនាគារឯកជន​ណាមួយ​មែន​លុះ​ពេល​ទៅ​ដល់​ពួក​គេ​ប្រើ​ល្បិច​មួយទៀត គឺ​ភ្លេច​យក​អត្ដសញ្ញាណប័ណ្ណ​ពេល​នោះ​ជនសង្ស័យ (​ឈ្មោះ ម៉ា រ័​ត្ន​មុន្នី​) សុំ​ថា ទៅ​យក​ឯកសារ​នៅផ្ទះ​រួច​ក៏​គេចខ្លួន​រហូត ។

បើ​តាម​ការ​រៀបរាប់​របស់​ម្ចាស់​លុយ (​លាក់​អត្តសញ្ញាណ​) គឺ​ម្ចាស់​មុន​ពេល​ឲ្យ​ប្រាក់​ខ្ចី​បាន​មើល​ឯកសារដែរ តែ​ក្រុម​ជនសង្ស័យ (​កូនបំណុល​) ជំពាក់​ខាង​ធនាគារ​មួយ​ណា ហើយ​លុយ​ដែល​នៅ​សល់​មាន​ប៉ុន្មាន​ជាក់ស្ដែង តែ​ឯកសារ​ដែល​គេ​យក​មក​បង្ហាញ​នោះ គឺជា​ឯកសារ​ក្លែងក្លាយ​ទាំងអស់ ។

តាម​ចម្លើយ​សារភាព​ឯកសារ​ក្លែង​ទាំងនោះ គឺ​រៀបចំ​ដោយ​ឈ្មោះ ស៊ុន សុភា តែ​ម្ដង ។ សមត្ថកិច្ច​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​មុខរបរ​រកស៊ី​ចងការ​ប្រាក់​លក្ខណៈ​ឯកជន សូម​មេត្ដា​ពិនិត្យ​មើល​មនុស្ស និង​ឯកសារ​អោយ​បាន​ជាក់លាក់​មុន និង​ផ្ដល់​ប្រាក់​ជូន​ព្រោះ​ប​ច្ចប្ប​ន្ន​ក្រុម​នេះ​មាន​បណ្ដាញ និង​មេ​ក្លោ​ង​ជា​អ្នកមាន​អំណាច​ខ្លាំង នៅ​ពីក្រោយ​ខ្នង​ពិសេស​ករណី​មាន​គេ​ឃាត់ខ្លួន ឬ​ចាប់ គឺ​ពួក​គេ​មិន​ព្រម​ឆ្លើយ​ដាក់​មេ​ក្លោ​ង​ជា​ដាច់ខាត និយាយ​រួម​ខ្លាំង​ជាង​មេចោរ​ប្លន់​ទៅ​ទៀត ដោយ​ពួក​គេ​ត្រូវ​បាន​មេ​ក្លោ​ង​បញ្ចេះ​ថា ជា​រឿង​កិច្ចសន្យា​មិនមែន​រឿង​ព្រហ្មទណ្ឌ​នោះ​ទេ​ទោស​មិន​ជាប់​ពន្ធនាគារ គេ​ត្រឹមតែ​សង​ប្រាក់​ទៅ​ដើមបណ្ដឹង​វិញ តាម​លទ្ធភាព​តែ​ប៉ុណ្ណោះ​ចំណុច​នេះ​ហើយ​ដែល​គេ​ចាញ់បោក​ការ​ញុះញង់ និង​ធានា​ពី​មេ​របស់​គេ ។

លោក​វរសេនីយ៍ឯក សម សាក់ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​បញ្ជាក់​ថា ក្រុម​នេះ​នៅ​មាន​បក្ខពួក​មួយ​ចំនួន​ទៀត​ដែល​ខាង​ជំនាញ​កំពុង​តែ​បន្ដ​នីតិវិធី​ស្រាវជ្រាវ ដើម្បី​ធ្វើការ​ឃាត់ខ្លួន​យក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ដើម្បី​ចាត់ការ​បន្ត ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]