ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមួយមានកូនតែម្នាក់នាំគ្នាទៅលេងស្រុកថៃ បែរជួបរឿងអកុសល កូនលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅខេត្តឈុនបុរី ត្រូវបានភាគីថៃដឹកបញ្ជូនសពតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី១ មករា ២០១៩។
ជនរងគ្រោះដែលស្លាប់ខាងលើឈ្មោះម៉ាន់ ចាន់រតនា ភេទប្រុស អាយុ៩ឆ្នាំ មានទីលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឱ្យដឹងថា យោងតាមការសាកសួរពីសាច់ញាតិរបស់ក្មេងប្រុសរងគ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី៣១ ធ្នូ ២០១៩ ឪពុកម្តាយបាននាំកូនទៅដើរលេងជាលក្ខណៈទេសចរក្នុងខេត្តកើតហេតុខាងលើ ហើយក្មេងប្រុសរងគ្រោះអាចដើររអិលដួលបោកក្បាលនឹងមាត់ច្រាំងទន្លេ បណ្តាលឱ្យធ្លាក់ចុះទឹក ស្របពេលទឹករលកបោកបក់មកខ្លាំងក៏លិចក្មេងប្រុសរងគ្រោះតែម្តង ។
ប្រភពដដែលបានបន្តថា ឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះរវល់ហូបបាយអង្គុយទល់មុខគ្នាលុះក្រឡេករកមើលកូនដែលឲ្យលេងទឹកនៅចំណុចកើតហេតុស្រាប់តែបាត់ ក៏ផ្អើលដល់ម្ចាស់ទីតាំងនាំគ្នាចុះរាវរក ទើបរកឃើញក្មេងប្រុសរងគ្រោះ ប៉ុន្តែមិនអាចជួយបានឡើយ គឺក្មេងប្រុសរងគ្រោះបានស្លាប់បាត់ទៅហើយ។
សពក្មេងប្រុសរងគ្រោះខាងលើត្រូវបានឪពុកម្តាយ និងសាច់ញាតិជួលរថយន្តដឹកបន្តទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]