(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ត HIGHLANDER លឿន​ដូច​ហោះ​បានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បាក់អស់៣កង់ បែកពេញផ្លូវរួចក្រឡាប់​រថយន្ត​ផ្ងារ​ជើង​ម្ខាង​ ចំណែក​ឯ​អ្នក​បើកបរ​រងរបួសស្រាល គេចខ្លួនបាត់​ស្រមោល​។

ហេតុការណ៍នេះ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង នៅម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​មហាវិថីសហព័ន្ធ​រុស្សី​ ចំណុចស្តុបក្តាន់ពីរ ស្ថិត​ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។

តាមប្រភពព័ត៌មានពី​កន្លែង​កើតហេតុបាន​ប្រាប់​ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត HIGHLANDER មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5286 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវលាន់​ដូច​រន្ទះ ​បណ្ដាល​ឲ្យ​បាក់អស់៣កង់ បែករាយប៉ាយពេញផ្លូវរថយន្ត​ខ្ទាត​ឆ្លងទៅផ្លូវម្ខាងទៀតប្រមាណជា១០ម៉ែត្រ ក្រឡាប់ផ្ងារជើងម្ខាងរង​ការខូចខាត​យ៉ាង​ដំណំ​ ចំណែកឯម្ចាស់រថយន្តបានរងរបួសស្រាល ហើយបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែ​ម្តង​។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ នៅពេលក្រោយ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]