ឈើរី ជាផ្លែឈើប្រភេទនាំចូល ដែលមានរសជាតិប្លែកម្យ៉ាង ផ្អែមលាយចត់បន្តិច  ហើយអាចរកទិញបាននៅតាមទីផ្សារ។  ផ្លែឈើនេះផ្ទុកទៅដោយសារធាតុចិញ្ចឹមយ៉ាងច្រើនសំបូរបែប រាប់តាំងពីវីតាមីន សារធាតុរ៉ែ សារធាតុសរសៃ និងសារធាតុប្រឆាំងរ៉ាឌីកាល់សេរីដែលធ្វើឲ្យវាជាផ្លែឈើមួយដ៏ល្អខ្លាំងសម្រាប់សុខភាព។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង ៤យ៉ាងទទួលបានពីការហូបផ្លែឈើរី៖

១.  ប្រភពនៃសារធាតុរ៉ែសំខាន់ (ប៉ូតាស្យូម)

អ្នកដឹងទេថា ប៉ូតាស្យូម ជាសារធាតុរ៉ែដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសំពាធឈាមឲ្យស្ថិតក្នុងកម្រិតមួយធម្មតា។ នេះ ជាកត្តាមួយដ៏សំខាន់ផងដែរ ក្នុងការកាត់បន្ថយនូវហានិភ័យនៃជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាម ជំងឺលើសឈាម ។ ក្រៅពីនេះ លំនឹងនៃសារធាតុប៉ូតាស្យូម បានកាត់បន្ថយនូវបញ្ហារមួលសាច់ដុំ និង បង្កើននូវកំលាំងសាច់ដុំទៀតផង។

ដូច្នេះ បំពេញនូវរបបអាហាររបស់អ្នកជាមួយនឹងផ្លែឈើរី ដើម្បីជួយបំពេញបន្ថែមនូវកង្វះនៃប៉ូតាស្យូម ដែលជាសារធាតុរ៉ែមួយដ៏សំខាន់។ 

រូបតំណាង

២. ជំរុញសុខភាពបេះដូង

សារធាតុប្រឆាំងជាតិពុលទទួលបានពីផ្លែឈើរី ត្រូវបានគេសិក្សាឃើញថា វាបានជួយយ៉ាងខ្លាំងដល់សុខភាពនៃប្រព័ន្ធរបត់ឈាម។  ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Michigan នៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ផ្លែឈើរីអាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបាន។

សារធាតុសរសៃ និងសារធាតុអង់ដូស៊ីយ៉ានីន (Anthocyanin) ទទួលបានពីផ្លែឈើរីជំរុញយ៉ាងខ្លាំងដល់សុខភាពបេះដូង កាត់បន្ថយកម្រិតនៃកូលេស្តេរ៉ុលមិនល្អ និងបង្កើនកូលេស្តេរ៉ុលល្អៗដែលមិនត្រឹមផ្តល់ផលវិជ្ជមានដល់បេះដូងប៉ុណ្ណោះទេ ថែមទាំងជួយដល់ការកាត់បន្ថយហានិភ័យនៃជំងឺក្រិនរឹងសរសៃឈាមទៀតផង។

រូបតំណាង

៣. ប្រឆាំងនឹងជំងឺមហារីក

ម៉ូលេគុលនៃរ៉ាឌីកាល់សេរីត្រូវបានគេសិក្សាឃើញថាជាភ្នាក់ងារមួយដ៏ចំបងបង្កជំងឺទូទៅសព្វថ្ងៃនេះ។ ម៉ូលេគុលនេះអាចផលិតផ្ទាល់ដោយកោសិកាយើងខ្លួនឯង និង ទទួលបានពីខាងក្រៅផងដែរ។  វាអាចមានឥទ្ធិពលបំផ្លិចបំផ្លាញកោសិកាយ៉ាងធ្ងន់ធ្ងរ។ ជាលទ្ធផលបង្កជំងឺមួយចំនួនដូចជា ជំងឺមហារីក ជំងឺបេះដូង និងជំងឺវង្វេងវង្វាន់ ជាដើម​។

ទោះបីយ៉ាងណា សារធាតុប្រឆាំងរ៉ាឌីកាល់សេរីដូចជា Anthocyanin ជាដើម ដើរតួនាទីយ៉ាងសំខាន់ប្រឆាំងនឹងឥទ្ធិពលនៃពពួករ៉ាឌីកាល់សេរី និងប្រឆាំងការរលាកផ្សេងៗទៀត។ នេះជាមេកានិចមួយដ៏ចំបងបង្ការការលូតលាស់នៃដុំសាច់មហារីក។

ការធ្វើតេស្តសាកល្បងលើសត្វកណ្តុរ និងមនុស្សបានឲ្យដឹងថា សារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរីប្រភេទនេះ បានកាត់បន្ថយហានិភ័យនៃការលូតលាស់កោសិកាមហារីកផ្សេងៗ និងបញ្ឈប់ការលូតលាស់នៃកោសិកាមហារីកពោះវៀនធំរបស់មនុស្ស។

ជាពិសេស ការហូបផ្លែឈើរីជាថ្នាំធម្មជាតិទប់ទល់នឹងហានិភ័យនៃជំងឺភ្នែកមួយចំនួន ដោយសារឥទ្ធិពលរបស់វាប្រឆាំងនឹងរ៉ាឌីកាល់សេរី។

រូបតំណាង

៤. ជួយដល់ការសម្រកទម្ងន់

ផ្លែឈើរីមិនត្រឹមមានកាឡូរីតិចប៉ុណ្ណោះទេ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា វាជួយកាត់បន្ថយកំហាប់ខ្លាញ់នៅក្នុងឈាមទៀតផង។

ការសិក្សាស្រាវជ្រាវដោយតេស្តលើសត្វកណ្តុរពីរក្រុមបានឲ្យដឹងថា គេបានផ្តល់របបអាហារដែលមានរួមបញ្ចូលផ្លែឈើរី។ រីឯមួយក្រុមទៀតទទួលបានរបបអាហារដូចគ្នា ប៉ុន្តែពុំមានផ្លែឈើរីឡើយ។ ជាលទ្ធផលសត្វកណ្តុរមួយក្រុមដំបូង ពុំមានឡើងទម្ងន់ ឬកើនឡើងខ្លាញ់តាមសរសៃឈាម និងក្បាលពោះ ដូចកណ្តុរមួយក្រុមទៀត ដែលមិនបានទទួលនូវផ្លែឈើរីក្នុងរបបអាហារនោះទេ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]