អាយុកាន់តែច្រើន វ័យក៏កាន់តែចំណាស់ ប្រព័ន្ធរាងកាយក៏ចាប់ផ្តើមទ្រុឌទ្រោមនោះសុខភាពក៏ចុះខ្សោយដែរ។ បើទោះបីជាវ័យចំណាស់ក្តី ការថែទាំសុខភាពដោយធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ  គេងឲ្យបានទៀងទាត់និងគ្រប់គ្រាន់ លំហែកាយកាត់បន្ថយបញ្ហាស្ត្រេស ជាពិសេសរបបអាហារត្រឹមត្រូវជាដើម សុខភាពនឹងមានភាពរឹងមាំមិនងាយឈឺទៅតាមនោះដែរ។

ខាងក្រោមជាសារធាតុចិញ្ចឹមសំខាន់ៗទាំង៤យ៉ាង ដែលមនុស្សចាស់មិនអាចខ្វះបានឡើយ៖ 

១. កាល់ស្យូម

កាល់ស្យូមជាសារធាតុរ៉ែដ៏សំខាន់សម្រាប់ការសាងសង់ និងភាពរឹងមាំនៃសរីរាង្គឆ្អឹង មិនថាក្មេង ឬចាស់ឡើយ។  ប៉ុន្តែវ័យចំណាស់ងាយនឹងជួបបញ្ហាពុក ប្រេះឆ្អឹង ជាងវ័យដទៃ។

ការបំពេញសារធាតុកាល់ស្យូមតាមរបបអាហារប្រចាំថ្ងៃ ជាវិធីសាស្ត្រការពារ និង ព្យាបាលបញ្ហាពុកឆ្អឹងរបស់មនុស្សចាស់យ៉ាងមានប្រសិទ្ធភាព។

ដូច្នេះប្រភពនៃអាហារដែលសំបូរកាល់ស្យូមមានដូចជា ទឹកដោះគោស្រស់ យ៉ាអួរ ត្រីសាម៉ុង ត្រីសាឌីន ស៊ុត គ្រាប់ធញ្ញជាតិ បន្លែស្លឹកបៃតងគ្រប់ប្រភេទ និងផ្លែក្រូចជាដើម។

អាហារ សំបូរទៅដោយជាតិកាល់ស្យូម

២. សារធាតុសរសៃ

អាយុកាន់តែចាស់ចំណង់ទទួលទានអាហារក៏ធ្លាក់ចុះដែរ។ នេះអាចបង្កជាបញ្ហាដល់សុខភាពដោយសារកង្វះសារធាតុចិញ្ចឹមសម្រាប់កោសិកានៃរាងកាយដល់ការសាងសង់  ទ្រទ្រង់ និងការពារ។

សារធាតុសរសៃបានដើរតួនាទីយ៉ាងសំខាន់ដល់ការជួយសម្រួល និងជំរុញប្រព័ន្ធរំលាយអាហារក្នុងការដឹកនាំអាហារ និងស្រូបយកសារធាតុចិញ្ចឹមឲ្យបានល្អដើម្បីបំពេញតម្រូវការប្រចាំថ្ងៃនៃរាងកាយ។

សារធាតុសរសៃជាឱសថធម្មជាតិកាត់បន្ថយបញ្ហាទល់លាមករបស់មនុស្សវ័យចំណាស់យ៉ាងមានប្រសិទ្ធភាព។

ដូច្នេះអាហារសំបូរជាតិសរសៃមានដូចជា ផ្លែក្រូច ប៉ោម ចេក ស្វាយ ល្ហុង គ្រាប់ធញ្ញជាតិ ការ៉ុត ប៉េងប៉ោះ និងបន្លែស្លឹកបៃតងជាដើម។ 

អាហារ សំបូរទៅដោយជាតិសរសៃ

៣. ខ្លាញ់ត្រី Omega-3

ខ្លាញ់ត្រីOmega3 ជាខ្លាញ់ដ៏ល្អបំផុតសម្រាប់សុខភាពនៃប្រព័ន្ធប្រសាទ ជាពិសេសចំពោះមនុស្សចាស់។ វ័យកាន់តែចាស់សមត្ថភាពខួរក្បាលក៏ចាប់ផ្តើមអន់ថយបន្តិចម្តងៗដែរ។ នេះដោយសារចំនួនកោសិកានៃប្រព័ន្ធប្រសាទថយចុះ ហើយមិនបង្កើតឡើងវិញ។

ដូច្នេះខ្លាញ់ត្រីOmega3 ត្រូវបានគេសិក្សាឃើញថា វាបានកាត់បន្ថយហានិភ័យនៃការបង្កជំងឺប្រព័ន្ធប្រសាទផ្សេងៗ រាប់តាំងពីជំងឺវង្វេងវង្វាន់  ជំងឺបាត់ការចងចាំ  និងជំងឺប្រព័ន្ធប្រសាទមួយចំនួនទៀតដែលទាក់ទងនឹងអាយុវ័យចំណាស់។

ប្រភពនៃខ្លាញ់ត្រីOmega3 មានដូចជា៖ ត្រីសាម៉ុង ត្រីសាឌីន ត្រីAnchovies ត្រីCaviar ត្រីMackerelជាដើម ហើយក៏អាចប្រើប្រាស់ផលិតផលជំនួយខ្លាញ់ត្រីOmega3 ផងដែរ។

អាហារ សំបូរទៅដោយខ្លាញ់Omega3

៤. ទឹក

ទឹកជាសារធាតុដ៏សំខាន់នៃអាយុជីវីត។ មិនថាក្មេងឬចាស់ មិនអាចខ្វះជាតិទឹកបានឡើយ ព្រោះទឹកបានចូលរួមចំណែកយ៉ាងសំខាន់ដូចជា រក្សាកម្រិតសីតុណ្ហភាពរាងកាយ និងមុខងាររាងកាយផ្សេងៗទៀត។ នៅពេលយើងមានវ័យកាន់តែចាស់  ភាពស្រេកទឹកក៏ធ្លាក់ចុះដែរ។ នេះធ្វើឲ្យយើងធ្វេសប្រហែសនិងមិនបានបំពេញជាតិទឹកសម្រាប់រាងកាយគ្រប់គ្រាន់។

អត្ថប្រយោជន៍មួយចំនួននៃជាតិទឹកជាតិ បានជួយច្រោះជាតិពុលពីថ្លើម តម្រងនោម និងប្រព័ន្ធរំលាយអាហារយើងតាមរយៈការបែកញើស ការនោម និងការបន្ទោរបង់នេះឯង។  ក្រៅពីនេះជាតិទឹកបានផ្តល់ភាពសំណើមដល់ស្បែក សន្លាក់ និងផ្នែកផ្សេងៗទៀតនៃរាងកាយ។

ដូច្នេះការបំពេញជាតិទឹកឲ្យបានគ្រាប់គ្រាន់យ៉ាងតិចណាស់ ១.៥ ទៅ២ លីត្រក្នុងមួយថ្ងៃសម្រាប់វ័យចំណាស់ គឺជាកត្តាមួយដ៏សំខាន់និងមិនអាចខ្វះបានឡើយ៕ 

ទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]