ក្រុមស្រាវជ្រាវមកពីចក្រភពអង់គ្លេសរួមជាមួយសហរដ្ឋអាមេរិក បាននិងកំពុងស្រាវជ្រាវលើវិធីសាស្ត្រថ្មីសម្រាប់ការព្យាបាលជំងឺមហារីក

នៅពេលបច្ចុប្បន្ន វិធីសាស្ត្រមួយចំនួនដែលគេប្រើប្រាស់សម្រាប់ការព្យាបាលជំងឺមហារីកមានដូចជាប្រើប្រាស់វិទ្យុសកម្ម (គេច្រើនហៅថាកាំរស្មីឡាសែ) ការប្រើប្រាស់ថ្នាំគីមី និងការវះកាត់យកដុំសាច់ចេញ ជាដើម។ វិធីព្យាបាលទាំងនេះគ្រូពេទ្យតែងជ្រើសរើសយកមួយមកប្រើប្រាស់ ហើយពេលខ្លះគេប្រើប្រាស់រួមបញ្ចូលគ្នាថែមទៀតក៏មាន។

ការវះកាត់យកដុំសាច់ចេញត្រឹមមួយមុខមិនគ្រប់គ្រាន់ឡើយ  ព្រោះកោសិកាមហារីកដែលនៅសល់អាចលូតលាស់រីករាលដាលឡើងវិញ។ ចំណែកការប្រើប្រាស់ថ្នាំគីមី មានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ធ្វើឲ្យដុំសាច់រួញ និងឈប់លូតលាស់ ប៉ុន្តែវាជាថ្នាំគីមី ដែលអាចនាំមកផលប៉ះពាល់យ៉ាងខ្លាំងដល់កោសិកាផ្សេងៗនៃរាងកាយ។

ការព្យាបាលជំងឺមហារីតាមរយៈថ្នាំគីមី Chemotherapy

ហេតុនេះហើយ វិធីសាស្ត្រថ្មីដែលគេស្រាវជ្រាវគឺជាការប្រើប្រាស់កោសិកាឈាមស (កោសិកានៃប្រព័ន្ធភាពស៊ាំ) ពីបុគ្គលដែលមានសុខភាពល្អមកដាំបញ្ចូលក្នុងខ្លួននៃអ្នកជំងឺមហារីក ដើម្បីបង្កើនប្រព័ន្ធភាពសុំាធម្មជាតិនៃរាងកាយ។ គេរកឃើញថា កោសិកា Natural Killer Cell មានការកើនឡើងចំនួនយ៉ាងគួរឲ្យកត់សម្គាល់ដែលកោសិកានេះដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរក និងកំទេចចោលកោសិកាមហារីក។

ជាធម្មតារាល់ពេលមានសារធាតុ ឬកោសិកាណាពីខាងក្រៅចូលក្នុងខ្លួនយើង វានឹងភ្ញោចឲ្យកោសិកាឈាមស ឬកោសិកានៃប្រព័ន្ធភាពសុំាធ្វើការឆ្លើយតបប្រឆាំងដោយមេកានិចផ្សេងៗដែលវាអាចប៉ះពាល់ដល់អាយុជីវិត។ ប៉ុន្តែថ្មីៗនេះការតេស្តនៅមន្ទីរពិសោធន៍បង្ហាញលទ្ធផលថា កោសិកានៃប្រព័ន្ធភាពសុំានៃរាងកាយមួយមិនត្រឹមមិនប្រឆាំងនឹងកោសិកាឈាមសថ្មីទេ ថែមទាំងបូកបន្ថែមកម្លាំងនៃកោសិកាប្រឆាំងនឹងមហារីកទៀត។

លោកសាស្ត្រាចារ្យ Hayday បានឲ្យដឹងថា "នេះជាលទ្ធផលមួយដ៏អស្ចារ្យ និងមិនគួរឲ្យជឿ ប៉ុន្តែយើងនៅមានការតេស្តសាកល្បងជាច្រើនបន្តបន្ទាប់ទៀត ជាពិសេសលើអ្នកជំងឺមហារីកបន្ថែមទៀត ដែលនឹងសាកល្បងនៅឆ្នាំបន្ទាប់នេះ"។

នេះជារបកគំហើញមួយដ៏សំខាន់ចំពោះវិស័យសុខាភិបាលនៅឆ្នាំ២០១៨នេះ បើការធ្វើតេស្តគ្លិនិកទៅលើមនុស្សនាំមកនូវលទ្ធផលជោគជ័យ  នោះការរួមបញ្ចូលគ្នារវាង ការប្រើប្រាស់ថ្នាំគីមី (Chemotherapy) ជាមួយការដាំបញ្ចូលកោសិកាឈាមសនេះ (Immunotherapy) នឹងអាចជួយសង្គ្រោះប្រជាជនរាប់លាននាក់ ហើយបង្កើនអាយុសង្ឃឹមរស់ពីជំងឺមហារីកនៅថ្ងៃអនាគត៕

កោសិកាឈាមស(Natural Killer cell)​កំទេចកោសិកាមហារីក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]