ចិន៖ មុនពេលអ្នកនាង Judy Tong Wenhong ក្លាយជាដៃគូ និងជាប្រធានផ្នែកមួយរូបនៅក្រុមហ៊ុន Alibaba អ្នកនាងធ្លាប់ជួបឧបសគ្គជាច្រើន។ អ្នកនាងបាននិយាយថា ដំបូងនាងធ្វើជាបុគ្គលិកទទួលភ្ញៀវ បន្ទាប់មកធ្វើផ្នែកសេវាបម្រើអតិថិជន ក្រោយមកឡើងធ្វើជាអនុប្រធានដោយមិនមានបទពិសោធន៍អ្វីទេ តែនាងនៅមិនចុះចាញ់ ហើយទីបំផុតក៏អាចជម្នះឡើងធ្វើជាប្រធានផ្នែក និងមានសមិទ្ធផលល្អដូចសព្វថ្ងៃនេះ។

អ្នកនាង Judy

អ្នកនាង Judy បានបម្រើការងារនៅក្រុមហ៊ុន Alibaba ចាប់តាំងពីឆ្នាំ ២០០០ មកម្ល៉េះ។ ពេលនោះនាងមានអាយុ ៣០ឆ្នាំ គ្មានបទពិសោធន៍អ្វីទាំងអស់ នាងបានសាកល្បងដាក់ការងារធ្វើជាជំនួយការរដ្ឋបាលនៅក្រុមហ៊ុន Alibaba តែមិនបានជាប់ទេ។ ក្រោយមកនាងក៏ព្យាយាមដាក់ការងារម្តងទៀត ទីបំផុតនាងត្រូវបានគេផ្តល់ឱកាសការងារឱ្យធ្វើជាអ្នកទទួលភ្ញៀវ  តែដោយសារមានជម្លោះជាមួយនឹងមិត្តរួមការងារ ទើបនាងសម្រេចចិត្តដាក់ពាក្យឈប់ បន្ទាប់ពីធ្វើការបានត្រឹមមួយអាទិត្យប៉ុណ្ណោះ។

ទោះបីជាការចាប់ផ្តើមមានភាពរង្គោះរង្គើបន្តិចក្តី តែដោយសារការតស៊ូប្រឹងប្រែងធ្វើការងាររបស់នាង ទើបទីបំផុតវាសនារបស់នាងត្រូវបានផ្លាស់ប្តូរទាំងស្រុង។ មិត្តរួមការងារផ្សេងទៀតបានរាយការណ៍ទៅថ្នាក់លើថា នាងជាមនុស្សយកចិត្តទុកដាក់នឹងការងារណាស់  ចេះប្រុងប្រយ័ត្ន  និងធ្វើការងារជាអ្នកទទួលភ្ញៀវបានយ៉ាងល្អ។ ទើបហេតុនេះហើយខាងគ្រប់គ្រងធនធានមនុស្សព្យាយាមសម្រុះសម្រួលជាមួយនាង ហើយនាងក៏ព្រមបម្រើការងារដូចធម្មតាវិញ។

ក្រោយមកមនុស្សជាច្រើនចាប់ផ្តើមសម្គាល់ពីភាពវៃឆ្លាត និងភាពប៉ិនប្រសព្វរបស់នាង ទើបមួយឆ្នាំក្រោយមកនាងត្រូវបានផ្ទេរទៅផ្នែកបម្រើសេវាអតិថិជន។ ត្រឹមរយៈពេល ៣ខែប៉ុណ្ណោះ នាងត្រូវបានមេដំឡើងតំណែងឱ្យធ្វើជាប្រធានផ្នែករដ្ឋបាល។

អ្នកនាង Judy

អ្នកនាង Judy បាននិយាយថា៖ «វាជាការលំបាកសម្រាប់ខ្ញុំជាខ្លាំងក្នុងការដឹកនាំក្រុម ព្រោះកាលពីមុនខ្ញុំគ្រាន់ជាអ្នកទទួលភ្ញៀវម្នាក់ប៉ុណ្ណោះ។»

មុខតំណែងរបស់នាងបានកើនឡើងជាបន្តបន្ទាប់រយៈពេល ៦ឆ្នាំ (គិតចាប់ពីឆ្នាំ ២០០៧-២០១៣) នាងបានឡើងតំណែងពីអនុប្រធានផ្នែកសេវាបម្រើអតិថិជន ទៅអនុប្រធានផ្នែកគ្រប់គ្រងធនធានមនុស្ស ហើយចុងក្រោយក៏ឡើងធ្វើជាប្រធានផ្នែករដ្ឋបាល និងគ្រប់គ្រងធនធានមនុស្សដែលទទួលបន្ទុកដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងបុគ្គលិក និងស្វែងរកយុទ្ធសាស្រ្តផ្សេងៗទៀតក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនជាដើម។

បន្ថែមពីនេះទៀតនៅឆ្នាំ ២០១៤ នាងបានក្លាយទៅជាដៃគូរបស់ក្រុមហ៊ុន Alibaba ពោលគឺនាងមានភាគហ៊ុនមួយចំនួននៅក្រុមហ៊ុនយក្សនេះ ដោយសព្វថ្ងៃមានតែមនុស្ស ២៧នាក់ប៉ុណ្ណោះដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុននេះ ហើយនាងគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង ២៧នាក់នេះ។ 

អ្នកនាង Judy និងលោក Jack Ma

រឿងទាំងអស់នេះសបញ្ជាក់ឱ្យយើងឃើញថា ការតាំងចិត្តមិនបោះបង់ចោលពាក់កណ្តាលទី និងការព្យាយាមតស៊ូពិតជាជម្នះបានអ្វីៗគ្រប់យ៉ាងដូចជាអ្នកនាង Judy អីចឹង នាងបានផ្លាស់ជីវិតនាងពីអ្នកទទួលភ្ញៀវ ក្លាយទៅជាប្រធានផ្នែកមួយរូបនៅក្នុងក្រុមហ៊ុនយក្សនេះ ហើយថែមទាំងមានភាគហ៊ុននៅក្នុងក្រុមហ៊ុននេះទៀត។ បើអ្នកមានក្តីសុបិន សូមកុំបោះបង់ចោលពាក់កណ្តាលទី ត្រូវព្យាយាមតស៊ូទៅមុខ គង់មានថ្ងៃណាអ្នកសម្រេចបានជោគជ័យដូចអ្នកនាង Judy អីចឹង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

អ្នកនាង Judy
អ្នកនាង Judy
អ្នកនាង Judy
អ្នកនាង Judy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]