រាជធានី​ភ្នំពេញ ៖ រឿង​ក្តី​ជះ ​និង​គប់​កំប៉ុងស្រា​បៀរ​ទៅ​លើ​កញ្ញា ទេព បូ​ព្រឹក្ស តារាចម្រៀងរបស់​ផលិតកម្ម​រស្មី​ហង្ស​មាស នា​រាត្រី​ថ្ងៃ​បុណ្យណូអែល​២៥​ធ្នូ នៅ​ភោជនីយដ្ឋាន​សមុទ្រ ពិតជា​បាន​ធ្វើ​ឱ្យ​កក្រើក​គួរ​ឱ្យ​កត់​សម្គាល់ ដែល​ភាគច្រើន​លើសលប់​បាន​ចាត់​ទុក​ថា កាយវិការ​អ​សីលធម៌​ដ៏​ធ្ងន់ធ្ងរ​របស់​បុរស​ម្នាក់​ធ្វើ​ទៅ​លើ​នាងពិតជា​មិន​អាច​ទទួលយក​បាន ព្រមទាំង​ថ្កោលទោស​ថែម​ទៀត​ផង ដោយសារ​តែ​បាន​ធ្វើការ​ប្រមាថ​និង​​មាក់ងាយ​ដល់​ស្ត្រីភេទ ។

នៅ​ទីបំផុត ភាគី​ជន​បង្ក​ដែល​គេ​បាន​ស្គាល់​អត្តសញ្ញាណ​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ret Pov បានចាត់​ឲ្យ​តំណាង​មក​សម្របសម្រួល​លើ​សំណង​រដ្ឋប្បវេណី​ជាមួយ​តារាចម្រៀង​កញ្ញា ទេព បូ​ព្រឹក្ស កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ បន្ទាប់​ពី​តារាចម្រៀង​រូប​នេះ​សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ទោះជា​យ៉ាងណា អ្នក​ច្បាប់​និយាយ​ថា បើ​ទោះបីជា​មានការ​សម្របសម្រួល​លើ​សំណង​នេះ​ក៏​ដោយ ប៉ុន្តែ​ភាគី​ជន​បង្ក​នៅ​តែ​ប្រឈម​នឹង​ទោស​ព្រហ្មទណ្ឌ​ដដែល ប្រសិនបើ​ក្នុង​ករណី​តុលាការ​រក​ឃើញ​ថា ពិតជា​បាន​បំផ្លាញ​ភ័ស្តុតាង​ដែល​ជា​ឃ្លី​ប​វី​ដេ​អូ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ដែលថត​បាន​ពី​សកម្មភាព​ពេល​កើតហេតុ​មែន​នោះ ។

តំណាង​ឲ្យ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក ហេង ឡុ​ង បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​បញ្ជាក់​ពី​រឿង​ខាងលើ​នេះ​ថា បន្ទាប់​ពី​ចំណាយពេល​ជាមួយ​មេធាវី​ផ្ទាល់ខ្លួន​របស់​កញ្ញា ទេព បូ​ព្រឹក្ស និង​តំណាង​ជន​បង្ក ក្រោម​ការ​សម្របសម្រួល​របស់​សមាគម​សិល្បករ​ខ្មែរ​អស់​រយៈពេល​ជាង​៣​ម៉ោង​នៅរសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ភាគី​ទាំង​ពីរ​បាន​សម្របសម្រួល​គ្នា​ដោយ​សន្តិវិធី ប៉ុន្តែ​មិន​ទាន់​មានការ​ព្រម​ព្រៀង​​នៅឡើយ​ទេ នឹង​បន្ត​ជួប​គ្នា​ជាមួយ​ជន​បង្ក​ដោយ​ផ្ទាល់​ទៀត ។

បើ​តាម​លោក ហេង ឡុ​ង គឺ​កញ្ញា ទេព បូ​ព្រឹក្ស បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទឹកល្អក់​ទី​១​ខណ្ឌ​ទួល​គោក រួច​ហើយ​កាលពីព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ។ ទោះជា​មានការ​សម្របសម្រួល​ពី​សំណង​រដ្ឋប្បវេណី​ក៏​ដោយ ក៏​បណ្ដឹងអាជ្ញា​នៅ​តែ​បន្ត មាន​ន័យ​ថា​អាច​មានទោស ហើយ​ករណី​ម្ចាស់​ហាង ប្រសិនបើ​តុលាការ​រក​ឃើញ​ថា​បាន​បំផ្លាញ​ភ័ស្តុតាង​មែន​នោះ អាច​នឹង​មានទោស​ព្រហ្មទណ្ឌ​រហូត​ដល់​ជាប់​ពន្ធនាគារ ។

ជាមួយ​រឿងរ៉ាវ​ទាក់ទិន​នឹង​កញ្ញា ទេព បូ​ព្រឹក្ស នេះ​ក៏​មាន​មតិ​មួយ​ចំនួន​ត្រូវ​បាន​លោក ថៃនរៈ​សត្យា​រដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ចាត់​ទុក​ការ​រិះគន់​មក​លើ​លោក​ពាក់ព័ន្ធនឹង​ករណី​កញ្ញា ទេព បូ​ព្រឹក្ស ថា​គឺជា​សិទ្ធិ​បុគ្គលដែល​មិន​បាន​សិក្សា​ពី​ហេតុផល ។

លោក​រដ្ឋលេខាធិការ បាន​ហៅ​ការ​រិះគន់​ពាក្យ​សម្តី​របស់​លោក​ចំពោះ​ករណី​តារាចម្រៀង​កញ្ញា ទេព បូ​ព្រឹក្ស ដែល​បាន​កក្រើក​ឡើង​នោះ​ថា​មិន​បាន​សិក្សា​ពី​ហេតុផល​ច្បាស់លាស់ គឺ​លោក​ចង់​សំដៅ​ទៅ​លើ​បុគ្គល​មួយ​ចំនួន​ដែល​មិន​បាន​ស្តាប់​អ្វី​ដែល​លោក​បាន​និយាយ និង​មាន​ន័យចំ​ពោះ​ករណី​នាង ទេព បូ​ព្រឹក្ស តែ​បែរជា​នាំ​គ្នា​រិះគន់​តាម​ៗ​គ្នា​ទៅ​វិញ ។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ លោក​រដ្ឋលេខាធិការ ថៃ នរៈ​សត្យា បាន​អះអាង​ថា គេ​ប្រើ​សិទ្ធិ​ដោយ​មិន​សិក្សា​ពី​ហេតុផល​ផង តើ​ប្រតិកម្ម​ធ្វើ​អី្វ​ទៅ ? ខ្លះ​មិន​ទាំង​បាន​ស្តាប់​ការ​និយាយ​របស់ខ្ញុំ​ផង​ហ្នឹង ។

លោក​បញ្ជាក់​ថា អ្វី​ដែល​លោក​បាន​និយាយ​នោះ គឺ​លោក​មាន​ន័យ​ចង់​ប្រៀបធៀប​ពន្យល់​ទៅ​កាន់​មនុស្ស​ទាំងអស់​គ្នា ដោយ​មិន​កាន់ជើង​ខាង​ណា ឬ​ក៏​លើក​តម្លៃ​ឲ្យ​មានការ​ប្រើ​អំពើ​ហិង្សា​ណាមួយ​នៅ​ទី​សាធារណៈ​នោះ​ឡើយ ។

គួរ​កុំ​យកតម្រាប់​តាម​ឥរិយាបថ​បែប​ហ្នឹង​ថែម​ទៀត​ផង តែ​អ្នកខ្លះ​មិន​ទាំង​បាន​ស្តាប់​ផង​ហើយ​​គេ​ចេះ​តែ​ប្រតិកម្ម​តាម​ៗ​គ្នា​ទៅ​វិញ ។ យើង​ទៅ​ទប់​គេ​ក៏​វា​មិនកើត​ដែរ ទុក​ឲ្យ​គេ​យល់​ឃើញ​ដោយ​ខ្លួន​គេ​ទៅ បើ​យើង​ទប់​ចុះ​ទប់​ឡើង​វា​កាន់តែ​ធ្ងន់​នោះ​វា​នឹង​ទៅ​ជា​យ៉ាងណា អុ​ី​ចឹ​ង​ទុក​ឲ្យ​មតិ​សាធារណជន​យល់​ឃើញ ខណៈ​ពេល​មតិ​ខ្លះ​ក៏​គេ​មិន​ជេរ និង​រិះគន់​លោក​ដែរ ។

លោក​រដ្ឋលេខាធិការ​ថ្លែង​ថា ខ្ញុំ​បាន​វាយតម្លៃថា​វា​មិនមែន​ជា​រឿង​ធំ​នោះ ពោល​គឺជា​រឿង​ដែល​អាច​និយាយ​គ្នា​បាន បើ​ភាគី​ជម្លោះ​ទាំង​សងខាង​មាន​សុច្ឆន្ទ​:​ក្នុង​ការ​ដោះស្រាយ​គ្នា ។

លោក​បន្ត​ថា ខ្ញុំ​មិន​បាន​និយាយ​កាន់ជើង​លម្អៀង​ទៅ​ខាង​ណា​ឡើយ ហើយ​ខ្ញុំ​ក៏​បាន​បន្ទោស​ចំពោះ​ជន​ដែល​មិន​ចេះ​គ្រប់គ្រង​ខ្លួន ហើយ​បញ្ចេញ​កំហឹង​ទៅ​លើ​គេ​នោះ​ដែរ ។ ប៉ុន្តែ​ការ​បញ្ចេញមតិ​ប្រមាថ​មក​លើ​ខ្ញុំ ពី​សំណាក់​ជន​មួយ​ចំនួន​ណា​នោះ វា​គ្រាន់តែ​ជា​កម្រិត​គំនិត​នៃ​បុគ្គល​ម្នាក់​ៗ​ក្នុង​ការ​ប្រើ​សិទ្ធិ​របស់​ពួក​គាត់​ប៉ុណ្ណោះ !

គួរ​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក ថៃ នរៈ​សត្យា ក្នុង​ករណី​តារាចម្រៀង​កញ្ញា ទេព បូ​ព្រឹក្ស ជា​រឿង​តូចតាច​នោះ បាន​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន ជា​ពិសេស​អ្នកសិល្បៈ​នាំ​គ្នា​ចេញ​មក​រិះគន់​ដូច​ទឹកបាក់​ទំនប់ រហូត​មាន​តារា​ខ្លះ​ថែម​ទាំង​ថត​ជា​វី​ដេ​អូ​ឃ្លី​ប​បែប​ចំអក​មាន​ន័យ​ឌឺដង​ផ្លែផ្កា​ទៅ​លើ​រូប​លោក​ទៀត​ផង ។

លោក​រដ្ឋលេខាធិការ ថៃ នរៈ​សត្យា បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​មួយ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នាង ទេព បូ​ព្រឹក្ស ដែល​ត្រូវ​បាន​គេ​ជះ​ស្រា និង​គប់​កំប៉ុង​ស្រា​បៀរ​ទៅ​លើ នៅ​ហាង​ផឹកស៊ី​មួយ​កន្លែង​នោះ​ថា ជា​រឿង​តូចតាច តែ​លោក​បាន​ពន្យល់​ថា ករណី​នេះ​គឺជា​អង្គហេតុ​មួយ​តូច ។ បើ​យើង​ចង់​ពង្រីក​វា​ឲ្យ​កាន់តែ​ធំ​នោះ វា​នឹង​អាច​រីក​ធំ ប៉ុន្តែ​បើ​ភ្លើង​វា​ឆេះ​ហើយ​នោះ គឺ​អាច​នឹង​ពិបាក​ពន្លត់​ណាស់ ។ លោក​បញ្ជាក់​ថា ករណី​នេះ​ប៉ះ​មនុស្ស​ដែល​ជា​សាធារណ​បុគ្គល ហេតុនេះ​អ្នក​ប្រព្រឹត្ត​មិនជា​ល្អ​មុខ​ណាស់​ដែរ​ទេ ដោយសារ​វា​បាន​បង្ហាញ​ពី​ការ​ស្រុត​ចុះ​នូវ​សីលធម៌​របស់​បុគ្គល ។

លោក​បន្ថែម​ថា រឿង​គប់​កំប៉ុង​ស្រា​បៀរ​នេះ​វា​មិនមែន​ជា​រឿង​ធំ​ទេ​គឺជា​រឿង​តូច ប៉ុន្តែ​វា​បង្កើត​ជា​រឿង​អាស្រូវ​មួយ​ដ៏​ធំ ហើយ​លោក​មិន​ចង់​ឃើញ​រឿង​មួយ​នេះ​វា​វែង​ឆ្ងាយ​ឡើយ អត់ធ្មត់​រឿង​តូច​បាន ទើប​យើង​អាច​ទទួល​ជ័យជម្នះ​ធំ​ៗ​បាន ។

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជន​ដៃដល់​គប់​ស្រា​បៀរ​លើ​តារាចម្រៀង ទេព បូ​ព្រឹក្ស ដើម្បី​ចាត់ការ​តាម​ច្បាប់សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក កំពុង​យកចិត្តទុកដាក់​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​សកម្ម ដើម្បី​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជន​ដៃដល់ ដែល​បាន​គប់​កំប៉ុង​ស្រា​បៀរ​ទៅ​លើ​តារាចម្រៀង​កញ្ញា ស៊ឹ​ម ទេព​បូ​ព្រឹក្ស​(​ឈ្មោះ​ក្នុង​ពាក្យបណ្តឹង​) ខណៈនាង​កំពុង​ច្រៀង​នៅ​លើ​ឆាក ក្នុង​កម្មវិធី​ប្រ​ម៉ូ​សិន​បញ្ចុះតម្លៃ​ស្រា​បៀរ​ហៃ នៅ​ភោជនីយដ្ឋាន​សមុទ្រ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ដើ​ម្ប​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​កញ្ញា​បាន​ដាក់​ពាក្យបណ្តឹង​ទាម​ទារជំងឺចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ ។

ទោះបីជា​យ៉ាងណា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៧ ខែធ្នូ នគរបាល​ពុំ​ទាន់​បាន​ឃាត់ខ្លួន​ជន​ដៃដល់​រូប​នោះ​នៅឡើយ​ទេ ។ ដោយឡែក ជុំវិញ​រឿងរ៉ាវ​ប្រើ​ហិង្សា​ដោយ​ចេតនា​និង​ប្រមាថ ដោយ​ការ​ជះ​និង​គប់​កំប៉ុង​ស្រា​បៀរ​ទៅ​លើ​នាង​ពិតជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​អ្នកសិល្បៈ ។

គេ​ពុំ​ទាន់​ដឹង​ថា កញ្ញា ទេព បូ​ព្រឹក្ស នឹង​ធ្វើការ​សម្របសម្រួល​ក្រៅ​ផ្លូវច្បាប់​ឬ​យ៉ាងណា​នោះ​ទេ ។លោក ស៊ឹ​ម ពិសិដ្ឋ អធិការរង​នគរបាល​ខណ្ឌទួលគោក ទទួល​បន្ទុក​ព្រហ្មទណ្ឌ​បានឱ្យ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ដឹង​ថា បន្ទាប់​ពីមានរឿង​រ៉ាវ​និង​ពាក្យបណ្តឹង នគរបាល​ខណ្ឌ​ទួលគោក​ព្រមទាំង​នគរបាល​ប៉ុស្ដិ៍ បាន​ទៅ​កាន់​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​ទើប​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជន​ដៃដល់ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ទោះបី​ជនសង្ស័យ​បាន​គេចខ្លួន​បាត់ ក៏​ដោយ ក៏​សមត្ថកិច្ច​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ដែរ ។

ទាក់ទិន​នឹង​ករណី​នេះ កោះសន្តិភាព​បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ត​កញ្ញា ទេព​បូ​ព្រឹក្ស ដើម្បី​សួ​នាំ​ដែរ តែ​កញ្ញា​ពុំ​បាន​លើក​ទូរស័ព្ទ​ឆ្លើយ​តប​ឡើយ ។គួរ​បញ្ជាក់​ថា កញ្ញា ទេព បូ​ព្រឹក្ស អាយុ​២៥​ឆ្នាំ ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ស្នាក់​នៅផ្ទះ​លេខ​១២៥ ផ្លូវ​លេខ​M០១ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ត្រូវ​បាន​បុរស​ម្នាក់​គប់​កំប៉ុង​ស្រា​បៀរ​ទៅ​លើ​ចំនួន​២​កំប៉ុង ខណៈ​នាង​កំពុង​ច្រៀង​នៅ​លើ​ឆាក​តន្ត្រី​ក្នុង​កម្មវិធី​ប្រូ​មូ​៉​សិន និង​បញ្ចុះ​ថ្លៃ​ទិញ​៤​ថែម​១(៤+១) និង​មានការ​ចាប់​រង្វាន់​របស់​ស្រា​បៀរ​ហៃ​(Hite) នៅ​ភោជនីយដ្ឋាន​សមុទ្រដែល​មាន​ទីតាំង​ផ្ទះ​លេខ​៧២ ផ្លូវ​លេខ​១១៨ ក្រុមទី​៥០ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក ។

ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៥​នាទី​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ខណៈ​នាង​បាន​ស្រែកទ្រហោយំ និង​បង្ហោះ​វី​ដេ​អូ​ឡាយ​(live) នៅ​ក្នុង​បណ្តាញ​សង្គម ។ បន្ទាប់​ពី​គប់​ស្រា​បៀរ​ហើយ ជន​ដៃដល់​ដែល​អ​ង្អុ​យ​ផឹក​នៅ​តុ​លេខ​៣៦ ក៏​បាន​គេចខ្លួន​បាត់ ។ ចំពោះ​រឿង​វ៉ា​វ​ឈាន​ទៅ​ដល់​គប់​និង​ជះ​ស្រា​បៀរ​លើ​តារាចម្រៀង​រូប​នេះ គេ​ពុំ​ដឹង​មូលហេតុ​អ្វី​ឡើយ តែបើ​តាម​ព័ត៌មាន​ក្រៅ​ផ្លូវការ​ខ្លះ​ថាដោយសារ​តែ​ភ្ញៀវ​ខឹង​តារាចម្រៀង​រូប​នេះ​មកច្រៀង​យឺត​និង​ដណ្តើម​ចៀង ខណៈ​ក្រុមហ៊ុន​កំពុង​ចាប់​រង្វាន់ ។

ទោះបីជា​បែប​ណា សកម្មភាព​ដ៏លាមក​នេះ​មិនមែន​ជា​ជម្រើស​ទេ ។ ចំណែក តារាចម្រៀង នាង ទេព បូ​ព្រឹក្ស បាន​អះអាង​ថា នាង​មក​ច្រៀង​តាម​ម៉ោង​កំណត់ គឺ​ពី​ម៉ោង​១០​ទៅ​ម៉ោង​១១​យប់ ដែល​ក្រុមហ៊ុនស្រា​បៀរHite មាន​លោក គា វី អាយុ​ប្រហែល​២៨​ឆ្នាំជា​ប្រធាន​ផ្នែក​ទីផ្សារ បាន​ជួល​ឱ្យមក​ច្រៀង​ក្នុង​តម្លៃ​៩០០​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​១​ម៉ោង​ច្រៀង​ចំនួន​៦​បទ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ជន​ដែល​ប្រើ​ហិង្សា​គប់​កំប៉ុង​ស្រា​បៀ​លើ​តារាចម្រៀង មិនមែនជា​កូនលោក ម៉ាត់ កំ​ម៉ា​រ៉ី ដែល​ជា​ម្ចាស់​ហាង​នោះ​ទេ ។ បើ​តាម​អ្នកខ្លះ​អះអាង​ថា ជា​បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​ហៃ​នោះ​តែ​ម្តង ព្រោះ​គេ​ឃើញជន​នោះ​ទៅ​រៀបចំ​ឆាក​តាំងពី​មុន​ពេល​កើតហេតុ​ម្ល៉េះ ។ ទោះបីជា​យ៉ាងណាសមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ជនសង្ស័យ​ហើយ ។

បន្ទាប់​ពី​កើតហេតុ នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ កញ្ញា ទេព បូ​ព្រឹក្ស បាន​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ និង​វែកមុខ​ចាប់​ជន​ដៃដល់​មក​ចាត់ការ​តាម​ច្បាប់ ដោយទាម​ទារជំងឺចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ ព្រមទាំង​ឱ្យ​ជន​បង្ក​មក​សុំ​ទោស​ជា​សាធារណៈ​និង​ធ្វើ​ស​ន្និសី​ទ​កាសែត​ផង​ដែរ ។ ប្រាក់​ចំនួន​១០​ម៉ឺន​នេះ នាង​មិន​ប៉ះពាល់​ទេ គឺ​យក​ទៅ​បរិច្ចាគ​ឱ្យទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ខ្លះ មណ្ឌលកុមារ​កំព្រា ចាស់ជរា និង​ដល់​សិល្ប​ករ​ចាស់​ៗ​ដែល​ធ្លាក់ខ្លួន ឈឺ​មិន​មានការ​ធ្វើ​ជាដើម​។

តាម​តារាចម្រៀង​រូប​នេះ បានឱ្យ​ដឹង​ក្នុង​កិច្ច​សម្ភាសន៍​ថា នាង​ប្តឹង​បុគ្គល​ជា​ជន​បង្ក​ដែល​បាន​គប់​ស្រា​បៀរ​២​កំប៉ុង​ដោយ​ចេតនា ប្តឹង​ម្ចាស់​ហាង​ដែល​អត់​មានការ​ទទួលខុសត្រូវ ដែល​ហាង​របស់​គាត់​អសន្តិសុខ​ខ្លាំង​បំផុត សូ​ម្បី​តែ​កាមេរ៉ា​សុវត្ថិភាព​នៅ​ពេល​ដែល​កើត​មានរឿង ក្រុម​គ្រួសារ​នាង​សុំ​ឆែក​មើល​ថា​ខូច លុះ​នគរបាល​ទៅ​ដល់​ឱ្យ​ឆែក​មើល​លុប​និ​ន្ន័​យ​ចោល​អស់​។ជាមួយ​នេះ ប្តឹង​អ្នក​រៀបចំ​កម្មវិធី​របស់​ក្រុមហ៊ុន​ដែល​មិន​យកចិត្តទុកដាក់​ទៅ​លើ​សន្តិសុខ​របស់​នាង ដែល​បាន​ទៅ​ច្រៀង ព្រមទាំង​ប្តឹង​ស្ត្រី​ម្នាក់​ដែល​ចេញ​មក​មក​អះអាង​ថា ជា​ម្តាយ​ជន​បង្ក​នោះ ។ ទោះបីជា​យ៉ាងណា នៅ​ក្នុង​ពាក្យបណ្តឹង​នោះ កញ្ញា ទេព បូ​ព្រឹក្ស ប្តឹង​តែ​ជន​បង្ក​ម្នាក់​ប៉ុណ្ណោះ ។

អ្នកតំណាង​អះអាង​ថា​អ្នក​បង្កហេតុ​ពេល​នោះ​ដោយសារ​ស្រវឹងយោង​តាម​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហោះ​ដោយ​លោក ហេង ឡុ​ង នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨​ថា ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​កញ្ញា ទេព បូ​ព្រឹក្ស បាន​ជួប​ផ្ទាល់​ជាមួយនឹង​ឈ្មោះ ឆេ​ង រស្មី ជា​តំណាង​អ្នក​គប់​កំប៉ុង​ស្រា​បៀរ​មក​លើ​កញ្ញា ។ ទាំង​តំណាង​ជន​បង្ក និង​ម្ចាស់​ហាង​បាន​ឆ្លើយ​ថា «​ខ្លួន​ស្រវឹង​» ។សំណូមពរ​របស់​ភាគី​កញ្ញា ទេព បូ​ព្រឹក្ស មាន

៣​ចំណុច​ដូច​ខាងក្រោម ៖

១-​ធ្វើ​សន្និសីទកាសែត​សុំ​ទោស​ជា​សាធារណៈ

២-​សំណង​រដ្ឋប្បវេណី​ខូចខាត​កិត្តិយស​ចំនួន​១០​ម៉ឺន​ដុល្លារ

៣-​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​អាជ្ញាធរ មិន​គុំកួន​សងសឹក​គ្នា បញ្ចប់ទំនាស់​ដោយ​សន្តិវិធី ។

ភាគី​ជន​បង្ក​បាន​ដកឃ្លា ដើម្បី​ពិចារណា​ទៅ​លើ​សំណូមពរ​ទាំង​៣​របស់​ភាគី​ជន​រង​គ្រោះ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស