វីតាមីន E  ត្រូវបានគេចាត់ទុកជាក្រុមនៃសារធាតុចិញ្ចឹមដ៏សំខាន់ដែលរាងកាយយើងត្រូវការជាប្រចាំដើម្បីការពារ និងការលូតលាស់។ ខ្លួនប្រាណមិនផលិតវីតាមីន E ដោយខ្លួនឯងទេ តែយើងអាចទទួលបានពីការបរិភោគអាហារប្រចាំថ្ងៃដូចជា គ្រាប់ធញ្ញជាតិ ស៊ុត ពោត ប្រេងអូលីវ ត្រសក់ ផ្លែប៊ឺរ និងបន្លែស្លឹកបៃតងភាគច្រើន។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង ៤យ៉ាងទទួលបានពីវីតាមីន E ៖

១. រក្សាកម្រិតធម្មតានៃកូលេស្តេរ៉ុល

កូលេស្តេរ៉ុលជាសារធាតុអាចផលិតបានដោយធម្មជាតិតាមរយៈសរីរាង្គថ្លើម ហើយក៏ជាតម្រូវការរាងកាយដែរ ដើម្បីដំណើរការធម្មតានៃកោសិកា ប្រព័ន្ធប្រសាទ និង អរម៉ូន។ នៅពេលកម្រិតកូលេស្តេរ៉ុលមានលំនឹង វាមិនប៉ះពាល់ដល់សុខភាពឡើយ។ តែនៅពេលប្រមូលផ្តុំច្រើនពេក ជាពិសេសតាមរយៈចំណីអាហារយើងបរិភោគប្រចាំថ្ងៃ  វាបាននាំមកនូវភាពអវិជ្ជមានយ៉ាងច្រើនចំពោះសុខភាព រាប់តាំងពីជំងឺបេះដូង ជំងឺក្រិនរឹងសរសៃឈាម និងជំងឺដាច់សរសៃឈាមទៀតផង។

វីតាមីន E បានចូលរួមចំណែកដល់ការរក្សាលំនឹងនៃការផលិតវីតាមីនEរបស់រាងកាយ និងជាសារធាតុប្រឆាំងប្រភេទកូលេស្តេរ៉ុលមិនល្អ ដែលត្រូវបានរងប្រតិកម្មអុកស៊ីតកម្ម។

២. ធ្វើឲ្យសក់ក្រាស់ល្អ

វីតាមីនE ជាប្រភេទសារធាតុប្រឆាំងនឹងម៉ូលេគុលនៃរ៉ាឌីកាល់សេរី ដែលសារធាតុចិញ្ចឹមមួយនេះបានការពារស្បែកក្បាលពីកត្តានៃបរិយាកាសខាងក្រៅ និងជំរុញដល់ការដឹកនាំសារធាតុចិញ្ចឹមផ្សេងៗទៅកាន់ស្បែកក្បាល។ លើសពីនេះវាបានផ្តល់សន្សើមធម្មជាតិចំពោះស្បែកក្បាលទៀតផង សុទ្ធសឹងជាកត្តាធ្វើឲ្យស្បែកក្បាលមានសុខភាពល្អ ហើយបំបាត់បញ្ហាអង្គែ  ស្បែកក្បាលស្ងួត ជាដើម។

៣. រក្សាលំនឹងអរម៉ូន

អរម៉ូនជាប្រភេទសារធាតុមួយដ៏សំខាន់នៃជីវសាស្ត្ររបស់មនុស្ស។  បើគ្មានអរម៉ូនទេ រាល់ការទំនាក់ទំនងរវាងកោសិកាជិត-ឆ្ងាយ ក៏មិនអាចប្រព្រឹត្តទៅបានដែរ។ ជាពិសេសអរម៉ូនបានបំពេញតួនាទីជាច្រើនរាប់តាំងពី មេតាបូលីស ការលូតលាស់ ការសាងសង់ និងការការពារនៃរាងកាយយើង។ ដូច្នេះអតុល្យភាពនៃអរម៉ូន អាចបណ្តាលឲ្យមានបញ្ហាសុខភាពជាច្រើនដូចជា ឡើងទម្ងន់ បញ្ហាអាល្លែកហ្ស៊ីផ្សេងៗ ជំងឺផ្លូវបង្ហួរនោម បញ្ហាស្បែក បញ្ហាប្រព័ន្ធប្រសាទ និងហត់អស់កម្លាំងជាដើម។

បើទោះបីជាយ៉ាងណា វីតាមីនE ជាសារធាតុចិញ្ចឹមមួយដ៏សំខាន់ជួយរក្សាលំនឹងធម្មតានៃអរម៉ូនជាប្រចាំ។

៤. ជួសជុលកោសិកាស្បែកខូចខាត

វីតាមីនE  ជំរុញសុខភាពស្បែកតាមរយៈការពង្រឹងសរសៃឈាមដែលមាននៅតាមជាលិកាស្បែក ហើយបង្កើនភាពមានសំណើម និងសារធាតុកូឡាជេន ដែលសុទ្ធសឹងជាតម្រូវការនៃសុខភាពស្បែក  ការពារ និងជួសជុលឡើងវិញនៃកោសិកាស្បែកខូចខាត។  ការសិក្សាមួយចំនួនបានឲ្យដឹងថា វីតាមីនE បានកាត់បន្ថយកត្តាបណ្តាលឲ្យរលាកផ្សេងៗទាំងក្នុងនិងក្រៅរាងកាយ ដែលធ្វើឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ។

ដូច្នេះបំពេញវីតាមីនE របស់លោកអ្នកជារៀងរាល់ថ្ងៃជាមួយនឹងអាហារល្អៗដូចជា គ្រាប់ធញ្ញជាតិ ផ្លែស្វាយ ផ្លែប៊ឺរ ផ្លែល្ហុង បន្លែស្លឹកបៃតង ផ្លែប៊ឺរ ស៊ុត ពោត ប្រេងអូលីវ ត្រសក់ និង ផ្លែប៉េងប៉ោះ ជាដើម៕

ប្រភពនៃអាហារសំបូរទៅដោយវីតាមីនE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]