វីតាមីនអា (A) ជាសារធាតុចិញ្ចឹមមួយយ៉ាងសំខាន់ដែលខ្លួនប្រាណយើងត្រូវការមិនអាចខ្វះបាន។  វាជាប្រភេទសារធាតុចិញ្ចឹមដែលកោសិកាយើងមិនអាចផលិតបានឡើយ ដូច្នេះវិធីល្អបំផុតគឺទទួលទានផ្លែឈើ និងបន្លែ ជាដើម។  អ្នកដឹងទេវីតាមីនអាជួយពង្រឹងដល់សុខភាពទូទៅនៃរាងកាយយើងយ៉ាងសកម្ម។ ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង ៤យ៉ាងនៃការទទួលទានអាហារសំបូរវីតាមីនអា៖

១. សុខភាពកែវភ្នែក

ការពិតមិនអាចប្រកែកបាន វីតាមីនអា ដើរតួនាទីយ៉ាងសំខាន់ចំពោះសុខភាពនៃសរីរាង្គភ្នែក។ វាជួយដល់កោសិកាចាប់យកពន្លឺនិងរូបភាពមានដំណើរការប្រសើរ និង ការពារពីការខូចខាតដោយកត្តាខាងក្រៅ។ វាបានជួយប្រឆាំងនិងការពារពីហានិភ័យនៃជំងឺទាក់ទងនឹងភ្នែកដូចជា ជំងឺឡើងទឹកបាយក្នុងភ្នែក បញ្ហាស្ងួតភ្នែក ជាពិសេស ជាភ្នាក់ងារប្រឆាំងនឹងមេរោគឆ្លងតាមភ្នែកដ៏មានប្រសិទ្ធភាព។

២. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ក្រៅពីអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់សុខភាពភ្នែក  វីតាមីនអាក៏ត្រូវបានគេរកឃើញថាបានចូលរួមចំណែកពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ ដើម្បីការពារយើងពីការបង្កជំងឺនៃមេរោគទាំងឡាយ។ ការសិក្សាខ្លះឱ្យដឹងថា កង្វះនៃវីតាមីនA បានធ្វើឲ្យការជួសជុលនិងសាងសង់ឡើងវិញនៃកោសិកាអន្ធិលដែលស្ទើរតែមាននៅគ្រប់ទីកន្លែងនៃរាងកាយយើងមានភាពយឺតខ្លាំង។  នេះធ្វើឲ្យប្រព័ន្ធភាពស៊ាំរាងកាយមានការធ្លាក់ចុះ និងបង្កហានិភ័យនៃការឆ្លងនិងបង្កជំងឺ ព្រោះស្រទាប់កោសិកាអន្ធិលនេះប្រៀបបានជារនាំងការពារពីការជ្រៀតចូលនៃមេរោគពីខាងក្រៅមកខាងក្នុងអីចឹង។

៣. ប្រឆាំងនឹងការរលាក

វីតាមីនអា ឬ បេតាការូទីន  បានដើរតួនាទីជាសារធាតុប្រឆាំងនឹងជាតិពុល (រ៉ាឌីកាល់សេរី)  កាត់បន្ថយការប្រមូលនៃសារធាតុពុលទាំងនេះពីក្នុងរាងកាយយើង។ អ្នកដឹងទេ ពពួករ៉ាឌីកាល់សេរី (ជាតិពុល) យូរៗទៅអាចបំផ្លាញទ្រង់ទ្រាយ និងដំណើរការរបស់កោសិកាដែលជាមូលហេតុចំបងនៃការរលាកកោសិកា។

៤. ប្រឆាំងនឹងជំងឺមហារីក

ដូចគ្នាផងដែរ រ៉ាឌីកាល់សេរីក៏ជាសារធាតុពុលចំបង ចូលរួមចំណែកវិវឌ្ឍកោសិកាមហារីក។ ទោះបីយ៉ាងណា វីតាមីនអា បានជួយប្រឆាំងនិងបំផ្លាញពពួករ៉ាឌីកាលសេរីទាំងនេះ ដែលជាលទ្ធផលកាត់បន្ថយហានិភ័យនៃការបង្កជំងឺមហារីកផ្សេងៗ។

៥. ល្អសម្រាប់សុខភាពឆ្អឹង

លោកអ្នកច្បាស់ជាដឹងនិងឮយ៉ាងច្រើនអំពីទំនាក់ទំនងរវាងសុខភាពឆ្អឹងជាមួយ វីតាមីនដេ (D) ជាពិសេសកាល់ស្យូម។  តែលោកអ្នកដឹងទេ វីតាមីនអា ក៏ជាសារធាតុមួយដ៏សំខាន់សម្រាប់ការលូតលាស់និងភាពរឹងមាំនៃសរីរាង្គឆ្អឹងដែរ។

ការបំពេញវីតាមីនអាបានគ្រប់គ្រាន់ នឹងពង្រឹងសុខភាពនៃសរីរាង្គឆ្អឹងដូចគ្នា។ ជាក់ស្តែង ការសិក្សាមួយដែលអនុវត្តនៅសាកលវិទ្យាល័យ Perugia នៅប្រទេសអ៊ីតាលី បានរកឃើញទំនាក់ទំនងរវាងស្ត្រីចំណាស់ដែលមានបញ្ហាពុកឆ្អឹងជាមួយកម្រិតទាបនៃសារធាតុរេទីណុល (Retinol)។ នេះក៏ដោយសារបរិមាណនៃសារធាតុ Retinol ក្នុងកម្រិតមួយទាបបានកាត់បន្ថយដង់ស៊ីតេសរីរាង្គឆ្អឹង។

ដូច្នេះការបំពេញរបបអាហារដែលសំបូរវីតាមីនA ជាវិធីសាស្ត្រ និងជាទម្លាប់មួយដ៏ល្អ ថែទាំសុខភាពទូទៅរាប់តាំងពីសុខភាពភ្នែក ពង្រឹងដល់ប្រព័ន្ធភាពស៊ាំរាងកាយ ជំរុញសុខភាពឆ្អឹង ជាពិសេសការពារលោកអ្នកពីជំងឺមហារីក។

អាហារ ដែលសំបូរទៅដោយវីតាមីនA មានដូចជា៖

ថ្លើមមាន់ ត្រីសាម៉ុង ស៊ុត ទឹកដោះគោស្រស់(សម្លាប់មេរោគរួច) គ្រឿងសមុទ្រ ការ៉ុត បន្លែស្លឹកបៃតង ជាដើម៕

អាហារសំបូរទៅវីតាមីនA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]