(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការស្វែងយល់ចិត្តគ្នា អស់រយៈយូរឆ្នាំរួចមក ទីបំផុតតារាចម្រៀងប្រុស ប្រចាំផលិតកម្ម ហង្សមាស លោក នៅ ស៊ីនឿន បានសម្រេចភ្ជាប់ពាក្យ ជាមួយនឹងអនាគតភរិយា ដែលជាអនិកជនខ្មែររស់ នៅអាមេរិក អមដោយការដឹងឮពីចាស់ទុំទាំងសងខាង និងអ្នករួមអាជីពចូលរួមអបអរសាទរ ជាច្រើននាក់ ផងនោះ។ តារាចម្រៀង លោក នៅ ស៊ីនឿន បានបញ្ជាក់ប្រាប់តាមរយៈទូរស័ព្ទឲ្យដឹងថា លោកបានស្គាល់គ្នា ជាមួយអនាគតភរិយា តាមរយៈការចេញទៅសម្តែងនៅអាមេរិក ហើយក៏បានទាក់ទងគ្នា យល់ចិត្តគ្នាទៅវិញ ទៅមក ជិត៣ឆ្នាំហើយ ទើបសម្រេចចិត្តភ្ជាប់ពាក្យ នៅចុងឆ្នាំ ២០១៨នេះ។ លោកបង្ហើបថា សម្រាប់ថ្លៃបណ្តាការនោះ លោកបានជូនទៅខាងស្រី បើគិតជាសាច់ប្រាក់ ចំនួន ៣៦,១៦៨ ដុល្លារអាមេរិក។

ទន្ទឹមនឹងការសម្រេចភ្ជាប់ពាក្យ ជាមួយនឹងគូស្នេហ៍ស្រស់សោភាមានវ័យ ២០ ឆ្នាំ ឈ្មោះ Dominique ដែលជា អនិកជនខ្មែររស់នៅអាមេរិក ពេលនេះបានធ្វើឲ្យទស្សនិកជន និងមិត្តរួមអាជីពជាច្រើន សម្តែងនូវការភ្ញាក់ផ្អើល រួមជាមួយនឹងការអបអរសាទរយ៉ាងច្រើនកុះករ។ អ្វីដែលពិសេស គេសម្គាល់ឃើញថា នៅព្រឹកថ្ងៃទី ២៧ ធ្នូ ឆ្នាំ២០១៨ ដែលជាថ្ងៃភ្ជាប់ពាក្យ របស់លោក នៅ ស៊ីនឿន មានការចូលរួមពីតារាល្បីៗ ប្រចាំផលិតកម្មហង្សមាស ជាច្រើនដួង និងមានញាតិមិត្តទាំងខាងស្រី ខាងប្រុសមកពីបរទេស ជួបជុំគ្នាយ៉ាងរីករាយផងដែរ។ តែសម្រាប់ថ្ងៃ មង្គលការនោះ ត្រូវបានលោក នៅ ស៊ីនឿន បញ្ជាក់ថា មិនប្រាកដថាថ្ងៃណានោះទេ គ្រាន់តែដឹងថា លោកនឹង ចូលរោងការនៅឆ្នាំក្រោយ ពោលគឺអាចចុង២០១៩។

លោកនៅ ស៊ីនឿន បានប្រាប់ឲ្យដឹងថា ក្រៅពីរៀបចំពិធីភ្ជាប់ពាក្យ តាមប្រពៃណីខ្មែរ ដើម្បីបង្កើនភាពស្និទ្ធស្នាល រវាង ខាងស្រី និងខាងប្រុស ព្រមទាំងភ្ញៀវកិត្តិយស ក្នុងថ្ងៃភ្ជាប់ពាក្យរបស់លោក គឺមានបន្ថែមកម្មវិធីជប់លៀង ពេលល្ងាចមួយទៀត ក្នុងគោលបំណងបង្កើតអនុស្សាវរីយ៍សប្បាយៗ។

គួរបញ្ជាក់ថា កម្មវិធីភ្ជាប់ពាក្យតារាចម្រៀងប្រុស លោកនៅ ស៊ីនឿន ធ្វើឡើងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ នៅក្រុងតាខ្មៅ នៅក្នុងបុរីពិភពថ្មីតាខ្មៅសាខាទី១ ដោយមានការចូលរួមយ៉ាងកុះករពីមិត្តរួមអាជីព និងសាច់ ញាតិទាំងសងខាងផងដែរ៕

នៅ ស៊ីនឿន
នៅ ស៊ីនឿន និងគូដណ្តឹង
អ្នកចូលរួម ក្នុងពិធីភ្ជាប់ពាក្យនៅ ស៊ីនឿន
អ្នកចូលរួម ក្នុងពិធីភ្ជាប់ពាក្យនៅ ស៊ីនឿន

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ ស៊ីនឿន