ជប៉ុន៖ ត្រីខយ (Koi) គឺជាត្រីជប៉ុនដ៏ល្បី មានច្រើនពូជនិងច្រើនពណ៌ ដែលគេពេញនិយមចិញ្ចឹមនៅតាមផ្ទះ ឬហាងនានា ហើយវាក៏ជាប្រភេទត្រីមួយ ក្នុងចំណោមប្រភេទចិញ្ចឹមជាច្រើនផ្សេងទៀត ដែលអ្នកខ្លះយល់ឃើញថា វានាំមកនូវភាពស្រស់បំព្រង និងលាភសំណាងដល់ម្ចាស់ផងដែរ។

ត្រីខយ S Legend

កាលពីពេលកន្លងទៅនេះ ត្រីខយមួយក្បាលស្រកាក្រហមលាយ.ស នៅឯប្រទេសជប៉ុន បានក្លាយជាត្រីចិញ្ចឹមមួយក្បាល ដែលត្រូវបានគេដាក់លេងដេញថ្លៃ បានក្នុងតម្លៃកប់ពពកខ្ទង់ជិត ២លានដុល្លារ និងមិនធ្លាប់ពីមុនមក បង្កឲ្យមានការភ្ញាក់ផ្អើល។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ត្រីខយនោះឈ្មោះ S Legend មានប្រវែងខ្លួន ១០១សង់ទីម៉ែត្រ ជាត្រីញីពូជ Kohaku ត្រូវបានទិញដោយស្រ្តីអ្នកមានទ្រព្យម្នាក់ ក្រោយបញ្ចប់ការដេញថ្លៃក្នុងតម្លៃ ១,៨ដុល្លារអាមេរិក នៅឯកសិដ្ឋានចិញ្ចឹមត្រី Saki Fish ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន។

ចំពោះមូលហេតុដែលត្រីខយញីមួយក្បាលខាងលើ ត្រូវបានដេញថ្លៃបានក្នុងតម្លៃកប់ពពកបែបនេះ ត្រូវបានគេដឹងថា ដោយសារតែវាធ្លាប់ឈ្នះពានជ័យលាភីលេខ១ នៅក្នុងកម្មវិធី «All Japan Koi Show» កាលពីឆ្នាំមុន ទើបធ្វើឲ្យមានការចាប់អារម្មណ៍ ពីអ្នកស្រលាញ់និងប្រមូលទិញត្រីប្រភេទនេះជាច្រើន ចង់បានវាយកទៅចិញ្ចឹម។

ត្រីខយ S Legend

ស្រ្តីហ៊ានឲ្យថ្លៃត្រីខយញី ក្នុងតម្លៃ ១,៨លានដុល្លារអាមេរិកនេះ ត្រូវបានគេស្គាល់ឈ្មោះត្រឹមថា Yingying មកពីតៃវ៉ាន់។ នាងក៏ត្រូវបានគេដឹងដែរថា ជាអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ ហើយក៏ជាអ្នកដែលស្រលាញ់គាំទ្រពេញទំហឹង ទៅលើត្រីខយផងដែរ។

តាមការឲ្យដឹង នាង Yingying នឹងយកត្រីខយ S Legend នេះទៅបង្កាត់ពូជ បង្កើតពងត្រីក្នុងបរិមាណឲ្យបានជាង ៥០០ ០០០គ្រាប់ ហើយនឹងជ្រើសរើសយកតែគ្រាប់ពងដែលមានគុណភាពល្អត្រឹមត្រូវចំនួនខ្ទង់ ៥ ០០០គ្រាប់តែប៉ុណ្ណោះ ដើម្បីយកទៅលក់ចែកចាយបន្ត។

គេក៏សង្ឃឹមដែរថា ត្រីខយ S Legend នឹងចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនៅលើកក្រោយៗ ដែលយ៉ាងហោចណាស់ប្រហែល ២ឆ្នាំទៀតផងដែរ។

គួរឲ្យដឹងផងដែរថា ជប៉ុននៅតែជាប្រទេសលេខ១ ដែលចិញ្ចឹមពូជត្រីខយ ដ៏ធំជាងគេបង្អស់លើពិភពលោក ជាមួយនឹងគោលដៅទីផ្សារចែកចាយ ៩០ភាគរយជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០១៦ ត្រូវបានគេដឹងថា ពូជត្រីខយបាននាំចេញ ដោយទទួលបានចំណូលជាង ៣៥លានដុល្លារអាមេរិក។

សូមរម្លឹកដែរថា ជប៉ុនក៏ធ្លាប់បានបំបែកឯតទគ្គកម្មពិភពលោក ក្នុងការដេញថ្លៃលក់ត្រីធូណាខៀវ ទម្ងន់ ២២២គីឡូក្រាម បានក្នុងតម្លៃ ១,៤លានដុល្លារអាមេរិក ដែលជាតម្លៃដ៏កប់ពពកមួយ មិនធ្លាប់មានពីមុនមកផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]