ចិន៖ បុគ្គលិកនៅហាងសាឡនមួយកន្លែង ក្នុងប្រទេសចិន បានរងពិន័យយ៉ាងធ្ងន់.ក ដោយថៅកែតម្រូវឲ្យឈរទះកំផ្លៀងខ្លួនឯង ពិន័យឲ្យហូបម្ទេសស្រស់ និងរត់១០គីឡូម៉ែត្រ ចំពោះការធ្វើការងារមិនបានល្អ លក់ផលិតផលមិនបានតាមគោលដៅដែលចង់បាន។

ហាងសាឡន

ហាងសាឡនខាងលើនេះ ត្រូវបានគេស្គាល់យីហោថា Runfa Hair Salon មានទីតាំងស្ថិតនៅក្នុងទីក្រុង Wuxi ភាគខាងត្បូងខេត្ត Jiangsu ប្រទេសចិន បាននឹងកំពុងតែរងការរិះគន់យ៉ាងខ្លាំង ចំពោះការដាក់ពិន័យលើបុគ្គលិកយ៉ាងហួសហេតុ។

យ៉ាងណាមិញ ជុំវិញនឹងករណីនេះ អតីតបុគ្គលិកម្នាក់ ដែលធ្លាប់ធ្វើការនៅហាងសាឡនខាងលើនេះ តួនាទីជាអ្នកគ្រប់គ្រង ហើយក៏ធ្លាប់បានរងពិន័យដូចគ្នាដែរនោះ លោក Pan បានរៀបរាប់ប្រាប់កាសែតក្នុងស្រុកឲ្យដឹងថា បុគ្គលិកជាច្រើនត្រូវបានថៅកែដាក់ពិន័យ ដោយតម្រូវឲ្យពួកគេទះកំផ្លៀងខ្លួនឯង ចំនួន១០០ដៃ ពិន័យឲ្យហូបម្ទេសស្រស់ ខ្ទឹមបារាំង ផឹកទឹកខ្មេះ ខណៈឯអ្នកខ្លះទៀតបង្ខំឲ្យរត់ក្នុងចម្ងាយដី ១០គីឡូម៉ែត្រថែមទៀតផង។

លោក Pan

លើសពីនេះ ពួកគេក៏ថែមទាំងអាចប្រឈមមុខនឹងការផាកពិន័យជាសាច់ប្រាក់ថែមផងដែរ។ នេះក៏ដោយសារតែ ថៅកែខឹងនឹងបុគ្គលិក ចំពោះការលក់ផលិតផលគ្រឿងសម្អាង មិនបានគ្រប់ទៅតាមគោលដៅកំណត់ក្នុងមួយថ្ងៃៗ។

លោក Pan បន្តថា រាល់បុគ្គលិកនីមួយៗ គឺតម្រូវឲ្យលក់ផលិតផលសក់ទៅកាន់អតិថិជន ឲ្យបានឃើញលុយពី ៣ ០០០យ័ន ទៅ ៤ ០០០យ័ន (ឬពី ៤៣៥ដុល្លារ ទៅ ៥៨០ដុល្លារអាមេរិក) ក្នុងមួយថ្ងៃៗ។ ក្នុងករណីពួកគេបរាជ័យក្នុងការលក់ទេនោះ ពួកគេនឹងត្រូវទទួលរងពិន័យលើរាងកាយយ៉ាងធ្ងន់ធ្ងរដូចនេះតែម្តង។

ម្យ៉ាងវិញទៀតនោះ ប្រសិនណាបើទះកំផ្លៀងខ្លួនឯងមិនទាន់ក្រហមមុខខ្លាំងទេ ពួកគេថែមទាំងត្រូវពិន័យជាប្រាក់ ៥០០យ័ន (ឬប្រហែល ៧២ដុល្លារអាមេរិក) ពីលើថែមទៀត។

លោក Pan បានឲ្យដឹងទៀតថា បុគ្គលិកជាច្រើនក៏ធ្លាប់បានត្អូញត្អែរ និងប្រឆាំងជុំវិញនឹងករណីនេះ ប៉ុន្តែផ្ទុយទៅវិញ ពួកគេនឹងត្រូវបានបញ្ឈប់ពីការងារនៅក្នុងថ្ងៃបន្ទាប់។ ហើយវាក៏ត្រូវបានគេដឹងដែរថា ថៅកែហាងសាឡនខាងលើ ជំពាក់លុយបុគ្គលិកមិនព្រមបើកឲ្យឡើយ នៅពេលដែលបណ្ដេញពួកគេចេញពីការងារនោះ។

បុគ្គលិកដែលត្រូវពិន័យ

គួរឲ្យដឹងផងដែរថា យោងតាមច្បាប់កិច្ចសន្យាការងាររបស់ប្រទេសចិន និយោជកទាំងអស់មិនត្រូវធ្វើទុក្ខបុកម្នេញ ដាក់ទណ្ឌកម្ម ការធ្វើឲ្យអាម៉ាស់មុខលើក្រុមកម្មករ ឬបុគ្គលិកនោះឡើយ។ លើសពីនេះ និយោជកក៏ត្រូវតែទទួលខុសត្រូវចំពោះសំណង ប្រសិនបើក្នុងករណីរកឃើញថា បានរំលោភបំពានទៅលើនិយោជិក (កម្មករ) ដូចជាបង្កហិង្សា ឬការដាក់ពិន័យ ដូចករណីខាងលើនេះ ឬបណ្ដេញបុគ្គលិកចេញពីការងារជាដើម។

បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ ប្រភពបានឲ្យដឹងថា គេក៏បានរាយការណ៍ទៅដល់អាជ្ញាមូលដ្ឋាន ដើម្បីជួយធ្វើការអន្តរាគមន៍ និងចាត់ការទៅតាមផ្លូវច្បាប់ផងដែរ។

គួររម្លឹកដែរថា នេះមិនមែនទើបតែជាលើកទីមួយនោះទេ ដែលកើតមានករណីបែបនេះ។ ជាក់ស្តែង គេតែងសង្កេតឃើញថា មានក្រុមហ៊ុនក៏ដូចជាហាងរកស៊ីមួយចំនួនក្នុងប្រទេសចិន តែងតែធ្វើទារុណកម្ម ឬដាក់ពិន័យទៅលើបុគ្គលិកខ្លួនមានគ្រប់រូបភាព ចំពោះការធ្វើការងារមិនបានល្អ ឬមិនអាចបំពេញតាមគោលដៅដែលក្រុមហ៊ុនចង់បាន ដោយពិន័យឲ្យផឹកនោម ផឹកទឹកបង្គន់ វាត់នឹងខ្សែក្រវាត់ ចាប់កោរសក់ និងឲ្យក្រាបលូនវារជាដើម ដែលទាំងអស់នេះគឺជារឿងដ៏អាម៉ាស់ និងរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បុគ្គលិកដែលត្រូវពិន័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]