ថៃ៖ កូនភ្លោះប្រុសស្រីអាយុ៦ឆ្នាំ រស់នៅក្នុងប្រទេសថៃ ត្រូវបានឪពុកម្តាយផ្សំផ្គុំឲ្យរៀបការជាមួយគ្នា ព្រោះតែមានជំនឿថា ក្មេងតូចទាំងពីរគឺជាគូស្នេហ៍កាលពីជាតិមុន និងដើម្បីជម្រះកម្មពារមិនល្អឲ្យពួកគេក្នុងជាតិថ្មីនេះ។

កូនភ្លោះប្រុសស្រីនេះត្រូវបានគេស្គាល់ឈ្មោះថា កុមារា Guitar និងកុមារី Kiwi ។ ពួកគេទាំងពីរបានកើតនៅក្នុងខែកញ្ញា ឆ្នាំ២០១២ ហើយបើគិតមកទល់ពេលនេះ មានអាយុ៦ឆ្នាំហើយ។

កុមារា Guitar និងកុមារី Kiwi

បើតាមការអះអាងពីឪពុកម្តាយក្មេងភ្លោះប្រុសស្រីទាំងពីរ លោក Amornsan Sunthorn Malirat អាយុ៣១ឆ្នាំ និងនាង Phacharaporn អាយុ៣០ឆ្នាំ បានឲ្យដឹងថា ដោយសារតែពួកគាត់មានជំនឿពីបុរាណមកថា ប្រសិនណាបើបានកូនភ្លោះប្រុសស្រី នោះ គឺជាកម្មពាររបស់ពួកគេដែលនៅជាប់ជំពាក់គ្នា ពុំទាន់ដោះស្រាយរួចរាល់កាលពីជាតិមុន ឬអាចនិយាយបានថា ជាគូស្នេហ៍នឹងគ្នាកាលពីអតីតជាតិ។ ដូច្នេះមានតែត្រូវរៀបចំផ្សំផ្គុំពួកគេឲ្យរៀបការជាមួយគ្នាក្នុងជាតិថ្មីនេះ ដើម្បីជម្រះកម្មពារ និងបញ្ឈប់បញ្ហាដែលនឹងអាចកើតឡើងក្នុងឆាកជីវិតរបស់ពួកគេ ខ្ចាត់ព្រាត់ ស្លាប់ ឬបែកបាក់គ្នាជាដើម។

រូបភាពផ្សេងៗក្នុងថ្ងៃមង្គលការ

ឪពុកម្តាយរបស់កូនកំលោះក្រមុំភ្លោះនេះ បានឲ្យដឹងទៀតថា ពិធីមង្គលការត្រូវបានធ្វើឡើង កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ក្នុងខេត្ត Samut Prakan ជិតជាយក្រុងបាងកក ហើយពិធីនេះក៏បានរៀបចំយ៉ាងរលូន មិនខុសគ្នាប៉ុន្មានទៅនឹងពិធីមង្គលការមនុស្សធំ និងបានចំណាយអស់ប្រាក់ជាច្រើនពាន់ដុល្លារផងដែរ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កូនកម្លោះ Guitar បានឲ្យថ្លៃបណ្ណាការជាលុយសុទ្ធទៅកូនក្រមុំចំនួន ២០០ ០០០បាត (ឬប្រហែល ៦ ០០០ដុល្លារអាមេរិក) និងមាសដែលមានតម្លៃប្រមាណ ១ ២០០ដុល្លារអាមេរិក។ នៅក្នុងពិធីមង្គលការមួយនេះ ក៏មានភ្ញៀវកិត្តិយស បងប្អូនគ្រួសារសាច់ញាតិ និងអ្នកជិតខាងជាច្រើន បានអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករផងដែរ។

រូបភាពផ្សេងៗក្នុងថ្ងៃមង្គលការ

គួរឲ្យដឹងផងដែរថា បើទោះបីជាពិធីមង្គលការមួយនេះ ត្រូវបានប្រព្រឹត្តធ្វើឡើងទៅតាមប្រពៃណីក៏ពិតមែន ប៉ុន្តែវាត្រូវចាត់ទុកជាមោឃៈ ឬច្បាប់មិនទទួលស្គាល់នោះទេ។ ហើយពួកគេមានសិទ្ធស្វែងរកដៃគូអនាគតរាងៗខ្លួនដើម្បីរៀបការ នៅពេលដែលពួកគេធំឡើងផងដែរ។

នាង Phacharaporn ជាម្តាយក្មេងទាំងពីរបាននិយាយ៖

«ពួកគេទាំងពីរពិតជាផ្អែមល្ហែមនឹងគ្នាខ្លាំងណាស់ ក្នុងពិធីមង្គលការមួយនេះ។ ពួកគេនឹងក្លាយជាបងប្អូន និងមិត្តដ៏ល្អចំពោះគ្នាទៅវិញទៅមក រហូតដល់ថ្ងៃស្លាប់។ ពួកគេអាចរកប្តី ឬ ប្រពន្ធរាងៗខ្លួនបាន នៅពេលដែលពួកគេធំពេញវ័យ។ ព្រោះថាសម្រាប់ពិធីមង្គលការនៅពេលនេះ គឺគ្រាន់តែធ្វើឡើងដើម្បីជម្រះកម្មពារ ឬបំណុលពីអតីតជាតិឲ្យពួកគេប៉ុណ្ណោះ ហើយវាពិតជាសំខាន់ដែលត្រូវតែធ្វើឲ្យពួកគេទាំងពីរជាដាច់ខាត» ៕
រូបភាពផ្សេងៗក្នុងថ្ងៃមង្គលការ

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

រូបភាពផ្សេងៗក្នុងថ្ងៃមង្គលការ
រូបភាពផ្សេងៗក្នុងថ្ងៃមង្គលការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]