ចិន៖ ស្រ្តីម្នាក់មកពីខេត្តសានដុងបានជួបជុំឆ្កែជាទីស្រលាញ់របស់ខ្លួនវិញ ដែលបាត់កាលពី ៨ ឆ្នាំមុន ធ្វើឱ្យមហាជនជាច្រើនស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

កាលពីមុនអ្នកនាង Gao ត្រូវបង្ខំចិត្តទុកឆ្កែឈ្មោះ Dudou នៅផ្ទះអ្នកជិតខាង ព្រោះនាងត្រូវទៅមើលម្តាយឈឺ។  ពេលត្រឡប់មកវិញ អ្នកជិតខាងនោះបានផ្លាស់ប្តូរផ្ទះ ក៏បានបាត់ឆ្កែរបស់នាងទៅជាមួយដែរ។

អ្នកនាង Gao បានចំណាយពេលជាច្រើនខំព្យាយាមតាមរកឆ្កែនៅតាមចិញ្ចើមផ្លូវ និងគ្រប់ទីកន្លែងដែលនាងអាចរកបាន ប៉ុន្តែនៅតែរកមិនឃើញ ចុងក្រោយនាងក៏បោះបង់ចោលនិងមិនបានឃើញមិត្តតូចរបស់នាងទៀតទេ។

តែអ្វីៗបានផ្លាស់ប្តូរកាលពីសប្តាហ៍មុន  ពេលអ្នកនាង Gao  ប្រទះឃើញឆ្កែអនាថាដ៏កម្សត់មួយក្បាលនៅជិតហាងរបស់នាង។ ឆ្កែនោះបានសម្លឹងមើលនាងជាមួយនឹងក្រសែភ្នែកដូចជាធ្លាប់ស្គាល់ពីមុន ដូច្នេះនាងក៏បានស្រែកឈ្មោះ «Dudou» ក្រោយមកវាក៏រត់មករកនាង។

ភ្លាមៗនោះកូនស្រីអ្នកនាង Gao បានថតវីដេអូជួបជុំគ្នា បន្ទាប់ពីរយៈពេល ៨ ឆ្នាំនេះ ដែលបង្ហាញឱ្យឃើញថាអ្នកនាង Gao ពិតជាស្រលាញ់ Dudou ណាស់ ហើយនាងបានឱប Dudou ជាមួយនឹងទឹកភ្នែកប្រៀបបានដូចជាជួបនឹងសាច់ញាតិដែលបាត់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកអីចឹង។

គួរឱ្យដឹងផងដែរ  រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមគ្រួសាររបស់អ្នកនាង Gao បានផ្តាស់ប្តូរផ្ទះជាច្រើនដង ហើយហាងដែលអ្នកនាងមាននៅសព្វថ្ងៃមានចម្ងាយ ៧ គីឡូម៉ែត្រពីផ្ទះដែលនាងធ្លាប់រស់នៅជាមួយ Dudou កាលពីមុន៕

សូមទស្សនាវីដេអូខាងក្រោម៖

ហេតុការណ៍នៅពេលនោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]