ផ្លែប៉ិគួះ ឬ ដំឡូងរលួសងាយទិញ ងាយហូប និងមានតម្លៃធូរថ្លៃ។ ខ្មែរយើងពេញនិយមហូបឆៅជាមួយអំបិលម្ទេសដែលជាគ្រឿងម្ជូរគួរឲ្យឆ្ងាញ់ហៀរទឹកមាត់។ ក្រៅពីនេះគេអាចជិតវាជាចំណិតល្អិតៗ ហើយញាត់ជាមួយម្សៅធ្វើនំសាយ៉បំពងដ៏ឈ្ងុយឆ្ងាញ់ទៀតផង។

ផ្លែប៉ិគួះអាចចាត់ទុកជាមើមដាំផ្ទាល់ចាក់ឬសជ្រៅនឹងដី។ សារធាតុចិញ្ចឹមរបស់វាមិនចាញ់ផ្លែឈើដទៃទៀតប៉ុន្មានឡើយ។ វាជាប្រភពនៃសារធាតុចិញ្ចឹមមួយចំនួនដូចជា វីតាមីន C សារធាតុសរសៃ និងសារធាតុរ៉ែសំខាន់ៗ ជាដើម។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទទួលបានការហូបផ្លែប៉ិគួះ៖

១. ប្រភពនៃសារធាតុទឹក

ខ្លួនប្រាណមនុស្សយើងមិនអាចខ្វះជាតិទឹកបានឡើយ  ខ្លួនយើងបង្កឡើងដោយជាតិទឹកយ៉ាងហោចណាស់ ៦០% ទៅហើយ។ នេះសរឲ្យឃើញថា ជាតិទឹកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាដំណើរការធម្មតានៃកោសិកា។

ដូច្នេះការហូបផ្លែប៉ិគួះ ជាបង្អែមលាងមាត់ក្រោយបរិភោគអាហាររួច នឹងអាចជួយបង្រ្គប់តម្រូវការនៃជាតិទឹករបស់រាងកាយយើង។

រូបតំណាង

២. ពង្រឹងដល់ប្រព័ន្ធភាពសុំារាងកាយ

ផ្លែប៉ិគួះ បានជួយបំពេញតម្រូវការវីតាមីនC ដ៏សំខាន់ ដែលមានតួនាទីចំបងប្រឆាំងជាតិពុល ការពារពីការខូចខាតកោសិកា ជាពិសេសកោសិកានៃប្រព័ន្ធភាពស៊ាំរាងកាយពីកត្តាខាងក្នុងនិងខាងក្រៅ។  វាក៏ចូលរួមចំណែកប្រឆាំងនឹងមេរោគដ៏សកម្ម និងធ្វើឲ្យយើងមានអង់ទីគ័រ (ប្រព័ន្ធការពាររាយកាយ) ប្រឆាំងនឹងជំងឺ។

រូបតំណាង

៣. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ

សារធាតុសរសៃដ៏សំបូរបែប នៃផ្លែប៉ិគួះ មិនត្រឹមជួយដល់ការរំលាយ និងស្រូបយក សារធាតុចិញ្ចឹមទទួលបានពីចំណីអាហារយើងបរិភោគប៉ុណ្ណោះទេ ថែមទាំងជាសារធាតុមួយដ៏សំខាន់ប្រឆាំងនឹងបញ្ហាទល់លាមកទៀតផង។ ក្រៅពីនេះសារធាតុអីនណូលីន (Inulin) ទទួលបានពីផ្លែប៉ិគួះ ជាសារធាតុមានប្រយោជន៍ចំពោះពពួកបាក់តេរីល្អៗក្នុងប្រព័ន្ធរំលាយអាហារយើង ដែលពពួកបាក់តេរីទាំងនេះដើរតួនាទីជាច្រើន រាប់ទាំងការការពារ ការបំបែកចំណីអាហារ និងការស្រូបយកសារធាតុចិញ្ចឹមផងដែរ។

ដូច្នេះរួមបញ្ចូលផ្លែប៉ិគួះក្នុងរបបអាហាររបស់លោកអ្នក ដើម្បីសម្រួលដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ។

រូបតំណាង

៤. ល្អសម្រាប់សុខភាពបេះដូង

ដូចគ្នាផងដែរសារធាតុសរសៃក៏បានចូលរួមចំណែកដល់ការកាត់បន្ថយសារធាតុកូលេស្តេរ៉ុលមិនល្អ ដែលមានតោងនៅតាមបណ្តោយសរសៃឈាមផងដែរ។ ក្រៅពីនេះសារធាតុរ៉ែសំខាន់មួយចំនួន ជាពិសេស ប៉ូតាស្យូម បានដើរតួនាទីក្នុងការរក្សាសម្ពាធឈាមឲ្យស្ថិតនៅកម្រិតធម្មតា។

គ្រាន់តែកត្តាទាំងពីរខាងលើបានជួយពង្រឹងសុខភាពបេះដូង និងការពារពីហានិភ័យនៃជំងឺបេះដូងមួយចំនួនទៅហើយ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]