អង់គ្លេស៖ វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គម បង្ហាញពីទិដ្ឋភាពសត្វសុនខមួយក្បាល ត្រូវបានម្ចាស់បើកឡានយកទៅបំបោះបង់ចោលកណ្តាលផ្លូវ ភ័យខំប្រឹងរត់ឆ្លេឆ្លា អើតតាមកញ្ចក់ឡានពីខាងក្រៅផងអីផង ដែលធ្វើឲ្យគ្រប់គ្នាបានទស្សនាហើយ បញ្ចេញអារម្មណ៍អាណិតអាសូរលើវាយ៉ាងពន់ពេក។

រូបភាពក្នុងថ្ងៃកើតហេតុពីកាម៉េរាសុវត្ថិភាព

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប ថតជាប់ដោយកាម៉េរាសុវត្ថិភាព ហេតុការណ៍នេះត្រូវបានគេដឹងថា កើតឡើងកាលពីថ្ងៃច័ន្ទ ទី១៧ ធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ នៅចន្លោះម៉ោងប្រមាណជា ៥ល្ងាច នៅចំណុចផ្លូវមួយកន្លែង ក្នុងទីក្រុង Birmingham ប្រទេសអង់គ្លេស។

ដំបូងឡើយ គេឃើញបុរសមិនត្រូវបានស្គាល់អត្តសញ្ញាណជាម្ចាស់ឆ្កែនោះ បានឈរញ៉េមញ៉ុមនៅខាងក្រោយគូទឡាន ជាមួយនឹងឆ្កែចិញ្ចឹមរបស់គាត់ (ឆ្កែដាក់ច្រវាក់.ក) និងមានបាវទទេមួយ ដែលគេជឿថា គាត់ប្រុងដាក់ឆ្កែរបស់គាត់ក្នុងនោះ ដើម្បីស្រួលបាំងភ្នែកឆ្កែ កុំឲ្យវារត់តាមគាត់។

រូបភាពក្នុងថ្ងៃកើតហេតុពីកាម៉េរាសុវត្ថិភាព

បន្តិចក្រោយមក បុរសខាងលើនេះ ក៏បានបណ្តើរឆ្កែរបស់ខ្លួន ឆ្លងមកផ្លូវម្ខាងទៀត ក្បែរបង្គោលភ្លើង និងបានទម្លាក់ដាក់បាវនៅដី (ដើម្បីឲ្យឆ្កែចូលក្នុងនោះ) រួចធ្វើញ៉េមញ៉ុមអោនដោះច្រវាក់ឆ្កែចេញ។

ប៉ុន្តែផ្ទុយទៅវិញ ពេលរបូតច្រវាក់ហើយនោះ ឆ្កែនោះបានរត់លេងទៅឆ្ងាយពីគាត់បន្តិច ហើយវាក៏ជាឱកាសល្អមួយសម្រាប់គាត់ស្រួលរត់ចោលវាផងដែរ។ ហើយនៅគ្រានោះដែរ គេក៏ឃើញមានមនុស្សម្នាក់ទៀតនៅក្នុងឡានរបស់គាត់ បានគោះកញ្ចក់ឡានពីខាងក្នុង ធ្វើជាសញ្ញាដើម្បីឲ្យគាត់រត់មកឡើងឡានវិញផងដែរ។

ទោះយ៉ាងណា នៅពេលភ្លាមៗនោះ ម្ចាស់ឆ្កែខាងលើក៏ពុំទាន់ប្រញាប់បើកឡានចេញចោលឆ្កែនោះទេ ដោយសំងំនៅក្នុងឡានធ្វើជាធម្មតា ខណៈឯឆ្កែកំសត់នោះវិញ គិតតែពីខំប្រឹងរត់ឆ្លេឆ្លាទៅមកៗ និងខំអើតមើលម្ចាស់របស់វា ពីកញ្ចក់ខាងក្រៅឡាន ទាំងមើលទៅហាក់បីដូចជាវាចង់ចូលក្នុងឡាន និងបារម្ភខ្លាចម្ចាស់ទៅចោល ដែលមិនខុសពីមនុស្សឡើយ។

វីដេអូឃ្លីបនេះ ត្រូវបានបញ្ចប់នៅពេលដែលម្ចាស់ឆ្កែបានបើកឡានចេញទៅ ហើយឆ្កែរបស់គាត់ក៏បានប្រឹងរត់ទៅតាមពីក្រោយ។

រូបភាពក្នុងថ្ងៃកើតហេតុពីកាម៉េរាសុវត្ថិភាព

បើយោងតាមប្រភពបានឲ្យដឹងថា ក្រោយកើតហេតុ ជាសំណាងល្អ ដែលឆ្កែកំសត់រោម.សលាយខ្មៅខាងលើនេះ (ឆ្កែចិញ្ចឹមពូជ Staffordshire Bull Terrier) ត្រូវបានប្រទះឃើញដោយអ្នកដំណើរចិត្តធម៌ឆ្លងកាត់ទីនោះ និងបាននាំយកវាទៅឲ្យគ្រូពេទ្យសត្វធ្វើការពិនិត្យ រួចក្រោយមកពួកគេក៏បានទាក់ទងខាងក្រុមការពារសត្វ ឬហៅកាត់ថា RSPCA (Royal Society for the Prevention of Cruelty to Animals) ដើម្បីមកទទួលយកវាទៅចិញ្ចឹម និងមើលថែទាំផងដែរ។

បុគ្គលិកពេទ្យសត្វ បានដាក់ឈ្មោះឲ្យឆ្កែឈ្មោលកំសត់នេះថា Snoop ហើយពួកគេគិតថា វាមានអាយុប្រហែលជា ២ឆ្នាំហើយ។ វាពិតជាឆ្កែដ៏គួរឲ្យស្រលាញ់ និងចេះរាក់ទាក់ជាមួយនឹងមនុស្សណាស់។

អ្នកលេងបណ្តាញសង្គមជាច្រើន សម្ដែងការរិះគន់ និងខឹងសម្បាយ៉ាងខ្លាង ចំពោះទង្វើមិនគប្បីរបស់ម្ចាស់ឆ្កែខាងលើនេះ។

វាត្រូវបានគេដាក់ឈ្មោះឲ្យថា Snoop

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីខាងលើនេះ ប្រភពបានឲ្យដឹងថា គេកំពុងតែធ្វើការតាមដានស្រាវជ្រាវ ដើម្បីស្វែងរកនិងកំណត់មុខសញ្ញាបុរសជាម្ចាស់ឆ្កែនោះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ចំពោះសកម្មភាពបំបោះបង់ចោលឆ្កែចិញ្ចឹម នៅកណ្តាលទីសាធារណៈនេះផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]