ម្ហូបអាហារនៅក្នុងទីក្រុងភ្នំពេញ កាន់តែមានច្រើនគួរឲ្យកត់សម្គាល់ ដែលក្នុងនោះមានមុខម្ហូប អាហារសម្រន់ប្លែកៗជាច្រើនបានដាក់លក់នៅតាមដងផ្លូវនានា និងនៅតាមបណ្តាហាងមួយចំនួន កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ជាពិសេសមិត្តៗយុវវ័យតែម្តង។

យ៉ាងណាមិញបើនិយាយពីអាហារលក់ដូរ នៅតាមដងផ្លូវនានា ឃើញថាមានការលក់ដាច់ច្រើនមិនចាញ់អ្នកលក់ដូរតាមអាហារដ្ឋាននានានោះទេ មិនត្រឹមតែប៉ុណ្ណោះវាក៏មានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់វ័យ អាចចូលហូបតាមតម្រូវការ ការចង់របស់ពួកគេ។

រាល់ពេលមានអាហារប្លែកៗ ដែលកំពុងតែពេញនិយម ខ្មែរឡូត តែងតែចុះទៅសាកសួរអាជីវករ តាមរយៈការសម្ភាសន៍ដោយផ្ទាល់ ពីការលក់ ក៏ដូចជាប្រាក់ចំណូល និងផលលំបាកផ្សេងៗរបស់អ្នកលក់ដូរ ចែកជូនប្រិយមិត្តទាំងអស់គ្នាបានដឹង និងជ្រាបច្បាស់ពីរឿងទាក់ទងពីរឿងទាំងនេះ។ 

កន្លែងលក់«ជើងមាន់ជើងទាខ»

ជាក់ស្តែងមួយរយៈពេលកន្លងមួយនេះ ក៏ឃើញមានអាហារនៅតាមផ្លូវម្យ៉ាងដែលយើងអាចហូបជាមួយបាយក៏បាន និងហូបទទេរបែបជាអាហារសម្រន់ក៏បាន ដែលគេឲ្យឈ្មោះថា «ជើងមាន់ជើងទាខ» មានរសជាតិឈ្ងុយឆ្ងាញ់ ជាប់ចិត្តបំផុត។ មិនត្រឹមតែប៉ុណ្ណោះបណ្តាមហាជនជាច្រើនក៏បានចាប់អារម្មណ៍ ព្រោះថាត្រឹមតែលក់ដូរនៅតាមដងផ្លូវ ខាងក្រោយសាលារៀនទួលគោក តែទៅលើការលក់របស់ម្ចាស់កន្លែងលក់មួយនេះនៅតាមដងផ្លូវ ដោយមានការលក់ដាច់យ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃរកពេលសម្រាកមិនចង់បាន។

ឆ្លៀតពេលដ៏មានតម្លៃនេះ ខ្មែរឡូត ក៏បានចុះទៅសាកសួរម្ចាស់កន្លែងលក់«ជើងមាន់ជើងទាខ» មួយនេះ ពីប្រាក់ចំណូល ដែលអាចនឹងធ្វើឲ្យមហាជនជាច្រើនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាការលក់ដាច់ខ្លាំងលើសពីការគិត។ 

«ជើងមាន់ជើងទាខ»
«ជើងមាន់ជើងទាខ»
«ជើងមាន់ជើងទាខ»

ដោយក្នុងនោះ លោកសំរិទ្ធិ បានរៀបរាប់ថា ការបើលក់ជើងមាន់ជើងទានេះ អស់រយៈពេល១ឆ្នាំហើយ ដែលបើកនៅម៉ោង១២ ដល់៨យប់ជារៀងរាល់ថ្ងៃ ហើយចំណុចពិសេសដែលធ្វើឲ្យអតិថិជនជាប់ចិត្ត នឹងជើងមាន់របស់លោកនោះ គឺដោយសារតែវាមានគ្រឿងផ្សំឈ្ងុយឆ្ងាញ់ប្លែកពីអ្នកដទៃ ហើយមានលើកដំបូងនៅកម្ពុជាផងដែរ។

លោកសំរិទ្ធិ ម្ចាស់កន្លែងលក់«ជើងមាន់ជើងទាខ»

ដំបូងឡើយ លោកគ្រាន់តែធ្វើញុំាធម្មតាជាមួយនឹងបងប្អូន ដោយមានអ្នកខ្លះបានសួរនាំ និងចង់សាក ព្រោះឃើញមានក្លិនឈ្ងុយ ថែមទាំងទំនងគួរឲ្យចង់ញុំា ដូច្នោះហើយលោកក៏សម្រេចចិត្តសាកធ្វើលក់ប៉ុន្មានថ្ងៃ សា្រប់តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនមកទល់នឹងពេលនេះ។

ចំណែកឯគ្រឿងផ្សំផ្សេងៗវិញ គឺលោកបានរៀបចំឡើងដោយការច្នៃឡើងដោយដៃខ្លួនឯងផ្ទាល់ មិនបានយកមកពីប្រទេសជិតខាងនោះទេ។ ទន្ទឹមនឹងនេះលោកក៏បានបន្ថែមថា ការលក់របស់លោកមួយថ្ងៃបានរហូតទៅដល់ ១១០គីឡូ ក្នុងមួយថ្ងៃ (ទាំងជើងមាន់ និងទា) ហើយបើនិយាយពីប្រាក់ចំណូលវិញច្រើនរហូតដល់ ៥លានរៀលឯណោះ ក្នុងមួយថ្ងៃ។

កន្លែងលក់«ជើងមាន់ជើងទាខ»
កន្លែងលក់«ជើងមាន់ជើងទាខ»

បន្ទាប់ពីនេះទៅទៀត លោកក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាស្នាដៃរបស់ខ្លួន មានការគាំទ្រពីសំណាក់អតិថិជនច្រើនបែបនេះ ទោះបីជាបច្ចុប្បន្ននេះលោកត្រូវហត់នឿយនៅក្នុងការធ្វើវាឡើង យ៉ាងណាក្តី។

តាមរយៈការសម្ភាសន៍របស់លោកមកកាន់ ខ្មែរឡូត ទើបបានជ្រាបច្បាស់ថាទោះបីជាការលក់ដូរនៅតាមផ្លូវ គ្មានហាងយ៉ាងណាក្តី តែអាចធ្វើឲ្យម្ចាស់អាជីវកម្មរូបនេះ អាចរកប្រាក់ចំណូលបានយ៉ាងច្រើន គួរឲ្យសរសើរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖

កន្លែងលក់«ជើងមាន់ជើងទាខ»
កន្លែងលក់«ជើងមាន់ជើងទាខ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]