ការស្រាវជ្រាវថ្មីបានរកឃើញថា លំហាត់ប្រាណដែលប្រើប្រាស់ដង្ហើមច្រើន បានកាត់បន្ថយអាការៈធ្លាក់ចុះនៃសមត្ថភាពខួរក្បាលក្នុងចំណោមមនុស្សចាស់ដែលជួបបញ្ហាការចងចាំ និងការគិត។

Mild Cognitive Impairment(MCI) ឬ ការធ្លាក់ចុះសមត្ថភាពកម្រិតស្រាល ត្រូវបានគេកំណត់សម្គាល់ដោយការបាត់បង់សមត្ថភាពខួរក្បាលសំខាន់ៗក្នុងកម្រិតស្រាល ដូចជា ការចងចាំពុំសូវល្អ និងសមត្ថភាពពិចារណាយឺត ឬស្ទក់។

បុគ្គលមានបញ្ហាMCI ជួបបញ្ហាផ្ចង់អារម្មណ៍លើកិច្ចការអ្វីមួយ ឬក៏ការផ្ចង់អារម្មណ៍បានរយៈខ្លី ពិបាកក្នុងការចងចាំ និងជាពិសេសស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត។

ទោះបីអាការនៃការធ្លាក់ចុះសមត្ថភាពខួរក្បាលកម្រិតស្រាល (MCI) មិនសូវប៉ះពាល់ខ្លាំងដល់សកម្មភាពប្រចាំថ្ងៃក្តី ក៏អាការនេះអាចបង្កហានិភ័យជំងឺវង្វេងវង្វាន់ និងជំងឺបាត់ការចងចាំនៅថ្ងៃក្រោយ ដែលជាបញ្ហាយ៉ាងធ្ងន់ធ្ងរ។  ភាគច្រើនអាការនេះ ច្រើនកើតលើក្រុមមនុស្សវ័យចំណាស់ ជាពិសេសអាយុ ៦៥ឆ្នាំឡើងទៅ ដែលគេហៅថា ជំងឺទាក់ទងនឹងអាយុ។

ការសិក្សាស្រាវជ្រាវដែលដឹកនាំដោយ មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Duke បានរកឃើញថា លំហាត់ប្រាណអាចពង្រឹងដល់សមត្ថភាពខួរក្បាលនៃក្រុមវ័យចំណាស់ និងកាត់បន្ថយល្បឿននៃការវិវឌ្ឍន៍នៃជំងឺទាក់ទងប្រព័ន្ធប្រសាទនៅវ័យចំណាស់បាន។

គេបានសិក្សាទៅលើសំណាក ចំនួន១៦០នាក់ ដែលសុទ្ធសឹងមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅជាមធ្យម។ គេបានបែងចែកជា ៤ក្រុមធំៗផ្សេងគ្នា ដោយមួយក្រុមតម្រូវឲ្យធ្វើត្រឹមលំហាត់ប្រាណ  ហើយក្រុមទី២ទទួលទានរបបអាហារល្អដែលតម្រូវឲ្យធ្វើតាម រីឯក្រុមទី៣វិញ មានទាំងហាត់ប្រាណ និងទទួលទានរបបអាហារល្អ។ ចំណែកឯក្រុមទី៤ គ្រាន់តែទទួលនូវការណែនាំផ្នែកសុខភាពប៉ុណ្ណោះ។

ជាលទ្ធផលបន្ទាប់ពីរយៈពេល៦ខែ  ការធ្វើតេស្តស្ទង់សមត្ថភាពខួរក្បាលដោយប្រើប្រាស់តេស្តដែលគេបានរៀបចំ និងសកម្មភាពផ្សេងៗ គេបានរកឃើញថា ក្រុមទី៣ ដែលមានទាំងលំហាត់ប្រាណ និងរបបអាហារត្រឹមត្រូវ  ទទួលបានពិន្ទុខ្ពស់ជាងក្រុមដទៃ ហើយអាការនៃការចងចាំ និងការគិត ឃើញមានសភាពកាន់តែប្រសើរខ្លាំង។

ដូច្នេះការសិក្សានេះបានបង្ហាញឲ្យឃើញសារៈសំខាន់នៃការធ្វើលំហាត់ប្រាណ និង ការទទួលទានរបបអាហារមានលំនឹង (ត្រីសាច់បន្លែផ្លែឈើ) និងត្រឹមត្រូវ ចំពោះសុខភាពនៃប្រព័ន្ធប្រសាទរបស់យើង។ បើទោះបីនេះជាការសិក្សាចំពោះតែក្រុមមនុស្សចាស់ក្តី ជាក់ស្តែងណាស់ ក្រុមវ័យណាក៏ដោយក៏នឹងអាចទទួលបានអត្ថប្រយោជន៍សុខភាពពីការធ្វើលំហាត់ប្រាណមិនថាត្រឹមសុខភាពប្រព័ន្ធប្រសាទ  ជាពិសេសសុខភាពរាងកាយទាំងមូលតែម្តង៕

ទំរង់នៃលំហាត់ប្រាណ
ទំរង់នៃលំហាត់ប្រាណ
ទំរង់នៃលំហាត់ប្រាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]