ការស្រាវជ្រាវថ្មីបានប្រើប្រាស់ថ្នាំពីរប្រភេទរួមបញ្ចូលគ្នា (DYRK1A និង TGFβSF) ជាលទ្ធផលធ្វើឲ្យលំពែងផលិតអរម៉ូនអាំងស៊ុយលីន (អរម៉ូនរក្សាកម្រិតជាតិស្ករក្នុងឈាម) ក្នុងអត្រាមួយដ៏ច្រើនមិនធ្លាប់ឃើញឡើយ ដែលនឹងអាចព្យាបាលជំងឺទឹកនោមផ្អែមបាន។

ជំងឺទឹកនោមផ្អែមបណ្តាលមកពីកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ខ្លាំង ទើបទាមទារការថែទាំខ្លួនឯងរយៈពេលច្រើនឆ្នាំរហូតដល់មួយជីវិតក៏មាន។  វាអាចនាំមកផលវិបត្តិចំពោះសុខភាពផ្សេងៗទៀតនៃរាងកាយរាប់តាំងពីតម្រងនោម ខួរក្បាល ចក្ខុវិញ្ញាណ បេះដូង និងបញ្ហាធាត់ជាដើម។

ជំងឺទឹកនោមផ្អែមមានពីរប្រភេទ៖ 

ប្រភេទទី១ ជាជំងឺសេនេទិចកើតតាំងពីកំណើតដែលអាចបណ្តាលមកពីកោសិកាលំពែងមិនអាចផលិតអរម៉ូនអាំងស៊ុយលីន ឬក៏កោសិកានៃប្រព័ន្ធភាពស៊ាំបានចាត់ទុកអរម៉ូនអាំងស៊ុយលីនជាអង់ទីសែន (សត្រូវ) និងកំចាត់វាចោល។

ចំណែកប្រភេទទី២ បណ្តាលមកពីកោសិកាលំពែងដំណើរការមិនបានល្អ ផលិតអរម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់សម្រាប់បរិមាណជាតិស្ករក្នុងឈាម ឬ ដោយសារកោសិកាយើងមានភាពរេស៊ីស្តង់ជាមួយអរម៉ូនអាំងស៊ុយលីន ដែលជាហេតុបណ្តាលឲ្យកោសិកាមិនអាចធ្វើការស្រូបយកជាតិស្ករពីក្នុងឈាមបានត្រឹមត្រូវ។

រូបតំណាង

ការស្រាវជ្រាវថ្មីបានផ្តល់ក្តីសង្ឃឹមមួយដល់ការស្វែងរកនូវការព្យាបាលជំងឺទឹកនោមផ្អែម។  ប្រភេទថ្នាំថ្មីមានការរួមបញ្ចូលរវាងថ្នាំពីរប្រភេទផ្សេងទៀត ដែលមានឥទ្ធិពលភ្ញោចលំពែងឱ្យផលិតកោសិកាបេតាក្នុងអត្រាមួយដ៏ខ្ពស់មិនធ្លាប់ឃើញពីមុនមក (៥ ទៅ ៨ភាគរយក្នុងមួយថ្ងៃ)  ទោះបីចំពោះបុគ្គលដែលពុំមានជំងឺទឹកនោមផ្អែមក្តី។

វេជ្ជបណ្ឌិត Peng Wang   សាស្ត្រាចារ្យនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រនៅ Mount Sinai បានឲ្យដឹងថា  "ថ្នាំអាចភ្ញោចឲ្យមានការផលិតឡើងវិញនៃកោសិកាបេតាដោយខ្លួនឯងបែបនេះនឹងផ្តល់ដំណោះស្រាយថ្មីក្នុងការព្យាបាលជំងឺទឹកនោមផ្អែម យ៉ាងមានប្រសិទ្ធភាព និងជោគជ័យ"។

រីឯវេជ្ជបណ្ឌិត Andrew Stewart ប្រធាននៃវិទ្យាស្ថានជំងឺទឹកនោមផ្អែម និងជំងឺធាត់នៅ Mount Sinai បាននិយាយថា  "វាជាក្តីរីករាយយ៉ាងក្រៃលែងសម្រាប់ការអង្កេតជាលើកដំបូង ឃើញមានភាពរីកលូតលាស់នៃកោសិកាបេតានៅអត្រាមួយយ៉ាងលឿនបែបនេះ ព្រោះវានឹងក្លាយជាគន្លឹះរកថ្នាំព្យាបាលជំងឺទឹកនោមផ្អែម"។

បើទោះបីជាយ៉ាងណាក៏ដោយ ការសិក្សានេះទើបធ្វើតេស្តសាកល្បងនៅមន្ទីរពិសោធន៍តែប៉ុណ្ណោះ  ប៉ុន្តែគេពុំទាន់បានតេស្តគ្លីនិកទៅលើមនុស្សឡើយ ថាតើសរីរាង្គលំពែងក្នុងខ្លួនយើងមានឥទ្ធិពលជាមួយនឹងថ្នាំប្រភេទថ្មីនេះដូចគ្នាដែរឬទេ។ខ្វះត្រឹមមួយជំហានទៀត យើងនឹងឈានដល់ការស្វែងរក ថ្នាំព្យាបាលជំងឺទឹកនោមផ្អែមបានហើយ៕

រូបតំណាង

ចុចអាន៖ ការសិក្សាថ្មីបានរកឃើញថា ការរួមបញ្ចូលថ្នាំ ២ប្រភេទ (ទឹកនោមផ្អែម និងលើសឈាម) អាចកំទេចកោសិកាមហារីក!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]