រាជធានីភ្នំពេញ៖ ណាហ្គាវើលដ៍ នឹងធ្វើការដកចេញនូវការប្រើប្រាស់បំពង់បឺតប្លាស្ទិកពីប្រតិបត្តិការរបស់ខ្លួនចាប់ពីថ្ងៃទី ១ ខែមករា នៅឆ្នាំក្រោយ ដែលនេះជាផ្នែកមួយគម្រោងគាំពារបរិស្ថានរបស់ក្រុមការងារសង្គមរបស់ក្រុមហ៊ុន។ 

យុទ្ធនាការ “បញ្ឈប់ការប្រើប្រាស់បំពង់បឺតប្លាស្ទិក” នឹងត្រូវអនុវត្តទូទាំង ណាហ្គាវើលដ៍ និងណាហ្គាទី ២ បន្ទាប់ពីការស្ទង់មតិបុគ្គលិកប្រមាណ ១០,០០០ នាក់ និងគម្រោងសាកល្បងជោគជ័យ ដែលផ្តួចផ្តើមដោយក្រុមការងារសង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ ឬហៅកាត់ថា “ណាហ្គាវើលដ៍បេះដូងសប្បុរស” ចាប់តាំងពីខែមិថុនា ក្នុងឆ្នាំនេះ។

យុទ្ធនាការ “បញ្ឈប់ការប្រើប្រាស់បំពង់បឺតប្លាស្ទិក” មានគោលបំណងលុបបំបាត់ការប្រើប្រាស់បំពង់បឺតប្លាស្ទិកប្រមាណ ៤ លានដើមក្នុងមួយឆ្នាំ ខណៈបំពង់បឺតដែលមិនប៉ះពាល់ដល់បរិស្ថាន នឹងត្រូវផ្តល់ជូននៅពេលអតិថិជនស្នើសុំ។

បុគ្គលិកណាហ្គាវើលដ៍ បានឈប់ប្រើប្រាស់បំពង់បឺតប្លាស្ទិករួចហើយនៅតាមអាហារដ្ឋាន ខណៈក្រុមហ៊ុនបានលើកទឹកចិត្តឲ្យបុគ្គលិកទាំងអស់ជួយផ្សព្វផ្សាយសារបរិស្ថានដ៏ល្អនេះដល់ក្រុមគ្រួសារ និងមិត្តភក្តិផងដែរ។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា៖

«យើងមានសេចក្តីសោមនស្សរីករាយ និងមោទនភាពដែលបានក្លាយជាផ្នែកមួយនៃចលនាប្រយុទ្ធប្រឆាំងនឹងបំពង់បឺតប្លាស្ទិករបស់ពិភពលោក។ យើងជឿជាក់ថា ការនិយាយថា “ទេ” ចំពោះបំពង់បឺតប្លាស្ទិក គឺជារឿងសាមញ្ញបំផុតដែលអ្នកទាំងអស់គ្នារួមទាំងអតិថិជនរបស់យើងអាចចូលរួមកាត់បន្ថយការបំពុលដោយប្លាស្ទិក។ វាជាជំហានតូចប៉ុន្តែមានឥទ្ធិពលដើម្បីឆ្ពោះទៅរកការការពារបរិស្ថានរបស់យើង» ។

យោងទៅតាមកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ ប្លាស្ទិកប្រមាណ ៨ លានតោន ត្រូវបានចាក់ចោលទៅក្នុងមហាសមុទ្ររបស់យើងជារៀងរាល់ឆ្នាំ។ បំពង់បឺតប្លាស្ទិក គឺជារបស់សាមញ្ញបំផុត ដែលត្រូវបានគេបោះចោល និងអណ្តែតនៅលើផ្ទៃសមុទ្ រដែលបង្កគ្រោះថ្នាក់ដល់ជីវិតនៅក្នុងសមុទ្រ មច្ឆជាតិ និងទេសចរណ៍ និងបង្កការខូចខាតយ៉ាងហោចណាស់ ៨ ពាន់លានដុល្លារ លើប្រព័ន្ធអេកូឡូស៊ី។ 

ដោយឡែក វីដេអូឯកសារស្តីអំពីការយកចេញបំពង់បឺតប្លាស្ទិកពីរន្ធច្រមុះរបស់កន្ធាយសមុទ្រ បានទាក់ទាញការចាប់អារម្មណ៍ពីប្រជាជនរាប់លាននាក់ទូទាំងពិភពលោក។

ការប្តេជ្ញា និងគម្រោងគាំពារបរិស្ថានរបស់ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស គឺសមស្របទៅនឹងគោលបំណងអភិវឌ្ឍប្រកបដោយនិរន្តរភាព គម្រោងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងគម្រោងកាត់បន្ថយផលប៉ះពាល់បរិស្ថានក៏ដូចជាគម្រោងគ្រប់គ្រងកាកសំណល់ ៣ R (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ) របស់អង្គការសហប្រជាជាតិ។ 

ត្រូវបានទទួលស្គាល់ថា ជាសណ្ឋាគារបៃតងឆ្នើមប្រចាំតំបន់អាស៊ាននៅឯវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០១៦ ដែលបានអនុវត្តវិធីសាស្ត្រការពារបរិស្ថានប្រកបដោយនិរន្តរភាព ណាហ្គាវើលដ៍ នឹងបន្តសិក្សា និងស្វែងយល់អំពីគំនិត និងគម្រោងថែរក្សាបរិស្ថានថ្មីៗបន្ថែមទៀត ដើម្បីប្រតិបត្តិការធុរកិច្ចប្រចាំថ្ងៃរបស់ខ្លួនដើម្បីការលូតលាស់ប្រកបដោយនិរន្តរ៍ភាព៕

ណាហ្គាវើលដ៍និយាយថា «ទេចំពោះបំពង់បឺតប្លាស្ទិក»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]