នរណាគេក៏ដោយក៏ធ្លាប់កើតមានបញ្ហាពុកធ្មេញដែរ គ្រាន់តែកើតតិច ឬច្រើន និង នៅអាយុផ្សេងៗគ្នា។ យើងអាចនិយាយបានថា ជំងឺពុកធ្មេញជាជំងឺសកលកើតមានលើមនុស្សគ្រប់រូប។

កត្តាបង្កនៃជំងឺពុកធ្មេញ អាចបណ្តាលមកពីការទទួលទានអាហារសំបូរជាតិស្ករ បញ្ហាខ្វះអនាម័យមាត់ធ្មេញ និងខ្វះជាតិផ្លុយអរ (ផ្លរអឺរ៉ាយ Fluoride) ជាដើម។ អ្នកដឹងទេ ស្ករ (Sucros) ជាប្រភពអាហារដែលយើងត្រូវការចាំបាច់ផលិតថាមពលប្រើប្រាស់ ប៉ុន្តែការបំលែងជាតិស្ករទៅជាថាមពល ក៏បានផលិតជាតិអាស៊ីតផងដែរ (អាស៊ីតឡាក់ទិច)។ អាស៊ីតនេះហើយជាភ្នាក់ងារចំបងធ្វើឲ្យធ្មេញយើងអស់ជាតិរ៉ែបន្តិចម្តងៗ បង្កជាបញ្ហាពុកធ្មេញឡើង។

ជំងឺពុកធ្មេញ

ទោះបីយ៉ាងណា ជាតិអាស៊ីតអាចបន្សាបបានដោយការដុសសម្អាតធ្មេញត្រឹមត្រូវនិងទៀងទាត់  ប្រើ Floss តាមចន្លោះធ្មេញដែលមានជាប់កំទេចកំទីអាហារ។ ដូច្នេះ កង្វះអនាម័យមាត់ធ្មេញ អាចបណ្តាលឲ្យជាតិអាស៊ីតកើនឡើង  ជាពិសេសឥទ្ធិពលនៃជាតិអាស៊ីតកាន់តែខ្លាំងនៅពេលយប់ដេក។  លើសពីនេះទៅទៀត ការប្រើប្រាស់ថ្នាំដុសធ្មេញមានសារធាតុផ្លុយអរក៏ជាកត្តាសំខាន់ដែរ ដើម្បីការពារធ្មេញពីបញ្ហាពុកធ្មេញ។

ការដុសធ្មេញ និង Flossធ្មេញ

បើយើងធ្វើអនាម័យធ្មេញមិនបានខ្ជាប់ខ្ជាន់ទេ វានឹងបណ្តាលឲ្យមានរោគពុកធ្មេញ។ បញ្ហាពុកធ្មេញនាំមកនូវផលប៉ះពាល់ជាច្រើនចំពោះសុខភាពមាត់ធ្មេញផ្ទាល់ និង សុខភាពនៃរាងកាយយើង។

កាលណាធ្មេញពុកវាអាចបណ្តាលឲ្យមានក្លិនមាត់ប៉ះពាល់ដល់ការទំនាក់ទំនងប្រចាំថ្ងៃ។  បញ្ហាពុកធ្មេញភាគច្រើនបង្កអាការឈឺធ្មេញពេលកើតឡើងរុំារ៉ៃ។ ជាលទ្ធផល វាអាចធ្វើឲ្យយើងទទួលទានអាហារមិនបាន  ប៉ះពាល់ដល់ការបំពេញសារធាតុចិញ្ចឹមប្រចំាថ្ងៃសម្រាប់រាងកាយយើង។

លើសពីនេះទៀត កាលណាមេរោគនៃជំងឺពុកធ្មេញរីករាលដាលចូលដល់សរសៃធ្មេញ វាអាចទាមទារឲ្យមានការព្យាបាលដោយយកសរសៃធ្មេញ ទើបនាំឱ្យក្លាយជាធ្មេញងាប់ ឬក៏អាចត្រូវដកធ្មេញចោលថែមទៀត។

កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត បញ្ហាពុកធ្មេញអាចបង្កជំងឺអញ្ចាញធ្មេញ ដែលអាចបង្កជំងឺមាត់ធ្មេញយ៉ាងធ្ងន់ធ្ងរ និងជំងឺទូទៅជាច្រើនទៀតព្រោះចំណីអាហារដែលយើងហូបចូលតាមច្រកមាត់ទាំងអស់។  ជំងឺអញ្ចាញធ្មេញបើមិនព្យាបាលទាន់ពេលទេ នឹងបណ្តាលឲ្យកោសិកាធ្មេញខូចខាត បាត់បង់  រង្គើ  រលុង និងសន្តកលូតចេញមកក្រៅ ជាដើម។  មេរោគនៃជំងឺអញ្ចាញនេះអាចជ្រាបចូលតាមចរន្តឈាម ទៅកាន់ផ្នែកផ្សេងៗទៀតនៃរាងកាយយើង។ ជំងឺនេះអាចបង្កជំងឺទូទៅផ្សេងៗ ដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺរលាកសន្លាក់រុំារ៉ៃ ជាដើម។

ដូច្នេះអនាម័យមាត់ធ្មេញមានសារៈសំខាន់ខ្លាំងណាស់មិនថាចំពោះសុខភាពមាត់ធ្មេញទេ ជាពិសេសសុខភាពទូទៅទៀតផង៕

ជំងឺអញ្ចាញ
ជំងឺសន្លាក់ដៃរុំារ៉ៃ បណ្តាលមកពីមេរោគនៃជំងឺអញ្ចាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]