ផ្លែខ្នុរ ជាផ្លែឈើនៃតំបន់ត្រូពិចដែលមានភាពពេញនិយមនៅបណ្តាប្រទេសនៃអាស៊ី។ ជាពិសេសប្រជាជនខ្មែរយើងក៏ចូលចិត្តទទួលទានផ្លែឈើមួយប្រភេទនេះដែរ។ ផ្លែខ្នុរ ងាយរកទិញ ងាយហូប និងអាចបរិភោគផ្ទាល់ ឬធ្វើជាបង្អែម និងទឹកក្រឡុកបានទៀត។ រសជាតិផ្អែមធម្មជាតិរបស់វាជាប្រភពនៃថាមពលសម្រាប់រាងកាយយើងទៀតផង។ ជាពិសេសផ្លែខ្នុរជាប្រភពនៃសារធាតុចិញ្ចឹមយ៉ាងច្រើនសំបូរបែប រាប់តាំងពីវីតាមីន សារធាតុរ៉ែ និងសារធាតុសរសៃជាដើម។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពមួយចំនួនទទួលបានពីការហូបផ្លែខ្នុរ៖

១. ពង្រឹងដល់ប្រព័ន្ធភាពសុំារាងកាយ

ទោះផ្លែខ្នុរមានរសជាតិផ្អែម តែវាក៏ជាប្រភពនៃវីតាមីន C ដែរ។ រាងកាយយើងត្រូវការវីតាមីនដ៏សំខាន់មួយនេះជាប្រចាំ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយ ប្រឆាំងនឹងមេរោគបង្កជំងឺផ្សេងៗ ហើយជាពិសេសវាបានចូលរួមចំណែកដល់ការផ្សះមុខរបួសឲ្យជាសះល្អ  មានប្រយោជន៍សម្រាប់សុខភាពឆ្អឹង រាងកាយ និងជាពិសេសសុខភាពមាត់ធ្មេញ-អញ្ចាញ ទៀតផង។

រូបតំណាង

២. ល្អសម្រាប់សុខភាពស្បែក

វាបានចូលរួមចំណែកផលិតសារធាតុកូឡាសែនដ៏សំខាន់ ដែលមានសារៈសំខាន់ ភ្ជាប់កោសិកាស្បែកទាំងអស់ឲ្យហាប់ណែន។ សារធាតុកូឡាសែន ឬ ខូឡេជេន (Collagen) ប្រៀបបាននឹងស៊ីម៉ង់ដ៍សម្រាប់ភ្ជាប់កោសិកាស្បែកទាំងឡាយឲ្យនៅជាទ្រង់ទ្រាយជាប់ៗគ្នា។ ដូច្នេះស្បែកមួយដែលមានសុខភាពល្អទាមទារឲ្យមានសារធាតុកូឡាសែននេះយ៉ាងច្រើន ដែលអាចផលិតបានពីវីតាមីនសេ។

វាផ្តល់វីតាមីនសេដែលជាសារធាតុប្រឆាំងនឹងការខូចខាតកោសិកាយ៉ាងមានប្រសិទ្ធភាព។ វីតាមីនសេប្រៀបបានជារនាំងមួយការពារកោសិកាស្បែកយើង ពីកាំរស្មីស្វាយអ៊ុលត្រា ដែលកាំរស្មីនេះអាចមានឥទ្ធិពលជ្រៅចូលទៅក្នុងកោសិកាស្បែកបង្កឲ្យមានភាពមិនប្រក្រតីរបស់ស្បែក ជាពិសេសវាអាចវិវឌ្ឍទៅរកជំងឺមហារីកស្បែក។

រូបតំណាង

៣. ល្អចំពោះសុខភាពភ្នែក

ការហូបផ្លែខ្នុរបានជួយបំពេញតម្រូវការវីតាមីនAចំពោះរាងកាយ ដែលសារធាតុចិញ្ចឹមនេះបានដើរតួនាទីយ៉ាងសំខាន់រក្សាសុខភាពភ្នែកឲ្យល្អ ជាពិសេសសរីរាង្គ ករណេ ដែលជាស្រទាប់ខាងក្រៅបង្អស់នៃភ្នែក។ សរីរាង្គករណេប្រៀបដូចកញ្ចក់ការពារផ្នែកខាងក្នុងដែលសំខាន់ៗនៃសរីរាង្គភ្នែក។ អ្នកដឹងទេ កង្វះនៃវីតាមីនA អាចបង្កហានិភ័យនៃជំងឺឡើងបាយ បណ្តាលមកពីស្រទាប់ករណេនេះឡើងភាពស្រអាប់។

ទោះបីយ៉ាងណារបបអាហារមានវីតាមីនAគ្រប់គ្រាន់ មិនត្រឹមកាត់បន្ថយជំងឺទេ ជាពិសេសការពារយើងពីជំងឺភ្នែកផ្សេងៗទៀតផង។

រូបតំណាង

៤. ល្អសម្រាប់សុខភាពបេះដូង

ផ្លែខ្នុរក៏បានផ្តល់ប៉ូតាស្យូមដែលជាសារធាតុរ៉ែដ៏សំខាន់រក្សាសម្ពាធឈាមឲ្យនៅធម្មតា។  កង្វះនៃប៉ូតាស្យូមអាចបណ្តាលឲ្យសម្ពាធកើនឡើងខ្ពស់ ដែលជាកត្តាចម្បងនៃជំងឺបេះដូងជាច្រើនប្រភេទ ជាពិសេសជំងឺដាច់សរសៃឈាមនេះឯង។

ដូច្នេះបំពេញសារធាតុរ៉ែសំខាន់មួយនេះ ជាមួយនឹងផ្លែខ្នុរដើម្បីសុខភាពនៃបេះដូងរបស់លោកអ្នក៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]