តៃវ៉ាន់៖ ដោយសារតែ ធ្វេសប្រហែសក្នុងអំឡុងពេលបើកបរ ព្រោះតែងោកមួយភាំង បណ្តាលឲ្យកំលោះសង្ហាវ័យក្មេងជនជាតិតៃវ៉ាន់ម្នាក់ បានជ្រុលចង្កូតទៅបុករះរថយន្ត Ferrari តម្លៃរាប់សែនដុល្លារ ខូចខាតអស់ជាច្រើនគ្រឿង ប៉ុន្តែសំណាងល្អពុំមានអ្នករងរបួស ខណៈបច្ចុប្បន្នកំពុងវ័ណ្ឌ.ក រឿងសងសំណង តែបែរជាត្រូវបានមហាជនអាណិតជួយធ្វើរឿងនេះដល់រូបគេ។ 

បើយោងតាមសារព័ត៌មានបរទេសមួយ បានរាយការណ៍ថា បុរសវ័យក្មេងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Lin Chin-Hsiang អាយុ ២០ ឆ្នាំ មានមុខរបរធ្វើការនៅហាងលក់សាច់អាំងមួយកន្លែង ក្នុងទីក្រុងតៃប៉ិ បានជ្រុលចង្កួតទៅបុកនឹងរថយន្ត Ferrari ចំនួន ៣ គ្រឿង នៅចន្លោះម៉ោងប្រមាណជា ៥និង៤០នាទីព្រឹក កាលពីថ្មីៗនេះ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

រូបភាពពីកន្លែងកើតហេតុ

តាមប្រភពដដែរ បានរាយការណ៍ថា សព្វថ្ងៃនេះ យុវជនអភ័ព្វខាងលើនេះរស់នៅជាមួយនឹងម្តាយ បងប្រុស និងប្អូនស្រីកំពុងតែរៀន ចំណែកឪពុករបស់គេបានស្លាប់កាលពីពីរបីឆ្នាំមុនព្រោះតែជំងឺ ហើយកាលពីពេលថ្មីៗនេះ រូបគេត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សាដើម្បីជួយម៉ាក់គេលក់ ទៀន ធូប និងក្រដាសសែន។

ក្រោយមក បន្ទាប់ពីធ្វើការងារថែមម៉ោងពេញមួយយប់ Lin ដឹងថាម៉ាក់គេដូចជាមិនសូវស្រួលខ្លួន ទើបរូបគេសម្រេចចិត្តជួយដឹកអីវ៉ាន់ឱ្យភ្ញៀវជំនួសម៉ាក់គេ។ យ៉ាងណាមិញ ដោយសារតែរូបគេអស់កម្លាំងខ្លាំងពេកទើបគេងលក់មិនដឹងខ្លួន រួចក៏ជ្រុលចង្កួតទៅបុកនឹងឡាន Ferrari ៣ គ្រឿងតែម្តង សំណាងល្អគ្មានអ្នករងរបួសទេ គ្រាន់តែខូតខាតឡានតែប៉ុណ្ណោះ។

យុវជនកំសត់នេះបាននិយាយថា «ខ្ញុំបង្ករឿងធំហើយលើកនេះ ខ្ញុំបង្ករឿងដល់ម៉ាក់ខ្ញុំ និងត្រូវសងលុយគេច្រើនទៀត ខ្ញុំគ្រាន់តែចង់ជួយគាត់ប៉ុណ្ណោះ តែបែរជានាំរឿងឱ្យគាត់ទៅវិញ។»

សារព័ត៌មានក្នុងស្រុកបានទាក់ទងហាងជួសជុលឡាន ហើយបានរកឃើញថាថ្លៃជួសជុលសម្រាប់ការខូចខាតទាំងអស់មានចំនួនដល់ទៅ ៣៩០,០០០ ដុល្លារអាមេរិក។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា Lin មានកំណត់ត្រាបើកបរល្អ ហើយមិនបានផឹកស្រា នៅពេលមានគ្រោះថ្នាក់ចរាចរណ៍នេះទេ។ 

Lin និងម៉ាក់របស់លោក

Lin និងក្រុមគ្រួសាររបស់លោក បានព្យាយាមរកវិធីតើត្រូវធ្វើដូចម្តេចដើម្បីសងថ្លៃខូចខាតទាំងអស់នេះ។

ក្រោយមក រឿងនេះបានល្បីពេញកោះតៃវ៉ាន់ ហើយមានមនុស្សម្នាច្រើនកុះករ អាណិតដល់រូបគេជាខ្លាំង ទើបពួកគេប្រមូលលុយដើម្បីជួយយុវជនកំសត់ម្នាក់នេះ។

បច្ចុប្បន្នទឹកប្រាក់ដែល Lin ទទួលបានពីជំនួយនោះមានចំនួន ២៤,០០០ ដុល្លារ ហើយខាងម្ចាស់ឡានក៏មានការយោគយល់ច្រើនផងដែរ គឺឱ្យ Lin សង់ថ្លៃខូចខាតទាំងនេះដោយបង់រំលស់។

Lin បាននិយាយថា «ខ្ញុំពិតជាសុំទោសពិតមែន ដែលខ្ញុំបានបុកឡានរបស់ពួកគេ។ ខ្ញុំគ្មានចេតនាទេ បើទោះបីជាត្រូវចំណាយពេលយូរក៏ដោយ ខ្ញុំធ្វើខុស ដូច្នេះខ្ញុំត្រូវតែសងថ្លៃខូចខាតទាំងនេះ។»

បច្ចុប្បន្ន Lin រកប្រាក់បាន ១,១៣៦ ដុល្លារក្នុងមួយខែ ដូច្នេះលោកត្រូវចំណាយពេល ២៨ ឆ្នាំទើបអាចសងបំណុលនេះអស់ (នេះមិនគិតថ្លៃចំណាយលើម្ហូបអាហារ ស្នាក់នៅ ឬការចំណាយផ្សេងៗផង)៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

រូបភាពពីកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]