ភ្នំពេញ៖ ជាមួយនឹងកំណើនភ្ញៀវទេសចរណ៍ និងជនជាតិចិននៅក្នុងប្រទេសកម្ពុជា កាន់តែមានចំនួនច្រើនទ្បើង ខណៈពេលដែលសេវាទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនៅកម្ពុជាកំពុងមានការវិវត្តទៅមុខជាលំដាប់ សេវាកម្មទូទាត់តាមប័ណ្ណឥណទាន UnionPay (UMS) ដ៏ធំរបស់ប្រទេសចិន បានមកធ្វើទស្សនកិច្ចនៅក្រុមហ៊ុន ផាយ ផេ (Pi Pay) ដើម្បីស្វែងយល់បន្ថែមអំពីពាណិជ្ជករ និងអ្នកផ្ដល់សេវានានា ដែលកំពុងអភិវឌ្ឍវិស័យទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា។

នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ លោក ថូម៉ាស ផូកូនី (Tomas Pokorny) បានបញ្ជាក់ថា ក្រុមហ៊ុន ផាយ ផេ ដែលជាអ្នកផ្ដល់សេវាទូទាត់មិនប្រើក្រដាសប្រាក់នាំមុខគេនៅកម្ពុជា បានទទួលស្វាគមន៍ UMS សម្រាប់ការធ្វើទស្សនកិច្ច និងបានចុះជួបជាមួយនឹងពាណិជ្ជករ និងទីតាំងអាជីវកម្មឈានមុខនានា នៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ។

លោកបានពន្យល់ថា៖ 

«ការចាប់អារម្មណ៍របស់ក្រុមហ៊ុន UnionPay ចំពោះប្រទេសកម្ពុជា និងក្រុមហ៊ុន ផាយ ផេ នឹងអនុញ្ញាតឲ្យយើងធ្វើកិច្ចសហការជាមួយនឹងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ និងអ្នកផ្ដល់សេវានានាទូទាំងប្រទេសកម្ពុជា ដែលជួយសម្រួលឲ្យភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីជុំវិញពិភពលោកកាន់តែមានជម្រើស និងភាពងាយស្រួលក្នុងការទូទាត់ប្រាក់។ ស្របពេលដែល សេវាកម្មទូទាត់តាមប័ណ្ណឥណទាន UnionPay (UMS) បន្តពង្រីកបណ្តាញរបស់ខ្លួននៅក្នុងតំបន់ យើងពិតជាមានមោទនភាពណាស់ UnionPay បានសម្រេចចិត្តចាប់ដៃគូសហការជាមួយ ផាយ ផេ នៅក្នុងប្រទេសកម្ពុជា និងស្វែងយល់បន្ថែមអំពីផ្នែកបរិយាប័ន្នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា»។

ភាពជាដៃគូជាមួយក្រុមហ៊ុនចិន និងក្រុមហ៊ុនក្នុងស្រុកគឺជាជំហានមួយដ៏សំខាន់ស្របពេលដែលតំបន់អាស៊ីអាគ្នេយ៍បន្តផ្តោតសំខាន់លើការប្រតិបត្តិការ ដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងគម្រោង «ផ្លូវមួយខ្សែក្រវាត់មួយ» ដែលជាគម្រោងដ៏ធំមួយរបស់ប្រទេសចិន ក្នុងគោលបំណងវិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មទូទាំងសកលលោក។

លោក ផូកូនី បានបន្ថែមថា៖ 

«ការនិយោគរួមរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិទៅ តាមវិស័យរៀងៗខ្លួន គឺជាជំហានមួយដ៏សំខាន់ក្នុងជម្រុញនូវកិច្ចសហការរួមគ្នា ភាពងាយស្រួល និងការលូតលាស់នៃសេវាទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដោយមិនប្រើក្រដាសប្រាក់ នៅក្នុងប្រទេសកម្ពុជា និងធានាជូនអតិថិជនទទួលនូវសេវាកម្មដ៏ល្អបំផុតតាមតម្រូវការរបស់ខ្លួន»។

ការចុះទស្សនកិច្ចរបស់ UnionPay នៅក្រុមហ៊ុន ផាយ ផេ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុនផ្ដល់សេវាទូទាត់អន្តរជាតិ ដើម្បីធានាជូននូវសុវត្ថិភាព ជំនាញវិជ្ជាជីវៈ និងភាពងាយស្រួលនៃការទូទាត់ប្រាក់ និងការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថល និងដំណើរទស្សនកិច្ចរបស់ ផាយ ផេ ទៅកាន់ការិយាល័យកណ្ដាលរបស់ UMS ផ្ទាល់នៅក្នុងទីក្រុងសៀងហៃ កាលពីខែកញ្ញា កន្លងទៅនេះ។

ដោយមានការរំពឹងថានឹងមានភ្ញៀវទេសចរចិននឹងកើនទ្បើងចំនួន ២លាននាក់ គិតត្រឹមឆ្នាំ ២០២០ នេះសបញ្ជាក់យ៉ាងច្បាស់ពីកំណើននៃតម្រូវការចាំបាច់ សម្រាប់ប្រទេសកម្ពុជាក្នុងការផ្ដល់ជូនសេវាទូទាត់មិនប្រើក្រដាសប្រាក់ ដែលមានភាពងាយស្រួល និងអាចបំពេញតម្រូវការ និងការរំពឹងទុករបស់ភ្ញៀវទេសចរចិន ហើយដំណើរទស្សនកិច្ចរបស់ UMS លើកនេះ គឺជាការបោះជំហានក្នុងការសម្រេចគោលដៅនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]