អត្រាជំងឺធាត់បានកើនឡើងក្នុងល្បឿនមួយយ៉ាងលឿននៅប៉ុន្មានទសវត្សចុងក្រោយនេះ។ វាបានដាក់បន្ទុកយ៉ាងខ្លាំងចំពោះសុខភាពសាធារណៈទូទាំងពិភពលោក។ ក្នុងពេលជាមួយគ្នានោះ គេក៏បានសិក្សាស្រាវជ្រាវរកដំណោះស្រាយដ៏មានប្រសិទ្ធភាពនិងងាយស្រួលផ្សេងៗ ជាក់ស្តែងការស្រាវជ្រាវថ្មីមួយដែលបានបង្កើតបច្ចេកវិទ្យាតូចល្អិតមិនប្រើប្រាស់ថ្ម (ថាមពលអគ្គិសនី) អាចផ្តល់ក្តីសង្ឃឹមថ្មីមួយសម្រាប់អ្នកចង់ស្រកទម្ងន់។

ជំងឺធាត់កំពុងក្លាយជាបញ្ហាសុខភាពពិភពលោកនៅពេលបច្ចុប្បន្ន ដែលត្រូវបានសន្មត់ថាមានអត្រាស្លាប់ទាក់ទងនឹងបញ្ហាលើសទម្ងន់រហូតដល់ ៤លាននាក់ទូទាំងពិភពលោក គិតត្រឹមឆ្នាំ២០១៥។  ដោយឡែក អ្នកដឹងទេនៅសហរដ្ឋអាមេរិក ប្រជាជនប្រមាណ ១/៣ នៃប្រជាជនសរុប ឬ ប្រហែល ១០៨លាននាក់ បាននិងកំពុងជួបប្រទះបញ្ហាធាត់លើសទម្ងន់ខ្លាំង។

វិស័យសុខាភិបាលទូទាំងពិភពលោក កំពុងស្វះស្វែងនិងព្យាយាមយល់មូលហេតុចំបងអំពីកត្តានៃហានិភ័យផ្សេងៗ និងភាពគ្រោះថ្នាក់បង្កដោយជំងឺធាត់។

ហេតុផលមួយចំនួនទាក់ទងនឹងមូលហេតុនៃជំងឺធាត់ គឺវាអាចជាជំងឺតំណពូជ ដែលអាចបន្តពីឪពុកម្តាយមកកូន ហើយពីកូនទៅចៅថែមទៀត។  វាអាចបង្កមកពីកត្តាអរម៉ូន និងកត្តាចិត្តសាស្ត្រជាដើម។ ជាពិសេសកត្តារបបអាហារ និងការហូបចុកដូចជាការទទួលទានអាហារសំបូរកាឡូរីច្រើន នាំឱ្យខ្លួនប្រាណយើងធ្វើការដុតប្រើប្រាស់វាជាថាមពលនៅសល់។ ជាហេតុនាំឱ្យកាឡូរីដែលនៅសល់ត្រូវបំលែងទៅជាខ្លាញ់សម្រាប់ទុកប្រើប្រាស់នៅពេលក្រោយ។ យូរៗទៅវាផ្តុំបានជាសារធាតុខ្លាញ់យ៉ាងច្រើនដែលបង្កជាជំងឺធាត់នេះឯង។

រូបតំណាង

តាមរយៈហេតុផលចុងក្រោយ  ក្រុមអ្នកស្រាវជ្រាវបានស្វះស្វែងនិងស្រាវជ្រាវ រហូតដល់ផលិតបាននូវបច្ចេកវិទ្យាតូចល្អិតមួយដែលមានទំហំត្រឹម ១សង់ទីម៉ែត្រប៉ុណ្ណោះ  ត្រូវបានគេដាក់ភ្ជាប់នៅផ្នែកនៃប្រព័ន្ធរំលាយអាហារ។ បច្ចេកវិទ្យានេះមានដំណើរការយ៉ាងសំខាន់ក្នុងការបំភាន់ខួរក្បាល ដោយការភ្ញោចទៅកាន់ខួរក្បាលឱ្យមានអារម្មណ៍ឆ្អែត  ជាលទ្ធផលវាធ្វើឲ្យយើងពុំសូវមានអារម្មណ៍ឃ្លានញឹកញាប់ និងកាត់បន្ថយការទទួលទានអាហារដែរ។

ក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Wisconsin-Madison នៃប្រទេសចិន បានធ្វើការពិសោធន៍របកគំហើញរបស់ពួកគេទៅលើសត្វកណ្តុរ។ ក្រោយពីបានភ្ជាប់ បច្ចេកវិទ្យាតូចល្អិតនេះចូលក្នុងសត្វកណ្តុររួច  ត្រឹម ១៥ថ្ងៃក្រោយ គេឃើញសត្វកណ្តុរស្រកទម្ងន់រហូតដល់ទៅ ៣៨ភាគរយឯណោះ។

នេះជារបកគំហើញមួយដ៏សំខាន់ខ្លាំង ចំពោះសុខភាពប្រជាជនទូទាំងពិភពលោក។ ជំងឺធាត់កំពុងក្លាយជាបញ្ហាសុខភាពដ៏ចំបង ដែលទាមទារឲ្យមានការដោះស្រាយភ្លាមៗ ពីព្រោះជំងឺនេះអាចប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពផ្សេងៗទៀត ដូចជា ជំងឺបេះដូង ជំងឺសន្លាក់ ជំងឺឆ្អឹង ជំងឺដាច់សរសៃឈាម  -ល- ៕

អ្នកស្រាវជ្រាវទាំងពីររូប ដែលបានបង្កើតនូវបច្ចេកវិទ្យាតូចល្អិតនេះ
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]