បច្ចុប្បន្ននេះករណីរំលោភសម្លាប់ នៅតែជាប្រធានបទក្តៅនៅក្នុងសង្គម។ ជាក់ស្តែងមួយរយចុងក្រោយនេះ គឺយើងសង្កេតឃើញថា មហាជនកំពុងមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ចំពោះករណីរំលោភបំពាន ជាពិសេសគឺទៅលើកុមារ រហូតធ្វើឲ្យមហាជនជាច្រើនមានភាពខឹងសម្បារ ដល់ថ្នាក់មានការទាមទារ ចង់ឲ្យដាក់ទោសជនដែលបង្កទាំងអស់ ឲ្យចាស់ដៃទៅលើករណីដ៏ឃោរឃៅនេះថែមទៀតផង។

សព្វថ្ងៃនៅក្នុងប្រទេសកម្ពុជាយើង យ៉ាងហោចណាស់ក៏មានករណីរំលោភសម្លាប់១ករណីដែរ ក្នុងមួយថ្ងៃ ដែលនេះគឺជាកង្វល់ ដែលគួរឲ្យព្រួយបារម្ភខ្លាំងមែនទែន សម្រាប់សង្គមខ្មែរនាពេលបច្ចុប្បន្ន។

ដូចនេះ តើយើងគួតែមានវិធានការ ឬការបង្ការការពារខ្លួនយ៉ាងដូចម្តេចខ្លះ ដើម្បីឲ្យរួចផុតពីការរងគ្រោះ ដោយសារតែបិសាចតណ្ហាទាំងនេះ? ជាពិសេសគឺកុមារៗ តើអ្នកគួរការពារពួកគាត់ដោយរបៀបណាទៅ?

ខាងក្រោមនេះ គឺជារបៀបអប់រំនិងការពារខ្លួនអ្នក និងកុមារ៖

រូបតំណាង

សម្រាប់កុមារ គឺជាទូទៅពួកគាត់នៅក្មេង មិនទាន់មានការយល់ដឹងអ្វីឡើយ ទាក់ទងទៅនឹងបញ្ហាផ្លូវភេទអស់ទាំងនេះ ដូចនេះក្នុងនាមអ្នកជាឪពុកម្តាយ ឬអាណាព្យាបាល ចូរអប់រំណែនាំពួកគាត់ដូចវិធីខាងក្រោម៖

១. ប្រាប់ពួកគេពីចំណុចសំខាន់នៅលើរាងកាយ

កុមារមិនបានដឹងឡើយ ថាចំណុចសំខាន់នៅលើរាងកាយរបស់ពួកគេគឺអ្វី។ ដូចនេះអ្នកគួរតែណែនាំប្រាប់ពួកគេពីចំណុចសំខាន់ទាំងនោះ និងបង្រៀនពីវិធីថែរក្សាការពារ និងផលប៉ះពាល់ទាំងឡាយទៅកាន់ពួកគេ។

២. បង្រៀនពីវិធីការពារខ្លួនប្រាណ

ព័ត៌មានចុះផ្សាយគ្រប់ទិសទីទាក់ទងទៅនឹងករណីអំពើហិង្សាផ្លូវភេទទាំងនេះ ពេលខ្លះអ្នកគួរតែធ្វើជាសួរទៅកាន់កូនរបស់អ្នកថា «តើកូននឹងធ្វើបែបណា បើសិនជាស្ថិតនៅក្នុងស្ថានការណ៍បែបនោះ?» ដែលវាសំណួរដែលអាចបើកឱកាសឲ្យអ្នក អាចពិភាក្សាដឹងពីគំនិតរបស់គេបាន និងអាចបង្រៀនពួកគេពីវិធីការពារខ្លួន។

វិធីការពារខ្លួន អ្នកគួរតែប្រាប់ពួកគេ ឲ្យចេះប្រុងប្រយ័ត្នជាមួយនឹងមនុស្សគ្រប់គ្នា ជាពិសេសគឺមនុស្សប្រុស ចៀសវាងក្នុងការនៅកន្លែងស្ងាត់តែ២នាក់ មិនថានៅសាលារៀនឬ កន្លែងណាក៏ដោយ ចៀសវាងកុំឲ្យគេប៉ះពាល់តំបន់សំខាន់នៅលើរាងកាយ ដែលបានរៀបរាប់ខាងលើ។ កុំជឿសម្តីមនុស្សប្លែកមុខផ្តេសផ្តាស បើមានការអ្វីមិនស្រួល ឬមិនគួរឲ្យទុកចិត្ត ត្រូវរត់មកផ្ទះ បើនៅសាលាគឺត្រូវប្រាប់លោកគ្រូអ្នកគ្រូ ឬខលមកឪពុកម្តាយប្រាប់ពីដំណឹង។

រូបតំណាង

៣. បង្រៀនឲ្យពួកគេក្លាហានហ៊ានប្រាប់ការពិត

នេះគឺជារឿងសំខាន់បំផុតមួយ ដែលអាចជួយកុមារឲ្យរួចផុតកណ្តាប់ដៃបិសាចតណ្ហា អ្នកត្រូវបង្រៀនពួកគេឲ្យមានភាពក្លាហានក្នុងការនិយាយការពិត មិនថារឿងអ្វីក៏ដោយ។ ភាគច្រើនកុមារធ្លាក់ក្នុងរងការរងគ្រោះពីការជិះជាន់ផ្លូវភេទ ដោយសារតែពួកគេមានភាពភ័យខ្លាច និងរងការគំរាមកំហែងពីមនុស្សអាក្រក់ មិនឲ្យប្រាប់រឿងនេះទៅកាន់ឪពុកម្តាយរបស់ពួកគេ។ ដូចនេះអ្នកគួរតែបង្រៀនពួកគេ ឲ្យបើកចិត្តមានភាពក្លាហានក្នុងការប្រាប់អ្នកពីរឿងរ៉ាវទាំងអស់ ដោយមិនបានលាក់លៀម។

៤. សួរនាំសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ

អ្នកគួរតែយកចិត្តទុកដាក់ពីសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ មិនមែនជាការសួរនាំដេញដាលគួរឲ្យធុញទ្រាន់នោះទេ ប៉ុន្តែជាការសួរបែប ការពាររក្សាសុវត្ថិភាពរបស់ពួកគេ ដូចជាសួរថា «ថ្ងៃនេះកូនលេងអ្វីខ្លះដែរ?» «មានមនុស្សប្លែកមុខមកនិយាយជាមួយឬបបួលទៅណាទេ?» ។ល។ ត្រូវបង្រៀនឲ្យពួកគេចេះការពារខ្លួនពីមនុស្សប្លែកមុខ។

៥. អប់រំរឿងផ្លូវភេទ

មិនមែនជារឿងអាក្រក់អ្វីនោះទេ ដែលអ្នកគួរតែអប់រំពួកគេខ្លះៗទាក់ទងនឹងរឿងនេះ មិនចាំបាច់ជ្រាលជ្រៅខ្លាំងអ្វីណាស់ណានោះទេ គ្រាន់តែបង្រៀនឲ្យពួកគេចេះថែរក្សាខ្លួន កន្លែងណាខ្លះគួរចៀសវាងពីមនុស្សប្រុស ហើយកន្លែងណាខ្លះគួរតែបិទបាំង។

រូបតំណាង

ការពារខ្លួនសម្រាប់មនុស្សពេញវ័យ៖

១. កុំទុកចិត្តមនុស្សផ្តេសផ្តាស

ជាមនុស្សធំពេញវ័យភាគច្រើន តែងគិតថាខ្លួនអាចការពារខ្លួនឯងបាន និងចេះមើលមនុស្សច្បាស់ ថាតើមនុស្សណាអាក្រក់ មនុស្សណាល្អ ប៉ុន្តែពេលខ្លះអ្នកក៏គួរតែប្រុងប្រយ័ត្នខ្លួន ឲ្យបានច្រើនជាងនេះ ជាពិសេសគឺមនុស្សប្លែកមុខ ឬមនុស្សដែលទើបតែស្គាល់គ្នាថ្មីៗ យើងមិនអាចបណ្តោយខ្លួន ទៅកន្លែងណាស្ងាត់តែ២នាក់ ឬទុកចិត្តគេផ្តេសផ្តាសពេកនោះទេ។

២. កុំបង្ហោះលើបណ្តាញសង្គម ប្រាប់ពីគ្រប់សកម្មភាពរបស់អ្នក

រឿងនេះក៏គួរតែប្រុងប្រយ័ត្នខ្លាំងបំផុតដែរ ជាពិសេសយុវតីមួយចំនួនចូលចិត្តបង្ហោះជារូបភាព ឬក៏ Status បញ្ជាក់ថាខ្លួនកំពុងតែនៅទីកន្លែងណា ឬកំពុងតែនៅផ្ទះតែម្នាក់ឯងជាដើម ដែលនេះគឺជាសញ្ញាល្អមួយ ដែលអាចធ្វើឲ្យមនុស្សដែលកំពុងតែគិតអាក្រក់លើអ្នក មករកអ្នកហើយធ្វើអំពើមិនល្អជាដើម។

រូបតំណាង

៣. ពេលដើរលេងយប់ត្រូវចេះប្រយ័ត្នខ្លួន

មិត្តនារីមួយចំនួនមិនសូវជាចេះប្រយ័ត្នខ្លួនប៉ុន្មានឡើយ រាល់ពេលដើរលេងជួបជុំពេលរាត្រីជាមិត្តភក្តិម្តងៗ ដោយពួកគេយល់ថាមានសុវត្ថិភាព ពេលទៅជុំគ្នាបែបនេះ ដូច្នេះពួកគេចង់ផឹកច្រើនប៉ុណ្ណាក៏បាន ស្រវឹងប៉ុណ្ណាក៏មិនខ្វល់។ ប៉ុន្តែនេះជាផលអវិជ្ជមានមួយសម្រាប់នារី ទោះទៅក្លឹបកម្សាន្តជាមួយមិត្តប៉ុន្មាននាក់ក៏ដោយ ក៏អ្នកត្រូវតែមានកម្រិតសមល្មមនៃការផឹកសម្រាប់ខ្លួនឯងដែរ អ្នកត្រូវតែមានសតិគ្រប់គ្រាន់ល្មម នឹងអាចដឹងរឿងគ្រប់រឿង និងអាចត្រឡប់មកផ្ទះវិញបានដោយមានសតិគ្រប់គ្រាន់។

៤. ត្រូវចេះអង្កេតឆ្វេងស្តាំ

ពេលខ្លះអ្នកក៏គួរតែចេះអង្កេតមើលជុំវិញខ្លួនឯងផងដែរ ជាពិសេសគឺទៅកន្លែងប្លែកៗ ឬកន្លែងស្ងាត់ៗ បើមានការសង្ស័យ ឬមានអារម្មណ៍ថាដូចជាមិនស្រួលក្នុងស្ថានភាពណាមួយ អ្នកគួរតែរត់គេចចេញពីកន្លែងនោះ ទៅរកកន្លែងដែលមានសុវត្ថិភាព ដូចជាទីប្រជុំជន ឬកន្លែងដែលមានមនុស្សច្រើនជាដើម។

៥. ចេះក្បាច់ការពារខ្លួនខ្លះៗ

មិនមែនមានតែបុរសនោះទេ ដែលអាចរៀនក្បាច់គុណ ឬក្បាច់ការពារខ្លួនបាន នារីក៏អាចរៀនវិជ្ជាទាំងនេះបានដែរ វាគឺជាយុទ្ធសាស្ត្រដ៏ល្អសម្រាប់នារីៗ ដែលពួកគេអាចរៀនចេះវិធីការពារខ្លួន ពីមនុស្សអាក្រក់ ឬបិសាចតណ្ហាដែលចង់មកបៀតបៀនពួកគេបាន។ មិនតែប៉ុណ្ណោះ ការចេះក្បាច់គុណនេះ ក៏អាចឲ្យពួកគេមានភាពរហ័សរហួន ក្នុងការតបតនិងរត់គេចពីជនអាក្រក់អស់ទាំងនេះផងដែរ៕  

រូបតំណាង
រូបតំណាង

ប្រភព៖ Rainn | Childmind | Thehopeline | Wikihow

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]