ឪឡឹកជាផ្លែឈើសំបូរជាតិទឹកយ៉ាងច្រើន និងជួយបំបាត់ភាពស្រេកទឹកយ៉ាងលឿននិងមានប្រសិទ្ធភាព។  រុក្ខជាតិនេះបើទោះបីសំបូរគ្រាប់ច្រើនមែន តែងាយហូបសម្រាប់ជាបង្អែមលាងមាត់ក្រោយពេលបរិភោគអាហាររួច។

ឪឡឹកសំបូរសារធាតុចិញ្ចឹមជាច្រើនប្រភេទរាប់តាំងពីវីតាមីន និងសារធាតុរ៉ែជាច្រើនប្រភេទដែលខ្លួនប្រាណយើងត្រូវការរាល់ថ្ងៃមិនអាចខ្វះបាន។

ខាងក្រោមជាសារធាតុចិញ្ចឹមមួយចំនួនទទួលបានពីការបរិភោគផ្លែឪឡឹក៖

១. ប្រភពនៃសារធាតុរ៉ែសំខាន់ៗ

ផ្លែឈើមួយនេះជាប្រភពសារធាតុរ៉ែសំខាន់ៗដូចជា ប៉ូតាស្យូម និងម៉ាញេស្យូម ដែលដើរតួនាទីយ៉ាងសំខាន់ដល់ការរក្សាសម្ពាធឈាមឲ្យនៅធម្មតា  ជួយធ្វើឲ្យសរសៃឈាមមានភាពបត់បែនល្អ និងជួយកាត់បន្ថយសារធាតុកូលេស្តេរ៉ុលមិនល្អ។

វាមានសារៈសំខាន់កាត់បន្ថយហានិភ័យជំងឺទាក់ទងនឹងបេះដូង ជាពិសេសបង្ការជំងឺដាច់សរសៃឈាមបេះដូង។

សារធាតុប៉ូតាស្យូមមិនត្រឹមជួយដល់សុខភាពប្រព័ន្ធរបត់ឈាម ថែមទាំងដើរតួនាទីយ៉ាងសកម្មលាងសម្អាតសារធាតុពុល និងកំណកកំទេចកំទីនៅតាមសរសៃឈាម ដែលអាចបណ្តាលឲ្យកើតជាគ្រួសពេលច្រោះនៅតម្រងនោម។

ក្រៅពីនេះការហូបផ្លែឪឡឹកបានធ្វើឲ្យមានការនោមញឹកញាប់ដែលអាចជួយបង្កើនដំណើរការច្រោះតម្រងនោមច្រើនជាងមុន ល្អសម្រាប់សុខភាពសរីរាង្គមួយនេះ។ 

រូបតំណាង

២. ប្រភពនៃវីតាមីនA

វីតាមីន A ទទួលបានពីឪឡឹកចូលរួមចំណែកយ៉ាងសកម្មប្រឆាំងនឹងម៉ូលេគុលសេរីកកើតឡើងបណ្តាលមកពីកត្តាទាំងក្នុងនិងក្រៅ ដែលអាចធ្វើឲ្យកោសិកាស្បែករងការខូចខាតរចនាសម្ព័ន្ធទ្រង់ទ្រាយ។ ជាពិសេសវាជាសារធាតុដ៏ចាំបាច់បំផុត ដែលកោសិការេទីននៃភ្នែកត្រូវការដើម្បីដំណើរការធម្មតាក្នុងការចាប់យកពន្លឺ និងរូបភាពពីខាងក្រៅ។

វីតាមីនA មិនត្រឹមជួយបង្កើនល្បឿនផ្សះមុខរបួសស្បែកទេ ថែមទាំងជាសារធាតុទ្រទ្រង់ និងជំរុញការលូតលាស់កោសិកាស្បែកទៀតផង។ 

រូបតំណាង

៣.  ផ្តល់វីតាមីន C

វីតាមីនសេ ជាប្រភេទវីតាមីនមានសារៈសំខាន់ជាចាំបាច់សម្រាប់ការពារកោសិកាពីការខូចខាត។ វាចូលរួមចំណែករក្សាបរិមាណគ្រាប់ឈាមក្រហមឲ្យនៅថេរ ការពារពីជំងឺខ្វះជាតិដែក បន្ថយសម្ពាធឈាមមកនៅធម្មតា  ការពារយើងពីជំងឺលើសឈាម ពង្រឹងប្រព័ន្ធភាពសុំារាងកាយបានយ៉ាងល្អប្រឆាំងជំងឺផ្សេងៗ  ការពារការបាត់បង់ការចងចាំនិងសតិស្មារតី ជាពិសេសវីតាមីននេះល្អខ្លាំងសម្រាប់សុខភាពមាត់ធ្មេញដោយការពារប្រឆាំងនឹងជំងឺអញ្ចាញធ្មេញ។

រូបតំណាង

៤. ប្រភពនៃសារធាតុសរសៃ

សារធាតុសរសៃបានចូលរួមចំណែកយ៉ាងសកម្មនាំយកសារជាតិកូលេស្តេរ៉ុលជាប់តាមប្រព័ន្ធរំលាយអាហារ និងសរសៃឈាមចេញពីក្នុងខ្លួន។ វាជួយកាត់បន្ថយកូលេស្តេរ៉ុលមិនល្អ និងការសម្រកទម្ងន់ផងដែរ។

ការកាត់បន្ថយសារធាតុកូលេស្តេរ៉ុលនេះ បានដើរតួនាទីមួយដ៏សំខាន់សម្រាប់កាត់បន្ថយហានិភ័យនៃជំងឺទាក់ទងនឹងបេះដូង។

សារធាតុសរសៃ ក៏បានដើរតួនាទីយ៉ាងសំខាន់សំរាប់សុខភាពនៃប្រព័ន្ធរំលាយអាហារទៀតផង ដោយវាជួយដល់ការស្រូបយកនៃសារធាតុចិញ្ចឹមពីចំណីអាហារ សម្រួលដល់ការដឹកនាំនៃកាកសំណល់បញ្ចេញចោលទៀតផង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]