ភ្នំពេញ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានប្រកាសដំណើរការ សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ជាលើកដំបូងរបស់ខ្លួនតាមរយៈ “Wing2World”។ អ្នកប្រើកម្មវិធីស្មាតហ្វូន វីង នៅពេលនេះអាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសហ្វីលីពីន ដែលអ្នកទទួលប្រាក់ អាចទទួលប្រាក់ ពីធនាគារណាមួយ ក្នុងចំណោមសាខាទាំង ៨០ នៅទូទាំងប្រទេសហ្វីលីពីន និងផ្ទេរប្រាក់ទៅកាន់ប្រទេសវៀតណាម ដែលអ្នកទទួលប្រាក់អាចទទួលបានដោយផ្ទាល់ នៅសាខាធនាគារ Sacom ណាមួយក៏បាន ឬទទួលដោយផ្ទាល់ពីបុគ្គលិករបស់ធនាគារ។ សេចក្តីប្រកាសនេះ បានធ្វើឡើងខណៈដែល វីង បានផ្តល់សេវាទទួលប្រាក់មកពីជាង ២០០ ប្រទេសទូទាំងពិភពលោក។

ការអភិវឌ្ឍន៍នេះ គឺជាដំណឹងដ៏គួរឲ្យស្វាគមន៍មួយ ជាពិសេសសម្រាប់ជនជាតិហ្វីលីពីនរាប់ពាន់នាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ដែលនៅពេលឥឡូវនេះពួកគេអាចផ្ញើប្រាក់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេនៅប្រទេសហ្វីលីពីន តាមរយៈទូរស័ព្ទដៃជាមួយការចំណាយតិចតួច បើធៀបទៅនឹងតម្លៃសេវាកម្មរបស់ធនាគារកាលពីមុន។ មួយវិញទៀត ចំពោះម្ចាស់អាជីវកម្មជាច្រើន ដែលត្រូវធ្វើការទូទាត់ប្រាក់ទៅឱ្យដៃគូអាជីវកម្ម ឬអ្នកផ្គត់ផ្គង់របស់ពួកគេនៅក្នុងប្រទេសវៀតណាម ពួកគេក៏ទទួលបាននូវភាពងាយស្រួល និងអត្ថប្រយោជន៍ដូចគ្នានេះដែរ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានមានប្រសាសន៍ថា ជំហាននេះ គឺស្របទៅនឹងបេសកកម្មរបស់វីង ក្នុងការបង្កើតភាពងាយស្រួលមួយកម្រិតទៀត សម្រាប់អ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួន។

«យើងបានឈានមុខគេ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុចល័តនៅកម្ពុជា អស់រយៈពេល ១០ ឆ្នាំមកហើយ ហើយវាជាគោលបំណងរបស់យើងក្នុងការបន្តឈានមុនគេ ដោយយើងជាធនាគារមួយ ដែលបានត្រួសត្រាយផ្លូវក្នុងការបង្កើតសង្គមមួយ ដែលធ្វើការទូទាត់ដោយមិនប្រើសាច់ប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនៅពេលនោះ ធនាគារនឹងមានភាពងាយស្រួល មានសុវត្ថិភាព និងមានកម្រៃសេវាប្រសើរជាងមុន។ ពិភពលោកនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ Fintech បានបង្កើតឱកាសថ្មីៗជាច្រើនសម្រាប់ធនាគារចល័តជារៀងរាល់ថ្ងៃ។ យើងចង់ធានាថា លទ្ធផលដែលទទួលបានពីដាក់ឲ្យប្រើប្រាស់សេវាកម្មនេះ គឺប្រជាជនកម្ពុជាអាចប្រើប្រាស់បច្ចេកវិទ្យានេះ ហើយអាចទទួលបានគុណភាពជីវិត ដែលប្រសើរជាងមុន»។
សេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេស

លោក ចូចូ ម៉ាឡូឡូស បានបន្ថែមថា វាជាគោលបំណងរបស់ វីង ក្នុងការតភ្ជាប់ប្រទេសកម្ពុជាជាមួយប្រទេសជាច្រើនទៀត តាមដែលអាចធ្វើទៅបាន។

«ប្រសិនបើអ្នកត្រូវការផ្ញើ ឬទទួលប្រាក់ពីក្រៅប្រទេស អ្វីដែលអ្នកត្រូវការ គឺកម្មវិធីស្មាតហ្វូនវីង។ ភាពងាយស្រួលប្រើរបស់កម្មវិធីនេះ នឹងផ្តល់ឱ្យអ្នកប្រើប្រាស់របស់យើង អាចចូលទៅកាន់ Wing2World ដែលជាច្រកទៅកាន់ពិភពលោក នៃភាពងាយស្រួល។ យើងបាននឹងកំពុងផ្តល់សេវាកម្មផ្ទេរប្រាក់មកពីប្រទេសជាង ២០០ រួចទៅហើយ ហើយខ្ញុំរំពឹងថា ចំនួននេះនឹងកើនឡើងស្វ័យគុណក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ខណៈពេលដែលយើងកំពុងបង្កើនសេវាកម្មទទួលប្រាក់ពីក្រៅប្រទេស វាក៏ជាការចាំបាច់ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ លើសេវាផ្ទេរប្រាក់ទៅក្រៅប្រទេសដូចគ្នានេះដែរ ដូច្នេះខ្ញុំមានមោទនភាព ដែលឥឡូវនេះយើងបានអនុវត្តជំហានដំបូងជាមួយប្រទេសហ្វីលីពីន និងប្រទេសវៀតណាម»។

ប្រសិនបើអ្នកចង់ផ្ញើប្រាក់ ទៅប្រទេសហ្វីលីពីន និងវៀតណាម ពីប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូន វីង (WingMoney) និង Wing2World អ្នកត្រូវការគណនីស្តង់ដារបស់ វីង ដែលបានចុះបញ្ជីរួចជាមួយកម្មវិធី។ ប្រាក់ដែលត្រូវផ្ញើត្រូវបានផ្ញើជាប្រាក់ដុល្លារអាមេរិក ហើយអាចត្រូវបានទទួលបានជាប្រាក់ដុល្លារអាមេរិក ប្រសិនបើគណនីរបស់អ្នកទទួល គឺជាប្រាក់ដុល្លារអាមេរិក ឬម្យ៉ាងវិញទៀត ប្រាក់ដែលត្រូវទទួលបានជា “ប៉េសូ” ហ្វីលីពីន ឬ “ដុង” វៀតណាម។ ប្រាក់ថ្លៃបញ្ញើ មិនត្រូវបានបង់ដោយអ្នកទទួលនោះទេ ហើយភាគច្រើនប្រតិបត្តិការផ្ទេរប្រាក់នេះ អាចនឹងត្រូវបានបញ្ចប់ក្នុងរយៈពេលតែ១ថ្ងៃ។

Wing2World គឺជាសេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់ វីង ដែលផ្តល់ជូនទាំងសេវាផ្ទេរប្រាក់ និងទទួលប្រាក់ពីក្រៅប្រទេស។ វីង បានផ្ដល់លទ្ធភាពដល់អ្នកធ្វើអន្តោប្រវេសន៍រាប់ពាន់នាក់ និងអ្នកទទួលផលពីពួកគេ ក៏ដូចជាជនបរទេសជាច្រើន ដែលរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

គួររម្លឹកផងដែរថា វីង បានចាប់ផ្តើមដំណើរការ Wing2World កាលពីដើមសប្តាហ៍នេះ ដោយអនុញ្ញាតឱ្យអ្នកមានគណនីវីងទាំងអស់ អាចទទួលប្រាក់ដែលផ្ទេរពីជាង ២០០ ប្រទេស ដែលរួមមានប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន អូស្រ្តាលី សហរដ្ឋអាមេរិក បារាំង ម៉ាឡេស៊ី និងសិង្ហបុរី។ ក្រុមហ៊ុនថ្លែងថា ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម គឺជាជំហានដំបូងក្នុងការពង្រីកសេវាផ្ទេរប្រាក់ទៅក្រៅប្រទេសរបស់ខ្លួន ហើយរំពឹងថានឹងធ្វើសេចក្តីប្រកាសបន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ អំពីសេវាផ្ទេរប្រាក់ទៅកាន់ប្រទេសដទៃទៀត៕

សេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេស
សេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេស
សេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេស
សេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេស
សេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេស
សេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេស
សេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]