ចិន៖ ស្រ្តីមេផ្ទះវ័យចំណាស់ជនជាតិចិនម្នាក់ បានឆ្លងមេរោគដ៏គួរឲ្យខ្លាចមួយ ដែលបណ្តាលឲ្យសឹងតែគ្រប់ម្រាមដៃ ប្រែពណ៌ទៅជាខ្មៅដូចឆេះខ្លោច ក្រោយរងរបួស(មុតដៃ)អំឡុងពេលធ្វើការងារផ្ទះ។

ស្រ្តីមេផ្ទះរងគ្រោះខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា Zhang មានអាយុ ៥៣ឆ្នាំ រស់នៅក្នុងទីក្រុង Wuhan ភាគកណ្តាល ខេត្ត Hubei ប្រទេសចិន បានធ្វើរោគវិនិច្ឆ័យដោយរកឃើញថា កើតមានជំងឺម្យ៉ាងហៅថា «Gangrene» (ប្រភេទជំងឺដ៏សាហាវមួយបង្កទៅជាដំបៅរលួយ) ដែលបណ្តាលឲ្យម្រាមដៃចំនួន៨ របស់អ្នកស្រី (លើកលែងតែបាតដៃ) ប្រែពណ៌ទៅជាជាំខ្មៅដូចត្រីអាំងខ្លោច គួរឲ្យខ្លាច។

រូបភាព៖ ដៃរបស់អ្នកស្រី Zhang

បើយោងតាមប្រភពសារព័ត៌មាន ជុំវិញនឹងករណីនេះ ស្រ្តីរងគ្រោះខាងលើនេះ ត្រូវបានគេរាយការណ៍ថា មូលហេតុដែលបណ្តាលឲ្យម្រាមដៃរបស់អ្នកស្រី Zhang ប្រែក្លាយទៅជាដូច្នេះ ក៏ព្រោះតែនៅអំឡុងពេលធ្វើការងារផ្ទះ (ដូចជា ធ្វើម្ហូប លាងចានឆ្នាំង ជូតផ្ទះ...) ចៃដន្យអ្នកស្រីស្រាប់តែរងរបួសមុតម្រាមដៃនាងខាងឆ្វេង (ដាច់តែបន្តិច) ។

ដោយសារតែ គិតថាវាគ្រាន់តែជារឿងតូចតាច អ្នកស្រី Zhang ក៏សូវបានជាយកចិត្តទុកដាក់ ចំពោះបញ្ហានេះនោះឡើយ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ ស្រាប់តែរយៈពេល ២ថ្ងៃក្រោយមក អ្នកស្រី Zhang រន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយម្រាមដៃរបស់អ្នកស្រី មានអាការស្ពឹក ស្ងួត រមាស់ និងបានប្រែទៅខូចរូបរាង ហើម ឡើងជាំខ្មៅ ហើយវាថែមទាំងបានរាលដាលដល់ម្រាមដៃខាងស្តាំរបស់អ្នកស្រីថែមទៀត ប្រៀបបីដូចជាជំងឺឆ្លងដ៏គួរឲ្យខ្លាច។

ក្រោយលេចចេញរោគសញ្ញា ដ៏គួរឲ្យខ្លាចបែបនេះ អ្នកស្រី Zhang ក៏បានទៅមន្ទីរពេទ្យដើម្បីសុំជំនួយ ធ្វើការពិនិត្យនិងព្យាបាលផងដែរ។ បន្ទាប់ពីបានឆ្លងកាត់ការធ្វើរោគវិនិច្ឆ័យ វេជ្ជបណ្ឌិតបានអះអាងប្រាប់ថា នេះគឺជាលក្ខខណ្ឌនៃជំងឺដ៏ធ្ងន់ធ្ងរបំផុត ហៅថា «Gangrene» ដែលបណ្តាលមកពីងាប់ជាលិកាសរសៃឈាម ព្រោះតែបាត់បង់ការផ្គត់ផ្គង់ឈាមនៅតំបន់នោះ (ម្រាមដៃ) ។

បើទោះបីជាយ៉ាងណាក្តី ជំងឺនេះត្រូវបានគេដឹងថា វាក៏នឹងអាចធូរស្បើយមកវិញ ប្រសិនបើទទួលបានការព្យាបាលទាន់ពេលវេលា តាមរយៈការវះកាត់ ការប្រើប្រាស់ថ្នាំបង្រ្កាបមេរោគ (Antibiotics) និងតាមក្បួនវិជ្ជសាស្រ្តជាច្រើនផ្សេងទៀត (លើកលែងតែអ្នកដែលមានជំងឺរ៉ាំរ៉ៃ ដូចជា ទឹកនោមជាដើម ពិបាកក្នុងការព្យាបាល)។

រូបភាព៖ ដៃរបស់អ្នកស្រី Zhang

គួរឲ្យដឹងផងដែរថា Gangrene ត្រូវបានគេស្កាល់ថា ជាជំងឺដំបៅរលួយ ដោយសារតែកត្តាកង្វះ ឬបង្អាក់ការផ្គត់ផ្គង់ឈាម ឬងាប់ជាលិកា ទៅកាន់តំបន់ណាមួយនៅក្នុងរាងកាយ។ ជារឿយៗរោគសញ្ញានៃជំងឺនេះ តែងតែកើតមានឡើងនៅត្រង់តំបន់ចុងបំផុតនៃរាងកាយ ដូចជា ចុងដៃ ចុងជើង (ឬម្រាមដៃ ម្រាមជើង) ជាដើម។

ជំងឺប្រភេទនេះ វាក៏អាចបង្កការកើតមាន នៅក្នុងសាច់ដុំ និងសរីរាង្គខាងក្នុងផងដែរ។ Gangrene អាចឆ្លងតាមរយៈបាត់តេរីផ្សេងៗ ដែលយើងមើលមិនឃើញ។ ម្យ៉ាងវិញទៀត ប្រសិនអ្នកដែលកើតជំងឺទឹកនោមផ្អែម ឬលើសជាតិខ្លាំងក្នុងសរសៃឈាម ក៏ជាហានិភ័យខ្ពស់ លេចចេញនូវរោគសញ្ញាដ៏អាក្រក់ ដំបៅរលួយនេះដូចគ្នា។

យ៉ាងណាមិញ ទាក់ទិននឹងករណីរបស់អ្នកស្រី Zhang វិញ ប្រភពបានរាយការណ៍ថា បន្ទាប់ពីទទួលបានការព្យាបាលទាន់ពេល បច្ចុប្បន្នស្ថានភាពជំងឺរបស់អ្នកស្រី ក៏រាងបានធូរស្បើយជាងមុនផងដែរ។ ខណៈខាងក្រុមគ្រូពេទ្យក៏បានព្រមាន ជុំវិញនឹងរោគសញ្ញាស្រដៀងគ្នានេះ ទៅកាន់មជ្ឈដ្ឋានទូទៅ ដើម្បីឲ្យបង្កើនការប្រុងប្រយ័ត្ន ជាពិសេសនោះគឺចៀសវាងការឆ្លងមេរោគបាក់តេរី (ដូចជា ឆ្លងតាមមុខរបួស ជាដើម)។

***ប្រសិនបើអ្នកសង្ស័យថា ខ្លួនឯងមានអាការដូចខាងលើនេះ សូមប្រញាប់ទៅជួបគ្រូពេទ្យដើម្បីទទួលបានការព្យាបាលជាបន្ទាន់ បើមិនចង់ហួសពេល ៕ 

រូបភាព៖ ដៃរបស់អ្នកស្រី Zhang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]