ថ្មីៗនេះការស្រាវជ្រាវបានរកឃើញថា ការរួមបញ្ចូលថ្នាំជំងឺទឹកនោមផ្អែម ជាមួយថ្នាំជំងឺលើសឈាម អាចបញ្ឈប់ការលូតលាស់នៃកោសិកាមហារីកបាន។

Metformin ជាប្រភេទថ្នាំដែលគេប្រើប្រាស់ចំពោះអ្នកជំងឺទឹកនោមផ្អែម ដើម្បីកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ ថ្នាំនេះបានទៅភ្ញោចឲ្យកោសិកាថ្លើមបញ្ឈប់ ឬ បន្ថយការបញ្ចេញម៉ូលេគុលស្ករ និងមួយទៀតវាមានឥទ្ធិពលកាត់បន្ថយការស្រូបយកជាតិស្ករពីប្រព័ន្ធរំលាយអាហារចូលទៅក្នុងឈាម។  កត្តាទាំងពីរនេះមានឥទ្ធិពលយ៉ាងខ្លាំងលើកម្រិតជាតិស្ករក្នុងឈាម។

Metformin ក៏ត្រូវបានគេយកទៅប្រើប្រាស់ដើម្បីព្យាបាលបញ្ហាអាំងស៊ុយលីនរេស៊ីស្តង់ផងដែរ ដោយឥទ្ធិពលរបស់វា បានភ្ញោចឲ្យកោសិកាចាប់យកអរម៉ូនអាំងស៊ុយលីនខ្លាំងជាងមុន។ ហើយវាក៏ត្រូវបានប្រើប្រាស់ក្នុងការព្យាបាលជំងឺធាត់ និងសម្រកទម្ងន់ផងដែរ។

ពិសេសទៅទៀតនោះ អ្នកស្រាវជ្រាវមួយចំនួនបានឲ្យដឹងថា ថ្នាំនេះអាចប្រើប្រាស់ដើម្បីបង្កើនអត្រានៃភាពមានកូន និងធ្វើឲ្យវដ្តរដូវស្ត្រីមានភាពទៀងទាត់ជាងមុន។

ប្រហែលជា ២ឆ្នាំមុន គេបានស្រាវជ្រាវដោយប្រើប្រាស់សារធាតុនៃថ្នាំ Metformin នេះរួមបញ្ចូលជាមួយនឹងថ្នាំនៃជំងឺលើសឈាម។ ជាលទ្ធផលគេឃើញថា បន្សំនៃសារធាតុទាំងពីរនេះអាចបញ្ឈប់ការលូតលាស់នៃកោសិកាមហារីកនេះបាន។

ទើបថ្មីៗនេះការសិក្សាស្រាវជ្រាវថ្មី អាចកំណត់បាននូវមូលហេតុមេកានិចពីក្រោយឥទ្ធិពលរបស់បន្សំនៃថ្នាំនេះ។ 

កោសិកាមហារិក ធ្វើការលូតលាស់

គេបានរកឃើញថា ការបូកបញ្ចូលសារធាតុនៃថ្នាំ Metformin និងថ្នាំSyrosingopine មានឥទ្ធិពលយ៉ាងខ្លាំងទៅលើកោសិកាមហារីក ដោយវាបានកាត់ផ្តាច់ការផ្គត់ផ្គង់នៃថាមពលរបស់កោសិកាមហារីក  ហើយកោសិកាមហារីកមិនអាចលូតលាស់បានឡើយ  បើវាគ្មានការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់។ ជាលទ្ធផល កោសិកាមហារីក ក្រោមឥទ្ធិពលនៃថ្នាំទាំងនេះ បានរួមស្វិត និងឈប់លូតលាស់។

ដូច្នេះនេះជាការសិក្សាថ្មីទាក់ទងទៅនឹងការអភិវឌ្ឍន៍ថ្នាំសម្រាប់ប្រឆាំងនឹងជំងឺមហារីក ដោយគេរកឃើញថាថ្នាំ Metformin លាយជាមួយនឹងថ្នាំ Syrosingopine ដែលជាប្រភេទថ្នាំលើសឈាម អាចបញ្ឈប់ការលូតលាស់នៃកោសិកាមហារីក៕

ឥទ្ធិពលថ្នាំលើកោសិកាមហារីក មើលតាមអេឡិចត្រុងមីក្រូទស្សន៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]