សិង្ហបុរី៖ ជារឿងដ៏គួរឲ្យរំជួលចិត្តបំផុត ដែលក្រុមបុគ្គលិកពេទ្យជាច្រើន បាននាំគ្នារៀបចំធ្វើពិធីភ្ជាប់ពាក្យ ដ៏ភ្ញាក់ផ្អើលមួយ ទៅតាមសំណូមពររបស់អ្នកជំងឺប្រុសម្នាក់ ដែលកើតជំងឺមហារីកសួតដំណាក់កាលធ្ងន់ធ្ងរ ដើម្បីបំពេញបំណងចុងក្រោយរបស់គាត់។

រូបភាពនៅក្នុងថ្ងៃភ្ជាប់ពាក្យ

បុរសជាអ្នកជំងឺខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Pang Ming Kwong មានអាយុ ៥៨ឆ្នាំ បានធ្វើរោគវិនិច្ឆ័យដោយរកឃើញថា កើតមានជំងឺមហារីកសួត ដំណាក់កាលទី៤ ខណៈដែលបច្ចុប្បន្នបាននឹងកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ Mount Elizabeth Hospital ។

ស្របពេលដែលស្ថានភាពហាក់ដុនដាប គួរឲ្យព្រួយបារម្ភ អ្នកជំនួញអនឡាញ (Online Business) លោក Pang ពិតជានឹកអាណិតខ្លួនឯងជាខ្លាំង ប៉ុន្តែអ្វីដែលលោកចង់បានដើម្បីបំពេញបំណងចុងក្រោយ ទោះស្លាប់ក៏បិទភ្នែកជិតនោះ គឺលោក Pang ចង់សុំមិត្តស្រីដែលស្រលាញ់គ្នារាប់ឆ្នាំ ភ្ជាប់ពាក្យ គឺអ្នកស្រី Koh Soh Kuan អាយុ៤៩ឆ្នាំ ដែលមានតួនាទីជានាយកប្រតិបត្តិនៅក្រុមហ៊ុនធានារ៉ាប់រងមួយ ដោយលោក Pang បានស្នើសុំឲ្យក្រុមគ្រូពេទ្យជួយសហការ និងធ្វើរឿងទាំងអស់នេះជូនលោក។

រហូតនៅទីបំផុត កាលពីថ្ងៃទីសៅរ៍ ទី១៥ ធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ពិធីភ្ជាប់ពាក្យដ៏ស្រស់បំព្រង លាយឡំនឹងទឹកភ្នែកនេះ ក៏ត្រូវបានធ្វើឡើងតាមផែនការ ដោយមានការចូលរួមពីសមាជិកក្រុមគ្រូពេទ្យ គ្រួសារសាច់ញាតិ និងមិត្តិភក្តិ ជាង៥០នាក់ ដើម្បីធ្វើជាសាក្សីដល់អ្នកទាំងពីរ ទាំងនៅក្នុងបន្ទប់សម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យតែម្តង។

រូបភាពនៅក្នុងថ្ងៃភ្ជាប់ពាក្យ

គួរឲ្យដឹងផងដែរថា គូស្នេហ៍វ័យចំណាស់នេះ បានមានទំនាក់ទំនងស្នេហា សឹងតែដូចប្តីប្រពន្ធ អស់រយៈពេលជាង ៨ឆ្នាំមកហើយ។

តាមសម្តីរបស់អ្នកស្រី Koh បាននិយាយរៀបរាប់ថា អ្នកស្រីក៏មិនដែលដឹងសោះឡើយថា លោក Pang មានបំណងចង់ធ្វើបែបនេះនោះឡើយ។ ប៉ុន្តែនេះក៏ជារឿងដ៏អស្ចារ្យមួយ ដែលធ្វើឲ្យអ្នកស្រីរំភើបចិត្ត សឹងតែទប់ទឹកភ្នែកមិនជាប់ផងដែរ។

«ពួកយើងជួបគ្នាសឹងតែរៀងរាល់ចុងសប្តាហ៍។ ហើយគាត់ទូរស័ព្ទមកខ្ញុំ ក៏សឹងតែរាល់ថ្ងៃដែរ និងតែងតែប្រាប់ខ្ញុំពីការងាររបស់គាត់។ ពួកយើងទាំងពីរ គឺពិតជារវល់ជាមួយនឹងការងារខ្លាំងណាស់ ប៉ុន្តែទោះយ៉ាងណាក្តី គាត់ក៏នៅតែងតែព្យាយាមទាក់ទងមកខ្ញុំ និងនិយាយពីរឿងលុយកាក់ដែលគាត់មាន និងការចំណាយផ្សេងៗរវាងពួកយើងទាំងពីរផងដែរ» អ្នកស្រី Koh និយាយ។

អស់រយៈពេលជាង ២ឆ្នាំមកហើយ ដែលលោក Pang បានធ្វើរោគវិនិច្ឆ័យរកឃើញថា កើតមានជំងឺមហារីកសួត។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី វាក៏មិនមែនជាបញ្ហា ដែលធ្វើឲ្យទំនាក់ទំនងស្នេហារវាងអ្នកទាំពីរ ត្រូវដកឃ្លាពីគ្នានោះឡើយ។ ផ្ទុយទៅវិញ គូស្នេហ៍នេះនៅតែស្អិតរមួតជាមួយគ្នា និងបន្តការណាត់ជួប ដូចជាញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នាជាញឹកញាប់ តាមតែអ្វីដែលអ្នកទាំងពីរអាចធ្វើបានផងដែរ។

រូបភាពនៅក្នុងថ្ងៃភ្ជាប់ពាក្យ

អ្នកស្រី Koh បានឲ្យដឹងទៀតថា លោក Pang គឺជាមនុស្សដែលមានសុទិដ្ឋិនិយម រឹងប៉ឹង និងព្យាយាមជម្នះនូវជំងឺក៏កាចសាហាវមួយនេះ រហូតមានពេលខ្លះលោកក៏បានសួរមិត្តភក្តិរបស់លោក ដើម្បីឲ្យពួកគេជួយផ្តល់ដំបូន្មានល្អៗមកកាន់លោកផងដែរ។ ស្ថានភាពរបស់លោក Pang ទើបតែធ្ងន់ធ្ងរខ្លាំង នៅរយៈពេលចុងក្រោយនេះតែប៉ុណ្ណោះ។

ងាកមកស្តាប់សម្តីខាងក្រុមគ្រូពេទ្យ ក៏បានលើកឡើងដែរថា លោក Pang គឺជាមនុស្សដែលល្អ និងមានទឹកចិត្តបំផុត ហើយសូម្បីតែក្រុមគ្រូពេទ្យ ឬជំនួយការពេទ្យនៅទីនេះ គ្រប់គ្នាក៏ស្រលាញ់ និងយកចិត្តទុកដាក់មើលថែទាំលោកផងដែរ។ ក្រុមគ្រូពេទ្យទាំងអស់ ពិតជាសប្បាយចិត្តណាស់ នៅពេលដែលដឹងថា លោក Pang មានបំណងចង់ធ្វើពិធីភ្ជាប់ពាក្យដ៏ពិសេស នៅក្នុងមន្ទីរពេទ្យបែបនេះ។

ជាចុងក្រោយអ្នកស្រី Koh បាននិយាយថា «អ្វីដែលខ្ញុំអាចធ្វើបាន គឺចំណាយពេលវេលានៅជាមួយគាត់ និងធ្វើឲ្យគាត់មានអារម្មណ៍ថាល្អប្រសើរ និងមានភាពកក់ក្តៅ» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ