ភ្នំពេញ៖ Grab ដែលជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញ ទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍ នៅថ្ងៃនេះបានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពង្រឹងផ្សព្វផ្សាយ និងអភិវឌ្ឍភាពជាដៃគូ ដែលមានស្រាប់ក្នុងការគាំទ្រដល់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងប្រទេសកម្ពុជា។ Grab ក៏បានបញ្ចេញផលិតផល “ផែនទីចង្អុលផ្លូវបច្ចេកវិទ្យាសុវត្ថិភាពប្រចាំថ្ងៃ” ដែលមានបំណងលើកកម្ពស់បទដ្ឋានសុវត្ថិភាពចរាចរណ៍ សម្រាប់ឧស្សាហកម្មដឹកជញ្ជូននេះផងដែរ។

Grab នឹងប្រើប្រាស់កម្មវិធី “ផែនទីចង្អុលផ្លូវបច្ចេកវិទ្យាសុវត្ថិភាពប្រចាំថ្ងៃ” របស់ខ្លួនដែលបានអនុវត្តនៅថ្នាក់តំបន់ ដែលរួមមានមុខងារដែលមានបំណងបង្កើនស្តង់ដារសុវត្ថិភាពចរាចរណ៍ ជួយដល់ការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រសួងក្នុងការលើកកម្ពស់ការបើកបរដោយសុវត្ថិភាព និងការប្រើប្រាស់ផ្លូវថ្នល់នៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះក៏រួមមានវិធានការ ដែលផ្ដោតជាពិសេសលើការផ្លាស់ប្ដូរទម្លាប់អ្នកប្រើប្រាស់ ដូចជាការពិនិត្យតាមដានភាពនឿយហត់របស់អ្នកបើកបរ និងរបាយការណ៍ពីចម្ងាយដើម្បីជម្រុញឲ្យមានទម្លាប់បើកបរកាន់តែមានសុវត្ថិភាពជាងមុន។ គោលដៅគឺដើម្បីជម្រុញការផ្លាស់ប្ដូរឥរិយាបថនៃការប្រើប្រាស់ ដងផ្លូវរយៈពេលវែង និងដើម្បីកាត់បន្ថយឱកាស ដែលអាចកើតមានគ្រោះថ្នាក់ចរាចរណ៍។

កម្មវិធី “ផែនទីចង្អុលផ្លូវបច្ចេកវិទ្យាសុវត្ថិភាពប្រចាំថ្ងៃ”

លោកស្រី ហេង សុធាវី ប្រធានស្ដីទីរបស់ក្រុមហ៊ុន Grab កម្ពុជា បានថ្លែងថា៖ 

“ភាគីទាំងពីរ ទាំង Grab និងក្រសួងសាធារណការ និងដឹកជញ្ជូន សុទ្ធតែមានបេសកកម្មរួម ក្នុងការធានាឲ្យបាននូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូបនៅក្នុងប្រទេសកម្ពុជា ហើយយើងមានការប្ដេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាឲ្យកាន់តែជិតស្និទ្ធដើម្បីលើកកម្ពស់សុវត្ថិភាពនៃការដឹកជញ្ជូន។ ដូច្នេះហើយ ទើបបានជាយើងតែងយល់ថា យើងមានទំនួលខុសត្រូវក្នុងការវិនិយោគលើកម្មវិធី និងគំនិតផ្ដួចផ្ដើមផ្នែកសុវត្ថិភាពថ្មីៗ។ នៅថ្ងៃនេះយើង បានធ្វើដំណើរមួយជំហានទៀត តាមរយៈការពង្រឹងការគាំទ្ររបស់យើងដល់យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលនឹងជម្រុញឲ្យមានការយល់ដឹងកាន់តែខ្លាំងឡើងអំពីសុវត្ថិភាពចរាចរណ៍ និងច្បាប់ចរាចរណ៍ ក្នុងចំណោមមនុស្សនៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាជម្រុញឥរិយាបថបើកបរមានសុវត្ថិភាពជាងមុន ដើម្បីធានាដល់សុវត្ថិភាពសម្រាប់ទាំងអ្នកបើកបរ និងអ្នកធ្វើដំណើរ។ យើងសូមថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ការគាំទ្រ និងផ្ដល់ឱកាសឲ្យយើង ខ្ញុំបានសហការជាមួយ”។

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Grab កំពុងសហការជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីរៀបចំនូវសិក្ខាសាលាបណ្ដុះបណ្ដាលពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាបន្តបន្ទាប់ សម្រាប់ដៃគូជាអ្នកបើកបរ ទុក-ទុក ឲ្យក្រុមហ៊ុន Grab នៅឯអគ្គនាយកដ្ឋានសាធារណការ និងដឹកជញ្ជូន។ សិក្ខាសាលាបណ្ដុះបណ្ដាលទាំងនេះផ្ដោតលើមូលដ្ឋានគ្រឹះនៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងឆ្លុះបញ្ចាំងឲ្យឃើញពីឧត្តមានុវត្តន៍នានា ដែលមានបំណងបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ គ្រប់វគ្គបណ្ដុះបណ្ដាលទាំងអស់ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Grab ហើយត្រូវបានរៀបចំឡើងដោយឥតគិត ថ្លៃសម្រាប់ដៃគូជាអ្នកបើកបរឲ្យក្រុមហ៊ុន Grab

បន្ថែមលើនេះ Grab ក៏បានផ្ដល់មួកសុវត្ថិភាព និងសន្លឹកស្ទីកគ័រដល់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ សន្លឹកស្ទីកគ័រចំណាំងផ្លាត ដែលមានពាក្យស្លោករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន នឹងត្រូវបានបិទនៅលើរ៉ឺម៉កទុក-ទុក ដើម្បីបង្កើនការមើលឃើញនៅពេលយប់។ បន្ថែមលើនេះ Grab និងក្រសួងសាធារណការនឹងរៀបចំក្បួនដង្ហែទុក-ទុក ជាប្រចាំខែ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ សាធារណជនអំពីសុវត្ថិភាពចរាចរណ៍។

ការចាប់ដៃគូជាមួយនឹងរដ្ឋាភិបាលនានា ដើម្បីគាំទ្រដល់បញ្ហាអាទិភាពផ្នែកសុវត្ថិភាពចរាចរណ៍

ក្រៅពីប្រទេសកម្ពុជា ក្រុមហ៊ុន Grab ក៏បានសហការជាដៃគូជាមួយនឹងភ្នាក់ងាររដ្ឋាភិបាល ទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីអភិវឌ្ឍនូវគំនិតផ្ដួចផ្ដើមឲ្យត្រូវនឹងស្ថានភាពក្នុងស្រុក ហើយជួយដោះស្រាយក្ដីបារម្ភធំផ្នែកសុវត្ថិភាពចរាចរណ៍របស់ពួកគេ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អត្រាមរណៈដោយសារគ្រោះថ្នាក់ចរាចរណ៍មានកម្រិតខ្ពស់រហូតដល់ទៅ ២៥% នៃអត្រាមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងសកលលោក ហើយវិស័យសាធារណៈ និងឯកជនតាមរយៈការធ្វើការជាមួយគ្នា អាចជម្រុញការងារឲ្យបានកាន់តែច្រើន និងចូលរួមធ្វើការជាមួយនឹងប្រជាជនឲ្យបានកាន់តែច្រើនជាងមុន។

អ្នកនាង Tan Hooi Ling សហស្ថាបនិករបស់ក្រុមហ៊ុន Grab បានថ្លែងថា៖

“យើងមានការ ប្ដេជ្ញាចិត្តក្នុងការធ្វើការជាមួយនឹងរដ្ឋាភិបាលនានានៅគ្រប់ប្រទេសទាំងអស់ ដែលមានវត្តមានរបស់ក្រុមហ៊ុន យើងខ្ញុំ ដើម្បីគាំទ្រដល់រដ្ឋាភិបាលនៅក្នុងការងារអាទិភាពផ្នែកសុវត្ថិភាពចរាចរណ៍។ ខ្ញុំមានសេចក្តីសោមនស្ស រីករាយ ហើយហ៊ាននិយាយថា យើងបានជួយលើកកម្ពស់ស្តង់ដារសុវត្ថិភាពមួយកម្រិតបន្ថែមទៀតដល់ ឧស្សាហកម្មដឹកជញ្ជូនជារួមនៅក្នុងតំបន់។ គោលដៅរបស់យើង គឺកាត់បន្ថយចំនួនគ្រោះថ្នាក់ឲ្យមកនៅសល់ សូន្យ ចំពោះឧប្បត្តិហេតុទាំងឡាយណាដែលអាចទប់ស្កាត់បាន ហើយប្រឹងធ្វើយ៉ាងណា កាត់បន្ថយចំនួនគ្រោះ ថ្នាក់ចរាចរណ៍ទៅតាមលទ្ធភាពដែលអាចធ្វើបាន”។

ផែនទីចង្អុលផ្លូវបច្ចេកវិទ្យាសុវត្ថិភាពប្រចាំថ្ងៃ៖

មុខងារនៅក្នុងផែនទីចង្អុលផ្លូវនោះ ត្រូវបានណែនាំដោយគោលការណ៍សុវត្ថិភាពចំនួនបួន៖

១. ដឹងថាតើអ្នកជិះជាមួយនរណា៖ តម្លាភាព និងសុវត្ថិភាពផ្លូវចិត្តជាងមុនសម្រាប់អ្នកធ្វើដំណើរ តាមរយៈការពិនិត្យបញ្ជាក់រូបថត selfie របស់អ្នកបើកបរ បន្ថែមលើការពិនិត្យប្រវត្តិយ៉ាងតឹងរ៉ឹងរបស់ Grab ដើម្បីធានាឲ្យបាននូវគុណភាពរបស់អ្នកបើកបរ
២. អាចទទួលបានជំនួយពេលដែលអ្នកត្រូវការ៖ ចែករំលែកការធ្វើដំណើរ ហើយនឹង ប៊ូតុងជំនួយបន្ទាន់ ដែលមាននៅក្នុងកម្មវិធីរបស់អ្នកធ្វើដំណើរ នឹងត្រូវបន្ថែមទៅកាន់កម្មវិធីរបស់អ្នកបើកបរ ដែលអាចឲ្យពួកគេចែករំលែកទីតាំងជាក់លាក់ជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ។
៣. កសាងទម្លាប់ថ្មី និងមានសុវត្ថិភាពជាងមុន៖ ឧបករណ៍វិភាគរបស់ Grab អនុញ្ញាតឲ្យកម្មវិធីរបស់ខ្លួនជួយដល់អ្នកបើកបរបានស្វែងយល់ពីរបៀបដែលពួកគេបើកបរ និងចំណុចដែលពួកគេអាចកែលម្អ ប្រព័ន្ធតាមដានភាពនឿយហត់របស់អ្នកបើកបរ នឹងបញ្ជូនសាររំឭក ដោយផ្អែកលើរយៈពេលដល់អ្នកបើកបរមានសកម្មភាពបើកបរ ដោយពុំបានសម្រាកនៅចន្លោះពេលធ្វើដំណើរ។ Grab ក៏បានចាប់ផ្ដើម ដាក់ចេញមុខងារបញ្ជូនព័ត៌មានពីចម្ងាយ (Telematics) នៅក្នុងប្រទេសកម្ពុជាផងដែរ។ អ្នកបើកបរនឹងទទួលបានរបាយការណ៍ពីចម្ងាយជាប្រចាំស្ដីពីលំអាននៃការបើកបររបស់ខ្លួនដូចជា ការបើកបរលើសល្បឿន ការបន្ថែមល្បឿន និងការជាន់ហ្វ្រាំងដោយបង្ខំ ដោយក្នុងនោះមានប៉ារ៉ាម៉ែត្រជាច្រើនទៀត នឹងត្រូវបន្ថែមលើកម្មវិធីនេះជាបន្តបន្ទាប់។ ចាប់តាំងពីការដាក់ឲ្យដំណើរការនូវមុខងារបញ្ជូនព័ត៌មានពីចម្ងាយនេះនៅក្នុងតំបន់មកករណីបើកបើកបរលើសល្បឿនមានការធ្លាក់ចុះ ៥០% ហើយការជាន់ហ្វ្រាំងទាំងបង្ខំ និងការជាន់ឈ្នាន់ល្បឿនទាំងបង្ខំភ្លាមៗបានធ្លាក់ចុះ ២០% ដែលទាំងនេះសុទ្ធតែជាបុព្វហេតុសក្ដានុពល ដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។
៤. ទទួលបានការការពារនៅគ្រប់ចំណុចទាំងអស់៖ មុខងារសុវត្ថិភាពនៅលើកម្មវិធី Grab មានភាពទូលំទូលាយ ដែលមានមុខងារតាមដានការឆបោក យន្តការប្រតិបត្តិការសាច់ប្រាក់ដែលមានសុវត្ថិភាព និងការការពារទិន្នន័យនានា។

កម្មវិធី “សុវត្ថិភាពប្រចាំថ្ងៃ” របស់ Grab គឺជាយុទ្ធនាការថ្នាក់តំបន់ ដែលមានបំណងជំរុញគំនិតផ្ដួចផ្ដើមផ្នែកសុវត្ថិភាពចរាចរណ៍ក្នុងស្រុកក្នុងចំណោមប្រទេសទាំង ៨ ដែល Grab បាននឹងកំពុងធ្វើប្រតិបត្តិការ។ ព័ត៌មានបន្ថែមអំពីការប្ដេជ្ញាចិត្ត និងគោលដៅរបស់ក្រុមហ៊ុន Grab ក្រោមផែនទីចង្អុលផ្លូវបច្ចេកវិទ្យាសុវត្ថិភាពប្រចាំថ្ងៃ សូមចូលទៅកាន់៖ www.grab.com/kh/safety ៕

Grab ចាប់ដៃគូជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននៅកម្ពុជា និងភ្នាក់ងាររដ្ឋាភិបាល ក៏ដូចជាក្រសួងនានាទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជួយដោះស្រាយក្ដីកង្វល់ធំៗទាក់ទងនឹងសុវត្ថិភាពនៃការដឹកជញ្ជូននៅក្នុងប្រទេសនីមួយៗ
● ផែនទីចង្អុលផ្លូវបច្ចេកវិទ្យាសុវត្ថិភាពប្រចាំថ្ងៃ រាប់បញ្ចូលទាំងការពង្រឹងការកែលម្អផលិតផល ដែលមានបំណងលុបបំបាត់ឧប្បត្តិវហេតុដែលអាចបង្ការបាន ជំរុញទម្លាប់ប្រើប្រាស់កាន់តែមានសុវត្ថិភាព ជាងមុន ហើយជំរុញឲ្យមានការផ្លាស់ប្ដូររយៈពេលវែងសម្រាប់ឥរិយាបថក្នុងការប្រើប្រាស់ដងផ្លូវ។
● និងបង្កើនការវិនិយោគលើវិធានការសុវត្ថិភាពទូទាំងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ ២០១៩ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]