ខេត្តកំពង់ស្ពឺ ៖ សម្លៀក​បំពាក់​មួយ​ចំនួន និង​លុយ​១០០​ដុល្លារ​ដែល​ខំ​សន្សំ​សម្រាប់​ដោះស្រាយ​ជីវភាព ព្រមទាំង​សម្ភារ​មួយ​ចំនួន​របស់​លោកយាយ​ជរា ត្រូវ​ចៅ​ដុត​បំផ្លាញ​គ្មាន​សល់ ព្រោះតែ​ខឹង​លោកយាយ​​​និយាយ​រឿង​មិន​ខំ​រក​ការងារ​ធ្វើ ហេតុ​ការណ៍​នេះ​​​កើតឡើង​កាលពី​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​មហា​លំពាំង​ទី​២ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​បាន​ឃាត់​ចៅ​លោកយាយ​ឈ្មោះ ឈួ​ន វាសនា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់​នៅ​ភូមិ​-​ឃុំ​ខាងលើ ពាក់ព័ន្ធ​ករណី​ហិង្សា​ក្នុង​គ្រួសារ ចំណែក​លោក​យាយ​​ឈ្មោះ ហង្ស ម៉ិ​ន អាយុ​៧៧​ឆ្នាំ ។ ជនសង្ស័យ​នេះ​ត្រូវ​ឃាត់ខ្លួន​តាម​ពាក្យ​​បណ្តឹង​របស់​លោកយាយ​ដែល​ដាក់​ពាក្យបណ្ដឹង​ទៅ​លើ​ចៅ​របស់​ខ្លួន​ដើម្បី​ឱ្យ​ចាត់ការ​តាម​នីតិវិធី​។

លោកយាយ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ ចៅ​បាន​មក​សុំ​លុយ​យក​ទៅ​ដើរ​លេង តែ​លោកយាយ​ប្រាប់​ថា គ្មាន​លុយ​នោះ​ទេ យាយ​ចាស់​ហើយ​មិនដឹង​ទៅ​ធ្វើការ​អី​បាន​លុយ​មក​ឱ្យ​ចៅ​សម្រាប់​ចាយ​នោះ​ឡើយ​។ ចៅ​នៅ​ក្មេង ​កម្លាំង​មាំមួន គួរ​ណាស់​រក​ការងារ​ធ្វើ​កុំ​ចាំតែ​សុំ​លុយ​យាយ ព្រោះ​យាយ​ចាស់​ហើយ និយាយ​ចប់​ស្រាប់តែ​ចៅ​ស្ទុះ​ប្រមូល​អី​វាន់​ក្នុងផ្ទះ​មក​ដុត​កម្ទេច​ចោល​គ្មាន​សល់ សូ​ម្បី​តែ​គាត់​ចាស់​ហើយ​ក៏ត្រូវ​​ចៅ​នេះ​វាយដំ​គាត់​ដែរ​។

សមត្ថ​កិ​ច​បញ្ជាក់​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ដុត​បំផ្លាញ​សម្ភារ​ខូចខាត​រួម​មាន កន្ទេល​ចំនួន​៥ ពូក​ចំនួន​១ លុយ​100​ដុល្លារ និង​សម្លៀក​បំពាក់​មួយ​ចំនួន​ទៀត ។ ករណី​ខាងលើ​នេះ ក្រោយ​ពី​ឃាត់ខ្លួន​ធ្វើ​ការ​​សាកសួរ ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ដុត​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ខាង​លើ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នី​វិធី ។

លោកយាយ​ជរា​បាន​អំពាវនាវ​ដល់​សប្បុរសជន សូម​មេត្តា​ជួយ​ដល់​គាត់​ផង ព្រោះ​ពេល​នេះ គាត់​គ្មាន​មុង​ ភួយ កន្ទេល ខ្នើយ​សម្រាប់​ប្រើប្រាស់​នោះ​ទេ ជា​ពិ​សេស​លុយ​១០០​ដុល្លារ​ដែល​គាត់​សន្សំ​ជា​យូរ​មក​ហើយ​​ក៏​ត្រូវ​​ឆេះ​គ្មាន​សល់​ដែរ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]