អាហ្សង់ទីន៖ ក្បួននៃពិធីដង្ហែសពមួយត្រូវបានបង្អាក់ ក្រោយបងប្អូនសាច់ញាតិ បានឮសំឡេងចម្លែក នៃសាកសពអ្នកស្លាប់តម្អូញយំចេញពីមឈូស បង្កឲ្យមានការភ្ញាក់ផ្អើល រហូតសម្រេចដឹកយកទៅមន្ទីរពេទ្យវិញដើម្បីធ្វើការពិនិត្យ។

រូបភាពក្នុងថ្ងៃកើតហេតុ

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃសុក្រ ទី១៤ ធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ បានឲ្យដឹងថា សាកសពអ្នកស្លាប់មិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ គឺជាស្រ្តីជនជាតិអាហ្សង់ទីនម្នាក់ ដែលមានវ័យ៦៥ឆ្នាំ បានស្លាប់កាលពីថ្ងៃពុធ សប្តាហ៍មុននេះ ក្នុងទីក្រុង Buenos Aires (ប្រភពមិនបានបញ្ជាក់ថាស្លាប់ដោយសារអ្វីនោះទេ) ។

ក្រោយមកសាកសពរបស់ស្រ្តីខាងលើនេះ ក៏ត្រូវបានក្រុមគ្រួសារនិងសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណី។ ប៉ុន្តែអ្វីដែលចម្លែក និងភ្ញាក់ផ្អើលនោះ ខណៈពេលក្នុងក្បួនដង្ហែសាកសពយកទៅបញ្ចុះ ស្រាប់តែសមាជិកក្រុមគ្រួសារនៃសព និងអ្នកបើកឡាន បានឮសូរសំឡេងហាក់តម្អូញយំល្វើយៗ និងក្ដុងក្ដាំងចេញពីមឈូស យ៉ាងចម្លែកតែម្តង។

រូបភាពក្នុងថ្ងៃកើតហេតុ

ដោយមិនអស់ចិត្ត ក្រោយមានរឿងហាក់ចម្លែកបែបនេះ ទាំងចង់ព្រឺក្បាលផងនោះ សាច់ញាតិនៃសពក៏បានប្រាប់ឲ្យតៃកុង និងខាងក្រុមរៀបចំបុណ្យសព ដឹកមឈូសផ្ទុកសពនោះ យកទៅមន្ទីរពេទ្យ Hospital Blas L. Dubarry ដែលនៅក្បែរនោះ ដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើការពិនិត្យមើលជាថ្មី។

នៅក្នុងថ្ងៃកើតហេតុដដែលនោះ ក្រោយធ្វើការពិនិត្យពិច័យរួចរាល់ ក្រុមគ្រូពេទ្យជំនាញក៏បានប្រកាសអះអាងថា សាកសពរបស់ស្រ្តីរូបនេះ គឺពិតជាបានស្លាប់យ៉ាងពិតប្រាកដ យ៉ាងហោចណាស់រយៈពេលជាង ២៤ម៉ោងមកហើយ។

រូបភាពក្នុងថ្ងៃកើតហេតុ

យ៉ាងណាមិញ ជុំវិញនឹងករណីខាងលើនេះ វាត្រូវបានគេជឿជាក់ថា គឺជាកំហុសឆ្គងរបស់ក្រុមការងាររៀបចំសព ចំពោះការទុកដាក់សាកសពពុំបានត្រឹមត្រូវ (ឧទា៖ សាកសពបិទមាត់មិនជិត អាចបង្កើតបានជាសំឡេងខ្យល់ចេញចូលណាមួយជាដើម) ឬសាកសពត្រូវសរសៃទាញ ដែលអាចធ្វើឲ្យប៉ះទង្គិចនឹងក្តារមឈូស បង្កបានជាសំឡេងរំខានទាំងអស់នោះកើតមានក៏ថាបាន។

គួរឲ្យដឹងផងដែរថា ក្រោយកើតហេតុ សាកសពខាងលើនេះ ក៏ត្រូវបានក្រុមគ្រួសារសាច់ញាតិ បន្តយកទៅធ្វើបុណ្យតាមប្រពៃណីវិញផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]