(​ព្រះសីហនុ)៖ កម្លាំងចម្រុះដែលមានសមត្ថកិច្ច​លើផ្ទៃសមុទ្រ បានចេញអន្តរាគមន៍ជួយសង្គ្រោះជនជាតិចិត្តម្នាក់ ឱ្យរួចជីវិតមកវិញ ក្រោយបាត់ខ្លួនអស់ជិតមួយថ្ងៃមួយយប់​ ក្នុងពេលដែលខ្លួនជិះម៉ូតូទឹកលេងលើផ្ទៃសមុទ្រនៅជុំវិញកោះត្រេះ​ ស្ថិតក្នុងខេត្តព្រះសីហនុ។

លោក​ឧត្តម​សេនីយ៍ត្រី ​ណុប​ បញ្ញា ស្នងការ​រង​ទទួល​ការងារ​ទេសចរណ៍​ និង​ចរាចរណ៍​ផ្លូវ​ទឹក​ បាន​ឲ្យ​ដឹង​តាមរយៈអង្គភាពព័ត៌មាន Fresh News ថា នានៅវេលាម៉ោង១៧៖០០នាទី​ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ជនជាតិចិន​មាន​គ្នា​៦នាក់​ បាន​ជួល​ម៉ូតូទឹក​៣គ្រឿង​ របស់ម្ចាស់ឈ្មោះ អ៊ុន សៀប ដែលមានទីតាំងនៅមុខតូប៩៩១​ នាំគ្នាជិះលេងកម្សាន្តផ្លាស់ប្តូរគ្នា​ម្តង​ម្នាក់​ៗ​ បានរយៈពេល១៥នាទី​ ក៏នាំគ្នាជិះម៉ូតូទាំង៣គ្រឿង​ ទៅលេងជុំវិញកោះត្រេះ​ ប៉ុន្តែ​មាន​បុរស​ម្នាក់​មិន​ទាន់​ត្រឡប់​មកវិញ​ទេ​ នៅ​បន្ត​ជិះ​១ជុំទៀត​ រហូតដល់ម៉ោង ១៧​៖៣០​នាទី​ មិនឃើញ​ត្រឡប់​មកវិញ​ ទើបមានការឆោឡោ។

លោក​ឧត្តម​សេនីយ៍​ត្រី​ ណុប​ បញ្ញា បានបញ្ជាក់ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ លោក​ឧត្តម​សេនីយ៍​ទោ​ ជួន​ ណារិន្ទ ស្នងការនគរបាលខេត្ត​ បាន​បញ្ជា​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​លើផ្ទៃសមុទ្រ​ សហការ​គ្នា​ចេញ​ល្បាត​រក​ជន​រង​គ្រោះ​ជា​បន្ទាន់​។

លោក​ ណុប​ បញ្ញា​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹក ​និង​ទេសចរណ៍​ ប្រើប្រាស់​អូរ​ប័រចំនួន​២គ្រឿង​ ចេញ​ល្បាត​លើ​ផ្ទៃសមុទ្រ​ និង​ម៉ូតូ​ទឹក​ចំនួន៩គ្រឿង (របស់ម្ចាស់ម៉ូតូទឹក) និងអូប័រចំនួន១គ្រឿង​ ព្រម​ទាំង​បានទំនាក់ទំនងផ្តល់ព័ត៌មានទៅ​អង្គភាពព្រំដែនទឹក​ និងអង្គភាពសន្តិសុខលំហសមុទ្រ ដើម្បីជួយស្វែងរក។ ប៉ុន្តែ​យប់​ងងឹត​ មិន​អាច​រក​ឃើញ​ភ្លាម​ៗ​ឡើយ​ លុះ​ភ្លឺ​ឡើង​ទើប​រក​ជន​រង​គ្រោះ ​និង​ម៉ូតូ​ទឹក​ដែល​រសាត់​អណ្តែត​នៅ​ខាង​ត្បូង​ឆ្នេរ​សមុទ្រ​អូរ​ឈើទាល​ប្រមាណជិត​ ២​០​គីឡូម៉ែត្រ​។

ជនរងគ្រោះមានឈ្មោះ អូវ ក្វាង (RAO GUANG) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED 9714953 ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។

លោក​ ណុប​ បញ្ញា​ បានបញ្ជាក់ថា​ មូល​ហេតុ​ដែល​មិន​អាច​បើក​ម៉ូតូ​ត្រឡប់​មកវិញ​បាន​ ដោយ​សារ​ម៉ូតូ​អស់​សាំង​។ ពេល​នាំ​មក​ដល់​ដី​គោក​ ជន​រង​គ្រោះ​ មាន​សុខភាព​ហត់នឿយ​បន្តិច​ ប៉ុន្តែ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​នោះ​ទេ​៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]