រាជធានី​ភ្នំពេញ ៖ មនុស្ស​ចំនួន​៤​នាក់ ក្នុង​ម្នាក់​ត្រូវ​ស្លាប់ និង​៣​នាក់​ត្រូវ​រង​របួស រួម​ទាំង​រថយន្ត និង​ម៉ូតូ​សរុប​​​១០​គ្រឿង​ត្រូវ​ខូចខាត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្តក្រុង​របស់​រដ្ឋ​ដឹក​ភ្ញៀវ​បើក​លឿន​ជ្រុល​បុក​រះ​ជា​បន្តបន្ទាប់​ត​កន្ទុយ​គ្នា​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១ ៨​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ទល់មុខ​នឹង​រោងចក្រ «​ស៊ី​ង​ឡា​ង​ហួរ​» ក្បែរ​ស្ថានីយ​ប៊ូ​ម​ទឹក​ស្អុយ​បឹង​ទំពន់ ក្នុងភូមិ​ត្នោត​ជ្រុំ​២ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ នៅ វណ្ណ​ឌី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​17A ផ្លូវ​លេខ​33BT ភូមិ​សន្សំ​កុសល​៣ សង្កាត់​បឹង​ទំពន់​១ ខណ្ឌមានជ័យ ។ ចំណែក​បុរស​ជា​អ្នក​បើករថយន្ត​បង្ក​ឈ្មោះ ស៊ឹ​ម ណាត អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រថយន្ត​បង្ក​ជា​រថយន្តក្រុង​៣២​កៅអី​របស់​រដ្ឋ ពាក់​ស្លាក​លេខ រដ្ឋ​37 3-0009​។ ក្នុង​ហេតុការណ៍​នេះ រថយន្ត​រង​ការ​ខូចខាត​មាន​ចំនួន​៦​គ្រឿង ចំណែក​ម៉ូតូ​គឺ​រង​ការ​ខូចខាត​ចំនួន​៣​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​ម៉ាក​វេ​វ​អាល់​ហ្វា​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ស្លាប់ ។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​រថយន្ត​បង្ក​បើក​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ដោយ​មនុស្ស​មួយ​ចំនួន​ក្នុង​រថយន្ត​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​គួរសម ។ លុះ​មក​ដល់​ចំណុច​កើតហេតុ អ្នក​បើករថយន្ត​ជាន់​ហ្គែ​រ​បន្ថែម​យ៉ាង​លឿន​បើក​បុក​រះ​ពីក្រោយ​ម៉ូតូ និង​រថយន្ត​សរុប​ទាំងអស់​៩​គ្រឿង កំពុង​ជិះ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បុក​បន្តកន្ទុយ​គ្នា​ពី​ក្រោយ​​ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​មនុស្ស​៣​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ប្រភព​ដដែល​បន្ត​ថា ចំណែក​រថយន្ត និង​ម៉ូតូ​៩​គ្រឿង​ដែល​រង​គ្រោះ គឺ​ត្រូវ​រង​ការ​ខូចខាត​យ៉ាងដំណំ និង​ដួល​ពាសពេញ​នៅ​លើ​ដងផ្លូវ រីឯ​រថយន្ត​បង្ក​បើក​ទៅ​មុខ​ប្រមាណ​៥០០​ម៉ែត្រ​ទើប​ព្រម​បញ្ឈប់ ។ បន្ទាប់​ពី​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​បុរស​ជា​តៃកុង​រថយន្ត​បង្ក​បាន​ភ្លាម​ៗ​បញ្ជូន​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មូលដ្ឋាន​ដើម្បី​សាកសួរ​នាំ​បន្ថែម ។

លោក​ឃុន ឡេ​ង នាយ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពន់​ទី​២ ឱ្យ​ដឹង​ថា បន្ទាប់​ពី​សួរនាំ​រួច​មក បុរស​ជា​តៃកុង​រថយន្ត​ឆ្លើយ​ប្រាប់​ថា ខ្លួន​ជា​មនុស្ស​មាន​ជំងឺ​ភ្លឹក​ភ្លាំង​ខ្លាំង និង​ឧស្សាហ៍​ភាំង​ៗ​បាត់បង់​ម្ចាស់​ការ​ក្នុង​ខ្លួន ហើយ​នៅ​ពេល​កើតហេតុ​នោះ​បុរស​រូប​នេះ​អះអាង​ខ្លួន​ថា មិន​បានដឹង​ថា​បាន​បើក​បុក​គេឯង​ផង ទើប​ចេះ​តែ​បន្ត​ដំណើរ​ទៅ​មុខ​រហូត​ទៅ​នោះ ។

យោង​តាម​សម្តី​ព្រះសង្ឃ​មួយ​អង្គ​ដែល​គង់នៅ​ក្នុង​រថយន្ត​បង្ក​បញ្ជាក់​ថា នៅ​ពេល​រថយន្ត​បើក​បុក​គេ​ហើយ​នោះ ព្រះ​អង្គ​ក៏​ឃើញ​ដែរ តែ​គិត​ថា​តៃកុង​រថយន្ត​បានដឹង លុះ​រថយន្ត​បង្ក​ចេះ​តែ​បន្ត​ទៅ​មុខ ហើយ​បុក​គេ​ឯង​ជា​បន្តបន្ទាប់​នោះ ព្រះ​អង្គ​ក៏​ស្រវា​ដើរទៅ​កៅអី​មុខ​របស់​តៃកុង ស្រាប់តែ​ឃើញ​បុរស​ជា​តៃកុង​រថយន្ត​​មើលទៅ​ទឹកមុខ​ហាក់​គ្មាន​ព្រលឹង​ក្នុង​ខ្លួន ហើយ​អង្គុយ​ភាំង​សម្លឹង​មើលទៅ​មុខ​មិន​មាត់ករ​អ្វី​ទាំងអស់ ។ ឃើញ​ដូច​នោះ ព្រះសង្ឃ​អង្គ​នោះ ក៏​បាន​គោះ​ហៅ​តៃកុង​រថយន្ត​នោះ​ខ្លាំង​ៗ ទើប​រូបគេ​ដឹងខ្លួន ហើយ​ព្រម​ឈប់​រថយន្ត​តែ​ម្តង​ទៅ ដោយ​ឈប់​រថយន្ត​ទាំង​មិនដឹង​ថា ខ្លួនឯង​កំពុង​បើករថយន្ត​បុក​គេឯង​យ៉ាងរ​លូករ​នែ​ល​ឡើយ ។

យ៉ាងណាមិញ​ក្រោយ​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរាគមន៍​វាស់វែង​អូស​យក​ទាំង​រថយន្ត​បង្ក និង​រថយន្ត រួម​ទាំង​ម៉ូតូ​រង​គ្រោះ​ទាំងអស់ សរុប​ទាំងអស់​១០​គ្រឿង បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​សាច់​ញាតិ ឱ្យមក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​សូម​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​បាន​បង្ក​ឱ្យ​មានការ​កកកុញ​ស្ទះចរាចរណ៍​ជា​ខ្លាំង ទាំង​ការ​ធ្វើ​ដំណើរ​ទៅ និង​មក​បើ​​ទោះបីជា​មានការ​ចុះ​អន្តរាគមន៍​សម្រួល​ចរាចរណ៍​ពី​សំណាក់​កម្លាំង​អាជ្ញាធរ​ចម្រុះ​ក៏​ដោយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]